ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បានលែងលះជាមួយប្រពន្ធរបស់ខ្លួន អស់រយៈពេល២ឆ្នាំ បែរជានៅនឹកស្តាយស្រណោះម៉ូតូរបស់ខ្លួន ហើយត្រឡប់មក​លបលួចគាស់បន្ទប់យកម៉ូតូវិញ ក៏ត្រូវអតីតប្រពន្ធប្ដឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក។

បើតាមសម្តីអតីតប្រពន្ធរបស់ជនសង្ស័យ បានឱ្យដឹងថា តាមពិតទៅម៉ូតូ១គ្រឿងនេះ គឺពិតជាទ្រព្យរួមគ្នាមែន តែក្រោយពេលចែកផ្លូវនៅតុលាការរួចរាល់ហើយ បែរជាអតីតប្តីរបស់នាងនៅតែទាមទារយកម៉ូតូនេះទៅវិញ។ ប៉ុន្តែនាងមិនព្រមឱ្យ ទើបអតីតប្ដីរបស់នាងចូលទៅគាស់បន្ទប់របស់នាង លួចយកម៉ូតូនេះ។ ក្រៅពីគាស់់បន្ទប់លួចម៉ូតូនោះ គឺនាងបានបាត់លុយចំនួន៥០០ដុល្លារទៀតផង។ ដូច្នេះនាងត្រូវតែដាក់ពាក្យបណ្តឹង សុំឲ្យនគរបាល ចាត់វិធានការតាមផ្លូវច្បាប់។

មន្រ្ដីនគរបាលស្រុកសៀមបូក បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីលួចគាស់បន្ទប់អតីតប្រពន្ធយកម៉ូតូ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ទីន អាម៉ីន ហៅ ឈុន ឆានុន អាយុ៣៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានលំនៅក្នុងភូមិឃុំកើតេហតុខាងលើ។ រីឯស្ត្រីរងគ្រោះជាអតីតប្រពន្ធ ឈ្មោះ នូទីន ម៉ៃសុះ អាយុ៣៥ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅក្នុងភូមិជាមួយគ្នា។

មន្រ្ដីនគរបាលស្រុកសៀមបូក បានបញ្ជាក់ថា ជនសង្ស័យ និងស្ត្រីជាដើមបណ្តឹង គឺជាអតីតប្តីប្រពន្ធនឹងគ្នា ប៉ុន្តែពួកគេទាំងពីរបាន​ចែកផ្លូវគ្នាតាមផ្លូវតុលាការ ដោយបានចែកទ្រព្យសម្បត្តិរៀងៗខ្លួនរួចរាល់អស់ហើយ។ ក្រោយពេលលែងលះរួច បុរសជាប្តីបានទៅយកប្រពន្ធថ្មី។ ចំណែកស្រ្ដីជាអតីតប្រពន្ធ ក៏បានយកប្តីថ្មីទៀតដែរ។ ប៉ុន្តែបន្ទាប់ពីលែងគ្នាបានរយៈពេលពីរឆ្នាំ អតីតប្តីចេះតែទៅតាមរករឿងអតីតប្រពន្ធម្តងជាពីរដង រហូតមកដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យបានទៅគាស់បន្ទប់របស់អតីតប្រពន្ធ លួចយកម៉ូតូ១​គ្រឿងទៅបាត់ ខណៈអតីតប្រពន្ធមិននៅផ្ទះ។ ទីបំផុត អតីតប្រពន្ធបានដាក់ពាក្យប្តឹង ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនតែម្ដង។

មន្ត្រីនគរបាលស្រុកសៀមបូក បានបន្តថា បន្ទាប់ពីឃាត់ខ្លួនរួចមក ជនសង្ស័យបានឆ្លើយថា ម៉ូតូ១គ្រឿងនេះ គឺជារបស់ខ្លួនដែលបានបាត់ ក្រោយពីលែងប្រពន្ធ។ ពេលឃើញវិញ រូបគេក៏មកយកម៉ូតូនេះទៅជិះ តែពេលទៅយកម៉ូតូនោះ គ្រាន់តែខ្លួនមិនបានរាយការណ៍ប្រាប់នគរបាលតែប៉ុណ្ណោះ។ ដោយឡែករឿងថា បាត់លុយចំនួន៥០០ដុល្លារនោះ គឺគេពុំបានដឹងនោះឡើយ។

ជនសង័្សយបានបន្តថា បន្ទាប់ពីយកម៉ូតូនោះបានមក រូបគេបានបើកម៉ូតូនោះទៅទុកនៅក្នុងផ្ទះរបស់អ្នកកស្គាល់គ្នាម្នាក់ ហើយរូបគេគ្មានបំណងអាក្រក់អ្វីឡើយ គ្រាន់តែចង់បានម៉ូតូរបស់ខ្លួនវិញតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោក ដួង ស៊ីវុត្ថា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់​ថា សំណុំរឿងនេះនឹងត្រូវបញ្ជូនតទៅកាន់សាលាដំបូងខេត្ត ជាអ្នកសម្រេច។ ចំពោះការសម្រេចយ៉ាងណានោះ គឺជាសិទ្ធិរបស់តុលាការ៕