ប្រទេសថៃ ៖ មន្ត្រីគណៈកម្មការអប់រំមូលដ្ឋានប្រទេសថៃបានកំណត់ឱ្យសាលារៀនទាំងអស់ផ្អាកសកម្មភាពនៅក្រោមកំដៅថ្ងៃ ក្នុងអំឡុងពេលបើកបវសនកាលថ្មី ឆ្នាំ២០២៤ ហើយបើអាកាសធាតុកាន់តែក្តៅខ្លាំងធ្វើឱ្យប៉ះពាល់ដល់សិស្សសាលា សាលាអាចបង្រៀនសិស្សតាមអនឡាញ ។ មន្ត្រីអប់រំថៃប្រកាសបែបនេះ ក្រោយពីនៅប្រទេសថៃមានសីតុណ្ហភាពក្តៅខ្លាំងកើនឡើងដល់ជាង៤០អង្សាសេ និងបារម្ភពីផលប៉ះពាល់សុខភាពសិស្ស ។

លោក Thanu Wongchinda អគ្គលេខាធិការនៃគណៈកម្មការអប់រំមូលដ្ឋាននិយាយថា បើតាមនាយកដ្ឋានឧតុនិយមបានព្យាករណ៍អាកាសធាតុក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤ ថា នៅពាក់កណ្តាលខែឧសភានេះ តំបន់ភាគខាងជើង, តំបន់ឦសាន និងតំបន់កណ្តាល នឹងមានអាកាសធាតុក្តៅខ្លាំង ព្រមទាំងមានភ្លៀង ផ្គររន្ទះផងដែរ ខណៈខ្យល់មូសុងឆ្លងកាត់តំបន់ខាងជើងប្រទេសថៃ នាពេលថ្ងៃ ។ ហេតុនេះ វាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សិស្ស គ្រូបង្រៀន និងបុគ្គលិកអប់រំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiT75zkGoWPt29HI0tiVGFJJwKzQ6QUluEf9dpWTD99aqB8zS5yEU27ZrrpYPaOKQcy8qGyxSAFLuGKg01GKPJ-jXfsQdWUw6bkuUUDYNpwTTjQ6S9bkQsETjSXWqdyCwYeqYHx3zhS6F_7SWp5HZvcWVZdynTEeyamlnCfKeF0VK7iz-mN0BUAHU-_6w/s620/2022_Royal_Escape%20the%20summer%20heat%20with%20the%20Water%20Festival%2001.jpg

គណៈកម្មការអប់រំមូលដ្ឋានបានណែនាំឱ្យមន្ទីរអប់រំគ្រប់ខេត្ត-ក្រុងជូនដំណឹងទៅកាន់ស្ថាប័នអប់រំនានាអនុវត្តតាមវិធានការ និងការពារគ្រោះថ្នាក់កើតឡើងពីអាកាសធាតុក្តៅខ្លាំងចំពោះសិស្ស គ្រូបង្រៀន និងបុគ្គលិកអប់រំ ក្នុងអំឡុងពេលបើកបវសនកាលថ្មី ឆ្នាំ២០២៤ ដូចខាងក្រោម ៖

១-ផ្អាកការធ្វើសកម្មភាពក្រោមកំដៅថ្ងៃ និងចៀសវាងនៅកណ្តាលវាល
២-រៀបចំកន្លែងផ្តល់ទឹកបរិសុទ្ធឱ្យបានគ្រប់គ្រាន់ក្នុងសាលា
៣-ត្រួតពិនិត្យខ្សែភ្លើង, ឧបករណ៍អគ្គិសនី, ម៉ាស៊ីនត្រជាក់ និងកង្ហា ដើម្បីប្រើប្រាស់ក្នុងសាលា
៤-ករណីអាកាសធាតុក្តៅខ្លាំងប៉ះពាល់ដល់សិស្ស សាលាអាចផ្អាកការបង្រៀនសិស្ស និងបង្រៀនតាមអនឡាញ
៥-ត្រួតពិនិត្យការភ្លេចសិស្សក្នុងរថយន្ត ឬការបណ្តោយឱ្យសិស្សនៅក្នុងរថយន្តចតកណ្តាលថ្ងៃ និង
៦-ផ្តល់ចំណេះដឹង និងវិធីជួយសង្គ្រោះដល់សិស្សពេលជួបអ្នកមានជំងឺដាច់សរសៃឈាមខួរក្បាល (Heat Stroke)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_9rhAj7gdLOzeYxwbMgfiYA-yh-VnUBrJDJAZ0b2zeSQ-4Mf9JyJDolxJOn_dKlbu1XThXFaY2ZAWT9zkJ1jMFwObgSHxqkYxQGalMuyheot3BeBQtHGulia32QuxsQmTyoTBGiHiF-nAoPA4HXfI9-rwVGbk75L8UjcEkdX_heDA22P3b_OPopBQyww/s2048/20130529-THAILAND-slide-FMLG-superJumbo.jpg

ក្រៅពីនេះ លោក Thanu Wongchinda អគ្គលេខាធិការនៃគណៈកម្មការអប់រំមូលដ្ឋានបានស្នើឱ្យសិស្ស គ្រូបង្រៀន និងបុគ្គលិកអប់រំ ពិនិត្យរោគសញ្ញារបស់ខ្លួន និងមនុស្សនៅជុំវិញ បើមានរោគសញ្ញាជំងឺដាច់សរសៃឈាមខួរក្បាល ត្រូវប្រញាប់រាយការណ៍បន្ទាន់ដើម្បីឱ្យអាជ្ញាធរជួយសង្គ្រោះភ្លាមៗ ។

គួរបញ្ជាក់ថា អាកាសធាតុក្តៅខ្លាំងបានធ្វើឱ្យប្រទេសផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ប្រកាសបិទសាលារៀនផងដែរ ក្នុងនោះមានហ្វីលីពីន និងបង់ក្លាដែស ។ នៅខែមេសា ឆ្នាំ២០២៤ សីតុណ្ហភាពនៅទីក្រុងម៉ានីល បានកើនឡើងដល់៣៨,៨អង្សាសេ ធ្វើឱ្យក្រសួងអប់រំហ្វីលីពីនប្រកាសបិទសាលារៀននៅទូទាំងប្រទេស ស្មើជាង៤៧.០០០កន្លែង ហើយក្រសួងអប់រំហ្វីលីពីនកំណត់ឱ្យសិស្សរៀនអនឡាញនៅផ្ទះ ព្រោះបារម្ភថា សិស្សនឹងមានផលប៉ះពាល់ផ្នែកសុខភាព ។https://static.euronews.com/articles/stories/08/41/42/90/1200x675_cmsv2_22c71abf-8c55-5a5a-969d-d438935f19a2-8414290.jpg

ចំណែកក្រសួងអប់រំប្រទេសបង់ក្លាដែស ក៏បានប្រកាសឱ្យបិទសាលារៀនដូចគ្នាដែរ ដោយសារសីតុណ្ហភាពកើនឡើងរហូតដល់៤៣អង្សា ។ សារព័ត៌មានជាច្រើនរាយការណ៍ថា រដ្ឋាភិបាលបង់ក្លាដែស មិនប្រាកដចិត្តថា នឹងអនុញ្ញាតឱ្យបើកសាលានៅពេលណាទេ ព្រោះសិស្សរាប់លាននាក់ពិបាករៀនសូត្រ ហើយការរៀនសូត្រមិនងាយស្រួលដូចនៅសាលា ៕