ខេត្តកណ្ដាល​៖​ បុរសម្នាក់ឃើញនារីវ័យក្មេងម្នាក់កំពុងចោមពង់ងូតទឹកតែម្នាក់ឯង ធ្វើឲ្យតណ្ហារបស់គេពុះកញ្ជ្រោលឡើង ចូលទៅចាប់បីត្រកង ប៉ុនប៉ងនាំរំលោភសេពសន្ថវៈ តែមិនសម្រេច ក៏ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅ​ក្នុងភូមិ​ពាម​ ឃុំ​រកា​កោង​១​ ស្រុក​មុខកំពូល​។

​មន្ដ្រី​នគរបាល​ស្រុក​មុខកំពូល​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈ ដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ​ ហន​ ហាន​ អាយុ​២៧​ឆ្នាំ​ មុខរបរជា​កម្មករ​សំណង់​។​ រីឯនារី​រង​គ្រោះ ​ឈ្មោះ​ ប រ អាយុ​១៨​ឆ្នាំ​ មុខរបរ​ជាបុគ្គលិក​ក្រុមហ៊ុន​អន​ឡាញ​។​ ជនសង្ស័យ​ និង​នារី​រង​គ្រោះ​មាន​លំនៅ​ក្នុងភូមិ​ពាម​ ឃុំ​រកា​កោង​១​ ស្រុក​មុខកំពូល​ ខេ​ត្ក​កណ្ដាល​។​ ក្រៅពីឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ចដកហូតបានកន្សែសាដក​របស់​ព្រះសង្ឃ​ ពណ៌​ស្លា​ទុំ​ចំនួន​មួយ​។​

មន្រ្ដីនគរបាលដដែល បានបន្តថា មុនពេលកើតមាននូវករណីចាប់រំលោភសេពសន្ថវៈនោះ នារីរងគ្រោះបានចោមពង់ទៅងូតទឹក នៅមុខតូបដូនជីម្នាក់ ឈ្មោះ មា​ច​ សា​ម៉ុ​ន​ ស្ថិតក្នុង​វត្ដ​ពាម​មង្គល​ ភូមិ​ពាម ឃុំរកាកោង។ លុះមកដល់វេលាម៉ោង៦ និង៩នាទីព្រលប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ជនសង័្សយបានដើរទៅ ប្រទះឃើញនារីរងគ្រោះកំពុងចោមពង់ដុសធ្មេញតែម្នាក់ឯង។ ឃើញយប់ស្ងាត់ និងមិនមានអ្នកណាម្នាក់នៅជិតបែបនេះ ជនសង័្សយបានរត់លួចយកកន្សែសាដក​របស់ព្រះសង្ឃ យកមកបត់ជាបួនផ្នត់ យកមកគ្រប​ពីក្បាលនារី​រង​គ្រោះ​ ហើយ​យកដៃ​ខ្ទប់មាត់​ និង​រឹ​ត​​ក​ អូសនាងប៉ុនប៉ងនាំទៅរំលោភសេពសន្ថវៈ។

មន្ត្រីនគរបាលដដែល​ បានបន្តថា ស្ថិតក្នងស្ថានភាពប្រកបដោយគ្រោះធ្នាក់បែបនេះ ជនរងគ្រោះបានខំប្រឹងរើបម្រះយ៉ាងខ្លាំង ក៏ត្រូវ​ជនសង័្សយបោកទៅលើពាងទឹក បណ្ដាលឲ្យបែក​អស់​មួយ​ និង​ដួល​ទៅ​លើ​ភក់​ ​រង​បួស​ស្នាម​ចំនួន​២​កន្លែង​ ស្នាម​របួស​លើ​មេជើង​ស្តាំ​១​កន្លែង​ និង​ហើម​បបូរមាត់​ស្តាំ​។ នៅពេលឮសំឡេងបែកពាងបែបនេះ ​ដូនជី​ឈ្មោះ​ មា​ច​ ម៉ុ​ន​ ដែល​ត្រូវជា​ជីដូន​របស់ជន​រង​គ្រោះ​បានចេញមកឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ចាប់ជើង​ និងលើក​បី​នារី​រង​គ្រោះ នាំទៅរំលោភ។​ ឃើញបែបនេះ​ គាត់​បាន​ស្រែក​ឆោឡោ​ឡើង ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លនស្លោ ​ទម្លាក់​នារី​រង​គ្រោះ​ចុះ​ ហើយ​រត់គេច​ខ្លួន​បាត់ស្រមោល។​

​ក្រោយ​ពេលកើតហេតុ ដូនជី​បាននាំ​នារី​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង ​នៅក្នុង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​រកា​កោង​១​ ដើម្បី​សុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ឲ្យនាង។ យោងតាមពាក្យបណ្ដឹងខាងលើនេះ ទើបនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចមូលដ្ឋានចុះ​ទៅ​ឃាត់ខ្លួនជនសង័្សយ នាំមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕