ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-2976 ដឹកមនុស្សប្រុស ៧នាក់ និងស្រី ៤នាក់ ហេីយអកុសល់រថយន្តដាច់ហ្វ្រាំងរេចង្កូតបុកឃឿនសួនច្បារ ជ្រុលទៅបុកបង្គោលស្លាក និងបណ្ដាលឱ្យមានអ្នករបួសធ្ងន់ ៣នាក់ និងស្រាល ៤នាក់ ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ ដែលហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានព្រះមុនីវង្សថ្មីត្រើយខាងកេីត តាមផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចបានប្រាប់ថា មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតាកូម៉ាមួយបាំងកន្លះ ដាច់ហ្វ្រាំងជ្រុលបុកបង្គោលស្លាកមិត្តភាពកម្ពុជា~ជប៉ុន បណ្តាលឱ្យអ្នកជិះរថយន្ត ៣នាក់រងរបួសធ្ងន់ និងស្រាល ៤នាក់ដោយអ្នកបើកបរបាក់ឆ្អឹងជំនីខាងឆ្វេង ក្រោយមកក៏បានហៅរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកមានជ័យ ដឹកយកទៅមន្ទីរពេទ្យព្រះកុសមៈ ហើយបង្កការការកកស្ទះចរាចរណ៍ តាមដងផ្លូវ ដោយសារប្រជាពលរដ្ឋចោមរោមមើល ។

លោក ឯក សារ៉េន អធិការរងផ្នែកវាស់វែង ខណ្ឌច្បារអំពៅបានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីរថយន្តដាច់ហ្វ្រាំង ។ មុនកើតហេតុរថយន្តបានបើកចុះពីស្ពានព្រះមនីវង្សថ្មីក្នុងទិសដៅពីលិចមកកើត លុះពេលចុះចំណតស្ពាន ស្រាប់តែអ្នកបើកបរជាន់ហ្វ្រាំងមិនសុី រួចបុរសអ្នកបើកបរសម្រេចចិត្តបួងចង្កូតមកខាងឆ្វេង ដើម្បីបុកឃឿនសួនច្បារឱ្យរថយន្តបន្ថយលឿន ខ្លាចបុកម៉ូតូ និងរថយន្តផ្សេងទៀត ទើបបង្កឱ្យរបួសអ្នកជិះក្នុងរថយន្ត ក្នុងនោះរបួសអ្នកបើកបរបាក់ដៃខាងឆ្វេង និងបុរសវ័យប្រហែល ៣០ឆ្នាំជាងរបួសបាក់ដងកាំបិតខាងឆ្វេង ដោយឡែកក្មេងប្រុសអាយុ ១១ឆ្នាំរបួសបាក់ដៃខាងឆ្វេង ព្រមទាំង របួសមនុស្សស្រី ៤នាក់ទៀត ។

ក្រោយកើតហេតុ មនុស្សប្រុសម្នាក់ និងស្រី ៣នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យព្រះកុសមៈ ហើយសម្ភារៈខូចខាតមាន ស្លាកមិត្តភាពកម្ពុជា~ជប៉ុន តិចតួចចំណែករថយន្តខូចខាតផ្នែកខាងមុខ បែកកញ្ចក់មុខ និងផ្ទុះពោងសុវត្ថិភាពរថយន្ត រួចសមត្ថកិច្ចវាស់វែង និងហៅរថយន្តស្ទួចយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្ដោះអាសន្នសិន រង់ចាំម្ចាស់រថយន្តព្យាបាលធូរស្រាល នឹងហៅមកសាកសួរនាំឱ្យច្បាស់ពីមូលហេតុ ទើបឱ្យសងថ្លៃខូចខាតសម្បត្តិរដ្ឋតែម្ដង ៕