ភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ សាលាដំបូងរាជធានីភ្នំពេញ បានធ្វើការបើកសវនាការ កាត់ទោសជនជាប់ចោទម្នាក់ឈ្មោះ វ៉ាន់ សុខសីហា ដែលមហាជនទូទៅភាគច្រើន បានស្គាល់ថា គ្រូអគ្គីនេត្រ ដោយកាលពីប៉ុន្មានខែមុននេះ ត្រូវបានគេចាប់ខ្លួន ពាក់ព័ន្ធនិងបញ្ហាថ្នាំញៀនផងដែរ ។

ជនជាប់ចោទខាងលើ បន្ទាប់ពីត្រូវសមត្ថកិច្ចចាប់ខ្លួន ក៏បានឆ្លើយសារភាពថា ខ្លួនធ្លាប់បានប្រកបមុខរបរជាច្រើន ហើយបានបោកប្រាស់ អ្នកដែលជឿទុកចិត្តខ្លួន ក៏ច្រើនដែរ ប៉ុន្តែនៅតែមានការខ្វះខាត រកតែលុយបង់ថ្លៃផ្ទះជួលពុំបានផង ទើបរូបគេដាច់ចិត្តបន្ថែម មុខរបរថ្មីមួយទៀត គឺលក់គ្រឿងញៀន តែមិនបានប៉ុន្មានផង ក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង ។

គួររំលឹកឡើងវិញផងដែរថា គ្រូអគ្គីនេត្រ ត្រូវបានក្រុមនាយពែកមី និងផលិតកម្មមួយ ហៅទៅថតខ្សែរភាពយន្តខ្នាតធំ ដោយធ្វើជាតួរគ្រូសិល្ប៍ ស្រាប់តែពេលថត មិនទាន់ចប់ស្រួលបួលផង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ហើយផលិតកម្មក៏បានរកតួថ្មី មកជំនួសតួគ្រូអគ្គីនេត្រតែម្តង ហើយការចាប់ខ្លួន ជនជាប់ចោទខាងលើនេះ បានធ្វើឡើងតាំងពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧មកម្ល៉េះ ពាក់ព័ន្ធនិងករណីជួញដូរ គ្រឿងញៀន។

ទោះជាយ៉ាងណា នៅមិនទាន់ដឹងថា វាសនារបស់គ្រូអគ្គីនេត្រម្នាក់នេះ ត្រូវតុលាការកាត់ទោស ដាក់ពន្ធនាគារប៉ុន្មានឆ្នាំ នៅឡើយនោះទេ៕