ខេត្តកណ្ដាល៖​ បុរស​ម្នាក់​ឃើញ​ប្រពន្ធផឹកស្រា​ខ្លាំង​ពេក​ ក៏ដើរទៅហាម ប៉ុន្តែប្រពន្ធនៅតែចចេស ធ្វើឲ្យគេទ្រាំមិនបាន ក៏ផ្ទុះកំហឹងយ៉ាង​ក្រេវក្រោធឡើង ទាញដំបងសំពងក្បាលបែកហូរឈាម ហើយរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី​១៨​ ខែមីនា​ ឆ្នាំ​២០១៨​ នៅក្នុងភូមិ​សំប៉ាន​ក្រោម​ ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង។

មន្ដ្រី​នគរបាល​ស្រុក​ស្អាង ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើហិង្សាវាយធ្វើប្រពន្ធបែកក្បាលហើយកំពុងរត់គេចខ្លួនពីសមត្ថ​កិច្ចនោះ ​ឈ្មោះ​ សួន​ តុង​ម៉េ​ង​ អាយុ​៤៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជាកសិករ​។​ រីឯស្ដ្រី​រង​គ្រោះ​ ​ឈ្មោះ​ បឹង​ គួ​យ​ អាយុ​៤៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជាកសិករ​ (​របួស​ត្រង់​ចង្កា ​និង​ក្បាល​មានស្ថានភាពធ្ងន់​)។ ពួកគេទាំង២នាក់ប្ដីប្រពន្ធមាន​លំនៅ​ក្នុងភូមិ​សំប៉ាន​ក្រោម​ ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង​ ខេត្តកណ្តាល​។​

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កន្លង​មក​ ស្ដ្រី​រង​គ្រោះ​តែងតែដើរ​ផឹកស្រា​ជា​ប្រចាំ​ ហើយ​ប្ដីរបស់គាត់ចេះតែហាមកុំឲ្យផឹក។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានឃើញប្រពន្ធរបស់ខ្លួនទៅបន្ដដើរផឹកស្រាទៀត ធ្វើឲ្យគេផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើង​ទាញដំបងវាយក្បាលប្រពន្ធ បណ្ដាលឲ្យបែកហូរឈាម រងរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សាច់ញាតិបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ដោយឡែកជនសង្ស័យ​ជាប្ដីកំពុងស្ថិតក្រោមការស្រាវជ្រាវចាប់ខ្លួនរបស់សមត្ថកិច្ច៕