ខេត្តកំពង់ចាម៖ កាលពីវេលាម៉ោង១ និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ឧសភា ២០១៨​នេះ មានការភ្ញាក់ផ្អើលនូវរឿងរ៉ាវដ៏ហួសចិត្តមួយ ដោយសារបុរសវ័យចំណាស់ម្នាក់ ឃើញក្មេងស្រីដេកលើអង្រឹង នៅខាងក្រោមផ្ទះតែម្នាក់ឯង តណ្ហាឡើងទ្រាំលែងបាន ក៏ចាប់រំលោភក្មេងស្រីរងគ្រោះ រហូតបានសម្រេច លុះព្រឹកឡើងម្តាយរបស់ក្មេងស្រី បានដឹងពីហេតុការណ៍នេះ ក៏បានប្តឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួន បុរសចំណាស់ខាងលើយកទៅផ្តន្ទាទោសតាមច្បាប់ ។

ហេតុការណ៍នេះ បានកើតឡើងនៅភូមិប្រមាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ហើយលោកវរសេនីយ៍ឯក ខេង ស្រេង អធិការនគរបាលស្រុក ចំការលើបានប្រាប់ឲ្យដឹងថា បុរសចំណាស់ជាប់ចោទខាងលើ មានឈ្មោះ នាង ណេន អាយុ៥៤ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ មានកូន៧នាក់ និងចៅ៥នាក់ទៅហើយ ចំណែកឯក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ។

បើតាមការរៀបរាប់ ឲ្យដឹងពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា មុនពេលកើតហេតុ នៅក្នុងភូមិនេះ មានពិធីភ្ជាប់ពាក្យកូនអ្នកភូមិ និងមានចាក់ធុងបាស់ រាំលេងផឹកស៊ីយ៉ាងសប្បាយ។ក្រោយពេល ផឹកស៊ីស្រវឹង ក្នុងកម្មវិធីនេះរួច ជនសង្ស័យបានដើរត្រឡប់ទៅផ្ទះវិញ រួចពេលដើរដល់ ផ្ទះក្មេងស្រីរងគ្រោះ ឃើញនាងកំពុងតែដេកលើអង្រឹង ក្រោមផ្ទះតែម្នាក់ឯង ហើយឃើញឱកាសស្ងាត់ល្អ ក៏យកដៃខ្ទប់មាត់ក្មេងស្រី រួចចាប់រំលោភសេពសន្ថវៈ លើអង្រឹងបានសម្រេចតែម្តង។

លុះមកដល់ព្រឹកថ្ងៃទី៤ ឧសភា ម្តាយធំរបស់ក្មេងស្រីរងគ្រោះ បានដឹងរឿង ក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំស្វាយទាប ដើម្បីចាប់ខ្លួនជនសង្ស័យរូបនេះ ហើយក្រោយពេលឃាត់ខ្លួន បុរសចំណាស់ខាងលើ យកមកសួរនាំគាត់បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភ ក្មេងស្រីរងគ្រោះខាងលើ ពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បានបញ្ជូនជនជាប់ចោទ បន្តទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តដើម្បីចាត់ការបន្ត ទៅតាមនិតិវិធីច្បាប់ ៕