ភ្នំពេញ៖ បុរសម្នាក់បានផឹកស្រាស្រវឹង ដើរមកដេកនៅលើផ្លូវដែក ក៏ត្រូវរថភ្លើងកិនដាច់ប្រអប់ជើង បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ជួយយក​អាសា​ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅក្នុងភូមិចែកមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីព្រឹកថ្ងៃកើតហេតុ គេឃើញរថភ្លើងមួយខ្សែបានចេញដំណើរពីរាជធានីភ្នំពេញឆ្ពៅទៅកាន់ខេត្តព្រះ​សីហនុ ប៉ុន្តែមុនដំបូងគេមិនបានចាប់អារម្មណ៍ថា មិនកិនមនុស្សនោះទេ។ លុះមកដល់វេលាខាងលើ ទើបអ្នកដំណើរឆ្លងកាត់បានឃើញឃើញជនរងគ្រោះអង្គុយត្រាំក្នុងទឹកត្រពាំងឈូកទាំងមុខស្លេងស្លាំង ដោយសាររថភ្លើងកិនដាច់ប្រអប់ជើង ហូរឈាមស្ទើរខ្សោះអស់ពីខ្លួន។ភ្លាមៗនោះ ប្រជាពលរដ្ឋបានទាក់ទងទៅក្រុមរថយន្តសង្គ្រោះបន្ទាន់របស់កងពលតូច៧១១ ឲ្យមកដឹកជនរងគ្រោះបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ៕