រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី៧ ឧសភា ២០១៨ នេះ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងដោយ គេឃើញមនុស្សជាច្រើន បាននាំគ្នាព្រួតវាយនារីម្នាក់ ដែលបានបន្លំលួចកាបូបលុយគេ ត្រូវម្ចាស់និងមិត្តភក្តីទាន់ ហើយបានវាយម្នាក់មួយដៃ មួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចខណ្ឌ៧មករា ដោយហេតុការណ៍នេះ បានកើតឡើង នៅចំណុចម្តុំស្តុបផ្សារអូឡាំពិក តាមបណ្តោយផ្លូវលេខ២៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវគេចាប់បាន និងវាយទ្រមខ្លួនខាងលើ មានឈ្មោះ សែម ចន្ទី ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅមិនពិតប្រាកដ ហើយគ្មានការងារធ្វើឡើយ ។ បើយោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា៖

មុនពេលកើតហេតុ ​គេបានឃើញ​ស្ត្រីសង្ស័យខាងលើ បានដើរបន្លំចូលលួចកាបូបលុយ ដល់ក្នុងផ្ទះគេ ហើយពេលដែលកំពុងធ្វើ សកម្មភាពលួចនោះ ត្រូវម្ចាស់គេទាន់ ហើយបាននាំគ្នា​ស្រែកថា​ ជួយចាប់ចោរលួច​កាបូបលុយ​។ ខណៈពេលនោះ ​ប្រជាពលរដ្ឋ​នៅក្បែរ​នោះកន្លែងកើតហេតុ គ្រាន់តែឮស្រែកថាចោរភ្លាម ក៏បាន​នាំគ្នារត់​ទៅជួយចាប់​បានភ្លាមៗ ហើយដោយទប់កំហឹងមិនបាន ក៏នាំគ្នាព្រួតវាយ ស្ត្រីជាជនសង្ស័យនោះ ម្នាក់១ដៃ១ជើង ហើយបានយកកាបូបទៅឲ្យម្ចាស់ដើមវិញ។

បន្ទាប់ពីវាយ ស្ត្រីជាជនសង្ស័យខាងលើរួច ក៏បានប្រគល់ស្ត្រីខាងលើទៅឲ្យ នគរបាលប៉ុស្តិ៍វាលវង់ នាំយកទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានគរបាល ខណ្ឌ៧មករា ដើម្បីសួរនាំចាត់ការតាមនិតិវិធីច្បាប់ ៕