ខេត្តព្រះវិហារ ៖ អតីតអនុប្រធានសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារ ចាប់ខ្លួនកាលពីថ្ងៃទី៣ ឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រោយពីបានក្លែងបន្លំ ឯកសារលួចលុយរបស់កាកបាទក្រហម ខេត្តព្រះវិហាររាប់សែនដុល្លារ ។

ជនសង្ស័យខាងលើ មានឈ្មោះ មាស សំអឿន អាយុ៣៣ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិអណ្តូងជា ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅចំណុច ខាងលិចរង្វង់មូលស្រអែម ចំងាយ១០០ម៉ែត្រ ផ្លូវជាតិលេខ៦៩បេ នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានប្រាប់ឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំង នគរបាលរបស់លោក ចាប់ខ្លួន បានកាលពីរសៀល ថ្ងៃទី៣ ខែឧសភា រួចបញ្ជូនទៅឲ្យនគរបាល ខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី។

ចំពោះទឹកប្រាក់ដែល ជនសង្ស័យរូបនេះ បានស៊ីដាច់នោះ លោកស្នងការមិនទាន់ដឹងច្បាស់នោះទេ គ្រាន់តែដឹងមានចំនួនច្រើន រាប់សែនដុល្លារឯណោះ។ ចំណែកស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏មិនអាចបញ្ជាក់លម្អិតអំពីចំនួនទឹកប្រាក់បានដែរ តែលោកបានបញ្ជាក់ថា ជនសង្ស័យមិនមែនប្រព្រឹត្តតែម្នាក់ឯងនោះទេ ពោលនៅមានបក្ខពួកផ្សេងទៀត ដែលលោកកំពុងតាមប្រមាញ់។

បើយោងតាមរបាយការណ៍ របស់នគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា នៅរសៀលថ្ងៃទី៣ ខែឧសភា កម្លាំងអធិការស្រុកជាំក្សាន្ត បានសហការជាមួយកម្លាំង ស្នងការខេត្តព្រះវិហារ និងកម្លាំងស្នងការខេត្តកំពង់ចាម ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី កែវ ចំរើន ស្នងការរងទទួលផែន ព្រហ្មទណ្ឌខេត្តព្រះវិហារ បានចាប់មុខសញ្ញាតាមដីការលេខ 1915 ត.ព្រ ចេញដោយលោកចៅក្រមជំរុំជម្រះ សួន សំណាង នៃសាលាដំបូងខេត្តកំពង់ចាម នៅចំណុចខាងលើ ពីបទ«រំលោភលើទំនុកចិត្ត ពិសេសដោយអភិបាល និងបទក្លែងបន្លំ ឯកសារសាធារណៈ» ដែលប្រព្រឹត្តថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា ទាក់ទងនិងករណីបាត់លុយ កាកបាទក្រហមខេត្តនេះដែរ កន្លងមកហាក់ដូចជាមានការលាក់លៀម នូវព័ត៌មាននេះខ្លាំងណាស់ តាំងពីថ្នាក់លើ រហូតដល់ថ្នាកក្រោម នៅក្នុងខេត្តកំពង់ចាម ហើយបច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលខេត្តកំពង់ចាម បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕