ខេត្តបាត់ដំបង៖ ភ្លៀងកក់ខែមួយមេលាយឡំនឹងខ្យលព្យុះបានវាយប្រហារទៅលើភូមិឋានរបស់ប្រជាពលរដ្ឋ រស់នៅស្រុកភ្នំព្រឹក និងស្រុកគាស់ក្រឡ បណ្ដាលឲ្យរលំផ្ទះចំនួន៥ខ្នង កាលពីរសៀល​​ ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។

មន្ត្រីនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីរសៀលម្សិលមិញនេះ ភ្លៀងកក់ខែបានបង្អុរចុះមកយ៉ាងខ្លាំងលាយឡំនឹងខ្យល់កន្រ្ដាក់​បានបោកបក់ទៅលើស្រុកចំនួន២ នៃខេត្តបាត់ដំបង គឺស្រុកភ្នំព្រឹក និងស្រុកគាស់ក្រឡ។ គ្រោះធម្មជាតិដ៏សាហាវនេះ បានបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងបានរងនូវការខូចខាត ក្នុងនោះស្រុកភ្នំ​ព្រឹកមាន​ខូចខាតចំនួន៣ខ្នង និងនៅស្រុកគាស់​ក្រឡ ខូចខាត២ខ្នង។

ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍គ្រោះធម្មជាតិនោះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ។ ដោយឡែកទំហ​ នៃការខូចខាតដោយសារខ្យល់កន្រ្ដាក់នេះ ទាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក៏មិនបានបញ្ជាក់ទេ។ ស្របគ្នានេះដែរ លោកឧត្តមសេនី​យ៍ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង ក៏បានណែនាំជា​បន្ទាន់ដល់គ្រប់​អធិការន​គរបាលក្រុង.ស្រុក និងមេបញ្ជា​ការវរសេនាតូច​នគរបាលការ​ពារព្រំដែន​គោកចំណុះឲ្យស្នង​ការដ្ឋាន ត្រូវធ្វើ​សកម្មភាព​ជួយសង្រ្គោះប្រ​ជាពលរដ្ឋ រួមទាំង​ទ្រព្យសម្បត្តិ និងសត្វពាហនៈនាំទៅរក​ទីកន្លែង​មានសុវត្ថិភាព ក្នុងករណី​មានគ្រោះ​ធម្មជាតិ​កើតឡើង​ និងបន្តជួយ​ជួសជុល​លំនៅឋាន​ពួកគាត់​ឡើងវិញ៕