សារព័ត៌មានបរទេសបានរាយការណ៍នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ថា ក្រុមហ៊ុន AstraZeneca ដែលផលិតវ៉ាក់សាំងការពារជំងឺកូវីដលំដាប់ពិភពលោកនៅប្រទេសអង់គ្លេស បានចេញសេចក្តីប្រកាសមួយនៅដើមខែឧសភាថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ «Covishield» ដែលបានផលិតរួមជាមួយសាកលវិទ្យាល័យ Oxford មានផលប៉ះពាល់ធ្ងន់ធ្ង.រ គឺនឹងធ្វើឱ្យឈាមកក ។
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ «Covishield» មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) កាលពីខែកុម្ភៈ ឆ្នាំ២០២២ និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅប្រទេសជាង១៥០ រួមទាំងអង់គ្លេស និងឥណ្ឌាផងដែរ ។
AstraZeneca ទទួលស្គាល់ថា វ៉ាក់សាំងការពារជំងឺកូវីដប្រភេទនេះនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ ក្រោយពីមានការប្តឹងទាមទារប្រាក់ជំងឺចិត្តចំនួន១០០លានផោនសម្រាប់អ្នកស្លាប់យ៉ាងតិចចំនួន៥១នាក់ ដែលមានបញ្ហាឈាមកក ក្រោយពីពួកគេចាក់វ៉ាក់សាំង «Covishield» ។
ទោះយ៉ាងណា AstraZeneca បានបញ្ជាក់ពីសុវត្ថិភាពរបស់វ៉ាក់សាំង «Covishield» ថា បញ្ហាឈាមកកក្រោយពេលចាក់វ៉ាក់សាំងនេះ គឺជាអាការៈកម្រនឹងកើតឡើងណាស់ ហើយវាអាចកើតឡើង បើទោះជាធ្លាប់ចាក់វ៉ាក់សាំងពីមុនក្តី ។
កាលពីឆ្នាំ២០០៣ AstraZeneca បញ្ជាក់ថា បញ្ហាឈាមកកនេះអាចកើតឡើង ក្រោយពេលការចាក់វ៉ាក់សាំងទូទៅ ។ រីឯអង្គការសុខភាពពិភពលោក (WHO) ឱ្យដឹងថា ផលប៉ះពាល់នេះអាចកើតឡើងបាន ប៉ុន្តែវាកម្រកើតឡើងណាស់ ហើយរោគសញ្ញានៅពុំទាន់ច្បាស់លាស់ ៕










