ខេត្តពោធិ៍សាត់៖ យុវជនម្នាក់ ខឹងនឹងបងស្ដីប្រដៅ ពីរឿងដើរលេងយប់ ស្រាប់តែយកខ្សែមកចងកធ្វើអត្តឃាត បង្កឲ្យភ្ញាក់ផ្អើលឡើង​ កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅក្នុងភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ។

ប្រភព​ព័ត៌មាន​ ​បានឱ្យ​ដឹងថា មុនពេល​កើតហេតុ​ ជនរងគ្រោះតែងតែដើរ​លេង រហូតយប់​ជ្រៅ ទើប​ត្រឡប់​មកផ្ទះវិញ ហើយគេគ្មាន​គិតគូរអំ​ពីអ្វីទាំងអស់។ ឃើញដូច្នេះ​ បងប្រុសរបស់​គេបាន​ស្តីប្រដៅ​​ថា ឯងគិត​តែពីដើរ​លេង រហូត​ដល់យប់​ជ្រៅ ទើ​បត្រឡប់​ចូលផ្ទះវិញ​ មិនខ្លាច​ឪពុកម្តាយអ្វីបន្តិចសោះ។ នៅពេលឮពាក្យបងប្អូនស្ដី​បែបនេះ ជនរងគ្រោះក៏បានតបវិញ ទើបបង្កឲ្យមានការឈ្លោះប្រកែក​គ្នា ហើយបងប្អូនបានទៅរកកន្លែងដេករៀងៗខ្លួន។ លុះមកវេលាម៉ោង​១០ព្រឹក​ថ្ងៃដដែល ​ក្រុមគ្រួសារ​បាន​ឃើញជន​រងគ្រោះចងកសម្លាប់ខ្លួននៅលើផ្ទះ។

លោកវរសេនីយ៍ទោ ឯម រុន អធិការ​នគរបាលស្រុក​ក្រគរ បាន​ឱ្យដឹងថា ជនរងគ្រោះ ​ឈ្មោះ ផេង សុខជា ភេទប្រុស អាយុ២៣ឆ្នាំ រស់​នៅភូមិឃុំ​ខាងលើ។ រីឯការសម្រេច​ចិត្តចង​កសម្លាប់ខ្លួន​របស់ជន​រងគ្រោះខាងលើ គឺព្រោះ​គាត់មិន​បានគិត​ឱ្យវែងឆ្ងាយ ហើយគាត់ធ្វើឡើង ដោយសារតែយកកំហឹង​មកដាក់​ខ្លួន។ ​នេះគេហៅថា ខឹងខុស ខឹងខាត​ មិនស្តាប់​តាមដំបូន្មាន​របស់បង​ប្អូន ជនរងគ្រោះ​ក៏សម្រេច​ចិត្ត​ចងកសម្លាប់​ខ្លួនតែម្តង។

ក្រោយពេលពិនិត្យ និង​ធ្វើកោសល្យវិច័យ​រួច សមត្ថកិច្ចបានបញ្ជាក់ថា ជន​រងគ្រោះពិត​ជាបាន​ចងកសម្លាប់​ខ្លួនប្រាកដមែន ហើយសាក​សពត្រូវសមត្ថកិច្ច​ប្រគល់​ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំ ​ធ្វើបុណ្យ​តាម​ប្រពៃណី៕