ភ្នំពេញ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទ្ទេសខ្លួន នៅក្រៅប្រទេសដែលហ៊ុមព័ទ្ធទៅដោយបណ្ដឹងរាប់​មិនអស់នោះ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ជាទិវាសិទ្ធិនារីអន្តរជាតិនោះ បានសរសេរ នៅលើបណ្ដាញសង្គមរបស់លោកថា យើងត្រូវតែការពារជនជាតិដើមភាគតិច។

លោក សម រង្ស៊ី បានសរសេរបន្តថា យើងត្រូវតែការពារជនជាតិដើមភាគតិច រួមមាន ជនជាតិចារ៉ាយ ជនជាតិទំពួន ជនជាតិក្រឹង និងជនជាតិព្នងជាដើម ដែលរស់នៅក្នុងភូមិភាគឦសាន នៃប្រទេសកម្ពុជា មានដូចជា ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង។
ពួកគាត់ត្រូវតែមានសិទ្ធិរស់រានមានជីវិត មានអត្តសញ្ញាណ មានកម្មសិទ្ធិ មានសេរីភាព និងមានភាពថ្លៃថ្នូររបស់ពួកគាត់។ ប៉ុន្តែជនជាតិដើមភាគតិចទាំងនោះ ត្រូវបានរដ្ឋអំណាចសព្វថ្ងៃ រំលោភយ៉ាងធ្ងន់ធ្ងរ។

លោក សម រង្ស៊ី បានសរសេរបន្តថា ដីធ្លី ស្រែចម្ការរបស់ពួកគាត់ ត្រូវបានគេរឹបអូសយ៉ាងសាហាវ ហើយការកាប់បំផ្លាញព្រៃឈើ ក៏បានធ្វើឲ្យពួកគាត់បាត់បង់ទីជម្រក មុខរបរ ទម្លាប់រស់នៅ វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណ របស់ពួកគាត់ជាជនជាតិដើមភាគតិច។ ដូច្នេះ យើងត្រូវតែអនុវត្តវិមជ្ឈការឲ្យពិតប្រាកដ ចំពោះជនជាតិដើមភាគតិចទាំងនោះ ក្នុងខេត្ត និងតំបន់ ដែលពួកគាត់រស់នៅ គឺយើងត្រូវតែផ្តល់ សិទ្ធិសម្រេច និងថវិកាសមស្រប ដើម្បីឲ្យពួកគាត់ អាចគ្រប់គ្រងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ គ្រប់គ្រងដីធ្លី និងព្រៃឈើរបស់ពួកគាត់ ហើយអាចការពារបរិស្ថាន និងវប្បធម៌ដោយឡែករបស់ពួកគាត់។

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរបន្តថា វិមជ្ឈការ និងលទ្ធិប្រជាធិបតេយ្យ ត្រូវដើរទន្ទឹមគ្នា តែរដ្ឋអំណាចផ្តាច់ការរបៀបកុម្មុយនីស្តសព្វថ្ងៃ បានសម្លាប់ទាំងលទ្ធិប្រជាធិបតេយ្យ ទាំងវិមជ្ឈការ។ វិមជ្ឈការអាចឈានទៅដល់ការផ្តល់ភាពស្វយ័តមួយកម្រិត ក្នុងការដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ និងការធ្វើសេចក្តីសម្រេចនានា ដើម្បីជំរុញការអភិវឌ្ឍន៍ តាមតំបន់នីមួយៗ ក្នុងក្របខ័ណ្ឌនៃព្រះរាជាណាចក្រកម្ពុជា តែមិនមែនជាការអនុញ្ញាតឲ្យពួកគាត់បង្កើតរដ្ឋមួយដោយឡែកនោះឡើយ។

កាលពីថ្មីៗនេះ ​ក្រសួង​មហាផ្ទៃ បានចាត់ទុកករណី​ចុះ​កិច្ច​ព្រម​ព្រៀង​របស់​លោក សម រង្ស៊ី ជា​មួយ​មេ​ដឹក​នាំ​ចលនា​ម៉ុងតាញ៉ា​ នៅ​ឆ្នាំ​២០១៣​នេះ គឺ​ជា​ទង្វើ​ក្បត់​ជាតិ ខុស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន​ឡើយ​។ បើតាមលោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បានថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ ដោយប្រៀប​ប្រដូច​ករណី​លោក​ សម រង្ស៊ី ទៅ​នឹង​ករណី​លោក កឹម សុខា ដែល​សហការ​​ជាមួយ​បរទេស បំផ្លាញ​ផល​ប្រយោជន៍​ជាតិ​សាសន៍​ឯង​។

ទោះជាយ៉ាងណា ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​នេះ មិន​បានធ្វើ​ឲ្យ​​លោក សម រង្ស៊ី ភ្ញាក់​ផ្អើល​ទេ​ ហើយលោក សម រង្ស៊ី ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​នេះ ​គឺជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ និង​ជា​លេស​ ដើម្បីបង្ក្រាប​លើ​ការ​ប្រឆាំង​តាម​បែប​ប្រជាធិបតេយ្យ ពី​សំណាក់​របប​ផ្ដាច់​ការ​តែ​ប៉ុនណោះ​។

លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​បដិសេធ​ថា លោក​មិន​បាន​ចុះ​ហត្ថលេខា​កាត់​ដី​ឲ្យ​ទៅប្រទេស​វៀតណាម​នោះឡើយ​។ ការ​បដិសេធ​យ៉ាង​ដូច្នេះ បានធ្វើ​ឡើង ​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​លោក សម រង្ស៊ី ថា បាន​ចុះ​ហត្ថលេខា​កាត់​ខេត្ត​ចំនួន​៤​ទៅ​ឲ្យ​វៀតណាម​សេរី នៅ​ក្នុង​ឯកសារ​ចាស់ ​កាល​ពី​ឆ្នាំ​២០១៣​ ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត ​ឈាន​ទៅ​ដឹក​នាំ​ប្រទេស​​​។

លោក សម រង្ស៊ី បាន​គូស​បញ្ជាក់​ថា លោក​មិន​បាន​ចុះ​ហត្ថលេខា​កាត់​ដី​ឲ្យ​វៀតណាម​ឡើយ​។ បើ​តាម​លោក សម រង្ស៊ី បានបញ្ជាក់ថា
ឯកសារដែល​លោក​ចុះ​ហត្ថលេខា​ជាមួយលោក Kok Ksor មេ​ដឹក​នាំ​ចលនា​ម៉ុងតាញ៉ា ​នៅ​ឆ្នាំ​២០១៣​នោះ មែន​ទែន​មាន​ខ្លឹមសារ​ចង់​ឲ្យ​មាន​ការ​ទទួល​ស្គាល់​សិទ្ធិ​ស្រប​ច្បាប់​របស់​ជន​ជាតិ​ភាគតិច​ម៉ុងតាញ៉ា ដែល​រស់​នៅ​ខេត្ត​ភាគ​ឦសាន​ នៃប្រទេស​កម្ពុជា ដូច​ជា ​ខេត្ត​មណ្ឌល​គិរី រតនគិរី ក្រចេះ និង​ស្ទឹងត្រែងនោះឡើយ​។

ចំពោះ​ការ​លើក​ឡើង​ពី «សិទ្ធិ​ស្វ័យភាព​នៃ​ជនជាតិ​ដើម​ភាគតិច» នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០១៣​វិញ ប្រធាន​ចលនា​សង្គ្រោះ​ជាតិពន្យល់​​ថា វា​គឺ​ជា​ការ​អនុវត្ត​ជាក់​ស្ដែង ​នៃ​អំណាច​វិមជ្ឈការតែ​ប៉ុនណោះ។ ​ការ​ផ្ទេរ​អំណាច​នេះ ត្រូវ​បាន​លោក សម រង្ស៊ី អះអាង​ថា ជា​ផ្នែក​មួយ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ដែល​មិន​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ឡើយ​។ នេះ​បើ​តាម​លោក សម រង្ស៊ី​ ៕