ខេត្តស្វាយរៀង៖ យុវជនម្នាក់ឃើញម្ដាយបង្កើតរបស់ខ្លួន នាំបុរសវ័យចំណាស់ម្នាក់ដែលជាប់ពាក់ព័ន្ធប្រពន្ធ និងកូន មកលេងល្បែងស្នេហា នៅក្នុងមុងជាមួយគ្នា ក៏ផ្ទុះកំហឹងយ៉ាងក្រេវក្រោធ រត់ទៅទិញសាំងយកមកចាក់ដុត បណ្ដាលឲ្យឆេះរងរបួសធ្ងន់ទាំង២នាក់ កាលពីវេលាម៉ោង៩ និង១០​នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប។

ជរងគ្រោះ ត្រូវជាម្ដាយបង្កើតរបស់ជនសង័្សយ

ប្រភពព័ត៌មានពីអ្នកភូមិ បានឲ្យដឹងថា មុនពេលកើតមានអំពើហិង្សានោះ ម្ដាយបង្កើតរបស់ជនសង័្សយ បានទាក់ទងស្នេហាជាមួយនឹង​បុរសម្នាក់ ឈ្មោះ ពេជ្រ ឆុន ។ ប៉ុន្តែដោយសារតែម្ដាយរបស់ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងបុរស មានប្រពន្ធ និងកូន នៅជាប់​ពាក់ព័ន្ធបែបនេះ ទើបធ្វើឲ្យគេខ្មាសអ្នកស្រុក ហើយនិយាយប្រាប់ម្ដាយរបស់ខ្លួន កុំឲ្យទាក់ទងនឹងបុរសនោះបន្តទៀត។

ជរងគ្រោះ ត្រូវជាប្រុសស្នេហ៍ម្ដាយបង្កើតរបស់ជនសង័្សយ

អ្នកភូមិបានបន្តទៀតថា ថ្វីបើកូនប្រុសរបស់ខ្លួនបានហាមខាត់យ៉ាងនេះក្ដី តែស្រ្ដីជាម្ដាយនៅតែបន្តទាក់ទងនឹងប្រុសស្នេហ៍របស់ខ្លួន ហើយថែមទាំង​នាំបុរសវ័យចំណាស់នោះ មកដេកនៅក្នុងមុងជាមួយគ្នា លេងល្បែងស្នេហាយ៉ាងរោលរាលបន្ថែមទៀត។ ឃើញបែបសកម្មភាពបែបនេះ កូនប្រុសបានផ្ទុះកំហឹងយ៉ាងខ្លាំង ក៏រត់ទៅទិញសាំងយកមកចាក់ដុត បណ្ដាលឲ្យពួកគេទាំង២នាក់ រងរបួសធ្ងន់ និងស្រាល។

មន្រ្ដីនគរបាលស្រុកស្វាយទាប បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងអំពើហិង្សា ចាក់សាំងដុតខាងលើនេះ ឈ្មោះ តូច សាវឿន ហៅទិត្យ អាយុ២៥ឆ្នាំ​ ត្រូវជាកូនបង្កើតរបស់អ្នកស្រី ពេជ្រ សាន់ ។ រីឯជនរងគ្រោះ នៅក្នុងហេតុការណ៍ខាងលើនេះ ទី១-ឈ្មោះ ពេជ្រ ឆុន ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរជាកសិករ (រងរបួសធ្ងន់) និងទី២-ឈ្មោះ ពេជ្រ សាន់ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរកសិករ (រងរបួសស្រាល)។ ពួកគាត់ទាំងពីរ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនសង័្សយជាប់ពាក់ព័ន្ធ នឹងករណីចាក់សាំងដុតម្ដាយបង្កើត នាំប្រុសស្នេហ៍មកដេកដល់ផ្ទះ

មន្រ្ដីនគរបាលស្រុកស្វាយទាប បានឲ្យដឹងថា បន្ទាប់ពីកើតហេតុុភ្លាម សមត្ថកិច្ចបានចុះទៅសាកសួរជនរងគ្រោះ។ នៅពេលនោះ គាត់បានឆ្លើយប្រាប់សមត្ថកិច្ចថា មួយរយៈចុងក្រោយនេះ គាត់មានទំនាក់ទំនងស្នេហាជាមួយនឹងស្រ្ដីម្នាក់ ឈ្មោះ ពេជ្រ សាន់ ហើយកូនប្រុសរបស់នាង ក៏បានហាមឃាត់។ លុះមកដល់ថ្ងៃកើតហេតុ គាត់បានទៅដេកនៅផ្ទះរបស់ស្រីស្នេហ៍ ឈ្មោះ ពេជ្រ សាន់ ស្រាប់តែកូនបង្កើតរបស់ស្រីស្នេហ៍គាត់ យកសាំងមកចាក់លើខ្លួន និងម្តាយរបស់គេ ដុត បណ្ដាលឲ្យគាត់រងរបួសធ្ងន់ និងគូស្នេហ៍របស់គាត់រងរបួសស្រាល។

ក្រោយពេលកើតហេតុ សាច់ញាតិបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះ នៅក្នុងមន្ទីពេទ្យបង្អែកស្រុកស្វាយទាប តែដោយសារស្ថានភាពរបួសរបស់ជនរងគ្រោះ ឈ្មោះ ពេជ្រ ឆុន មានសភាពធ្ងន់ពេក ទើបបញ្ជូនទៅសង្រ្គោះបន្ត នៅក្នុងមន្ទីរពេទ្យ ឯរាជធានីភ្នំពេញ។ ដោយឡែក​ជនសង័្សយ ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕