សឹងតែជាទម្លាប់ និងអាចថា ស្ទើរតែជាប្រពៃណីទៅហើយ បុគ្គលិកភាគច្រើនតែងតែប្រឈមនឹងបញ្ហាជាមួយថ្នាក់ដឹកនាំចាស់ នៅពេលដែលពួកគេបានសម្រេចដាក់ពាក្យថានឹងលាលែង ឬក៏ឈប់ រួចដូរទៅរកការងារនៅកន្លែងថ្មី ហើយកាន់តែពិបាកមើលមុខចំទៅទៀត ក្នុងករណីដែលបុគ្គលិកនោះគឺជាក្រុមការងារស្នូលរបស់ក្រុមហ៊ុន ហើយប្តូរទៅដៃគូប្រកួតប្រជែងនឹងខ្លួន ។
ការទាំងនេះនឹងមិនសំដៅទៅលើបុគ្គលដែលក្រុមហ៊ុនបញ្ឈប់ពីមុខតំណែងដោយមានកំហុសអ្វីមួយនោះទេ ។ ថ្ងៃនេះ សារព័ត៌មាន KBN NEWS សូមលើកយកនូវវិធីសាស្ត្រល្អៗយកមកអនុវត្តតាមចំណុចខាងក្រោមនេះ នៅពេលដែលអ្នកសម្រេចចិត្តថា លាឈប់ពីការងារនៅកន្លែងចាស់ ដែលអាចសម្រួល និងធានាកាត់បន្ថយកុំឱ្យមានបញ្ហាជាមួយក្រុមហ៊ុនដែលអ្នកកំពុងតែបម្រើការបច្ចុប្បន្ននេះ ។
នៅពេលដែលទទួលបាន ឬជាប់ការងារថ្មីភ្លាម បុគ្គលិកមួយចំនួនបានដាក់ពាក្យលាឈប់ពីការងារចាស់ភ្លែត ដោយពុំបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការលាឈប់ (ចង់ឈប់ ឈប់ភ្លាមតែម្តង) ពិសេសការនេះ និងពុំបានធ្វើការរបស់ខ្លួនឱ្យបានចប់សព្វគ្រប់ឡើយ ពោលគឺទុកឱ្យនៅមេម៉ាយតែម្តង ។
ជាធម្មតា ក្រុមហ៊ុនចាស់ក៏បានចំណាយពេលបណ្តុះបណ្តាលនូវជំនាញ ដែលលោកអ្នកកំពុងធ្វើនេះអស់រយៈពេលជាច្រើនខែឆ្នាំហើយដែរ ។ ប៉ុន្តែភាគច្រើនលើសលប់នៅពេលដែលបុគ្គលិកទទួលបានជំនាញពេញខ្លួនហើយ រត់ចោលក្រុមហ៊ុនបាត់ ។ ដូច្នេះ ពួកគេនឹងមានប្រវត្តិរូបការងារមិនល្អ ឬក៏ត្រូវគេចាត់ទុកថា ជាមនុស្សមិនទទួលខុសត្រូវការងារ ហើយក្រុមហ៊ុនថ្មីក៏ពុំចង់ទទួលបុគ្គលិកប្រភេទនេះមកធ្វើការទេ លុះត្រាតែមានករណីផ្សេងពីនេះ ។
ការរៀបចំត្រៀមខ្លួនមុនពេលលាឈប់ពីការងារ គឺជារឿងសំខាន់ និងចាំបាច់បំផុត ដែលយើងគួរតែបំពេញការងារឱ្យបានរួចរាល់ ដើម្បីឱ្យការលាឈប់នេះប្រព្រឹត្តទៅបានល្អ រលូនតាមការចង់បាន និងពុំបាត់បង់ ឬក៏ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ឬប្រវត្តិការងារនៅពេលក្រោយ ។
តើបុគ្គលិកគួរតែត្រៀមខ្លួនដូចម្តេចខ្លះមុនពេលសម្រេចចិត្តដាក់ពាក្យលាឈប់ពីការងារ និងកុំឱ្យមានបញ្ហាជាមួយក្រុមហ៊ុន?
១-ឈ្វេងយល់ពីលក្ខខណ្ឌការលាឈប់ ៖
គួរតែត្រួតពិនិត្យនូវកិច្ចសន្យាការងាររវាងបុគ្គលិក និងក្រុមហ៊ុន ឬគោលនយោបាយផ្សេងៗរបស់ក្រុមហ៊ុនពាក់ព័ន្ធនឹងការលាឈប់ពីការងារ ដូចជា ៖ ការជូនដំណឹងជាមុនទៅកាន់ក្រុមហ៊ុន គឺជូនដំណឹងកន្លះខែមុន ឬ១ខែមុន ឬក៏ផ្សេងពីនេះ ព្រមទាំងពិនិត្យមើលលក្ខខណ្ឌការប្រគល់សម្ភារៈការិយាល័យទៅឱ្យក្រុមហ៊ុនវិញ ជាដើម ។
២-រៀបចំឯកសារ ៖
ចូររៀបចំទុកដាក់ឯកសារពាក់ព័ន្ធផ្សេងៗនឹងការលាឈប់ពីការងារ ដូចជា ៖ លិខិតដាក់ពាក្យឈប់ ឬឯកសារពាក់ព័ន្ធនឹងការទទួលខុសត្រូវក្នុងក្រុម ហ៊ុន។ ការឈប់ធ្វើការនៅកន្លែងណាមួយ ចាំបាច់ត្រូវតែសរសេរលិខិតលាឈប់ត្រឹមត្រូវ និងចៀសវាងប្រាប់ផ្ទាល់មាត់ ។
៣-ជូនដំណឹងទៅផ្នែកគ្រប់គ្រង ឬនាយកក្រុមហ៊ុន ៖
ចូរជូនដំណឹងទៅកាន់ផ្នែកគ្រប់គ្រងបុគ្គលិក ឬក៏នាយកក្រុមហ៊ុនរបស់យើងពាក់ព័ន្ធនឹងការសម្រេចចិត្តឈប់ធ្វើការ ។ វាជាចំណុចសំខាន់ណាស់ដើម្បីឱ្យពួកគេអាចរៀបចំការងារ ឬគម្រោងការងារបន្តទៀតនៅពេលដែលអវត្តមានយើង ។
៤-បង្ហើយការងារនៅសេសសល់ឱ្យអស់ ៖
យើងត្រូវព្យាយាមបង្ហើយការងារនៅសេសសល់ឱ្យអស់មុនពេលចាកចេញពីក្រុមហ៊ុន ដើម្បីកុំឱ្យប៉ះពាល់ដល់មិត្តរួមការងារ ឬមិត្តរួមការងារត្រូវមកអង្គុយធ្វើការជំនួសយើង ដោយមិនបានដឹងរឿងផ្សេងៗ ។ បើមិនដូចនេះទេ យើងនឹងមានកេរ្តិ៍ឈ្មោះមិនល្អនៅពេលទៅធ្វើការនៅកន្លែងផ្សេង ហើយវានឹងកាន់តែពិបាកស្វែងរកការងារថ្មីនាថ្ងៃអនាគត ព្រោះបណ្តាញរបស់បុគ្គលិកនិងអ្នកគ្រប់គ្រង គឺតែមួយ ។
៥-ត្រៀមខ្លួនសម្រាប់ការងារថ្មី ៖
នៅពេលបង្ហើយការងារនៅក្រុមហ៊ុនចាស់រួចហើយ ជំហានបន្ទាប់ ចូរត្រួតពិនិត្យមើលថា តើមានឯកសារចាំបាច់ណាខ្លះសម្រាប់ការចាប់ផ្តើមបំពេញការងារថ្មី? ក្រៅពីនេះ ចូរតាំងចិត្តបំពេញការងារថ្មីឱ្យល្អបំផុត ។
សរុបមក ការអនុវត្តតាមវិធីខាងលើនឹងជួយឱ្យយើងគ្មានបញ្ហាជាមួយក្រុមហ៊ុនចាស់ពេលលាឈប់ពីការងារ ហើយយើងនៅតែបន្តរាប់អាន និងសហការជាមួយក្រុមហ៊ុនចាស់ជានិច្ច បើទោះជាបានចាកចេញក្តី ។
រាល់ចំណុចសំខាន់ៗ យើងពុំគួរនិយាយអាក្រក់ពីក្រុមហ៊ុនចាស់ទេ ព្រោះយើងធ្លាប់ជ្រកកោននៅក្រោមដំបូលមួយនេះ ហើយចូរចងចាំថា ក្រុមហ៊ុនចាស់ គឺជាគ្រូដែលបានជួយបង្ហាត់បង្រៀនយើងឱ្យមានជំនាញ ចំណេះ និងបទពិសោធន៍ល្អៗ រហូតមកដល់មានអ្នកនៅថ្ងៃនេះ ៕










