ភ្នំពេញ ៖ ផ្កាកូលាប ជាផ្កាដែលយុវវ័យ ឬសាធារណជន និយមប្រើក្នុងឱកាសពិធីផ្សេងៗ រួមមាន ពិធីអាពាហ៍ពិពាហ៍ ខួបកំណើត ខួបអាពាហ៍ពិពាហ៍ ឬក៏ជាកាដូ​ជូនទៅដល់ មនុស្សជាទីស្រលាញ់ ហើយសម្រាប់ឱកាសបុណ្យ នៃក្ដីស្រលាញ់ ដែលចូលមកដល់ នៅថ្ងៃទី១៤ ខែកុម្ភៈនេះ អ្នកលក់ផ្កា បាននាំចូលផ្កាកូលាប ពីក្រៅប្រទេស មានការកើតឡើងយ៉ាងគំហុក ជាពិសេសការនាំចូល ពីប្រទេសវៀតណាម ដើម្បីបំពេញតម្រូវការរបស់អតិថិជន ។

ការនាំចូលផ្កាកូលាប ពីក្រៅប្រទេសច្រើន ដោយសារតែប្រជាកសិករ ក្នុងប្រទេសកម្ពុជាប្រកបរបរនេះ មិនទទួលបានផលល្អនៅឡើយ ព្រោះតែការដាំនៅខ្វះបច្ចេកទេស និងអាកាសធាតុ ក្នុងប្រទេសកម្ពុជាមិនសូវអំណោយផល ហេតុដូច្នេះប្រជាកសិករភាគច្រើន ងាកមកជ្រើសរើសការដាំផ្កា​អ័រគីដេ និងផ្ការាសីជំនួសផ្កាកូលាបវិញ ព្រោះវាងាយស្រួលដាំដុះ និងមានតម្លៃសមរម្យ។ ប៉ុន្ដែតម្រូវការផ្កាកូលាបនៅកម្ពុជា ​មានការកើនឡើងច្រើន ដូច្នេះទើបបណ្ដាលឲ្យការ​នាំចូល​ផ្កានេះ ពីប្រទេសជិតខាង មានការកើនឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់​ ។

បងប្អូនអ្នកលក់ផ្កា បានឲ្យដឹងថា ផ្កាកូឡាប ភាគច្រើននាំចូលពីបណ្ដាប្រទេសជិតខាង រួមមានប្រទេសវៀតណាម និងប្រទេសថៃ និងខ្លះនាំយកមកពីចិនផងដែរ ។
ក្នុងឱកាសបុណ្យនៃក្ដីស្រលាញ់នេះ បញ្ជាទិញផ្កាកូលាប ចំនួន៤៤០០ទង យកមកពី៣ប្រទេសខាងលើ ហើយប្រទេសដែលនាំយកមកច្រើនជាងគេ គឺប្រទេសវៀតណាម ដែលនាំយករហូតដល់៤ពាន់ទង ហើយកូលាបចិន និងថៃមានចំនួនតែ ៤០០ទង តែប៉ុណ្ណោះ ។

ផ្កាកូលាបវៀតណាម នាំយកមកក្នុងតម្លៃ១២០០រៀលក្នុងមួយទង កូលាបចិនតម្លៃ១ដុល្លារ និងកូលាបថៃ តម្លៃប្រហាក់ប្រហែលកូលាបចិនដែរ សម្រាប់តម្លៃលក់ចេញវិញ ក៏ខុសគ្នាដែរ ដោយកូលាបចិន និងថៃតម្លៃ ២ដុល្លារក្នុងមួយទង ចំណែកកូលាបវៀតណាមវិញ តម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ ។
យល់ដឹងពីអត្ថន័យ នៃពណ៌ផ្កាកូលាបនីមួយៗ នៃឱកាសបុណ្យនៃក្ដីស្រលាញ់នេះ៖

* កូលាបពណ៌ក្រហម​​ខ្ចី តំណាងឲ្យស្នេហា។ * កូលាបពណ៌ក្រហមចាស់ តំណាងឲ្យសម្រស់អន់ សម្រស់មិនស្អាត។ * កូលាបពណ៌ក្រហមសុទ្ធ តំណាងឲ្យក្ដីស្រលាញ់។ * កូលាបពណ៌ស តំណាងឲ្យភាពបរិសុទ្ធ ភាពស្លូតបូត។ * កូលាបពណ៌សប្រាយ តំណាងឲ្យស្នេហាយ៉ាងសប្បាយរីករាយ។ * កូលាបពណ៌ស៊ីជម្ពូចាស់ តំណាងឲ្យអំណរគុណ។ * កូលាបពណ៌ស៊ីជម្ពូខ្ជី តំណាងឲ្យការកោតសរសើរ ការអាណិតអាសូរ។ * កូលាបពណ៌លឿង តំណាងឲ្យភាពសប្បាយ ត្រេតអរ។ * កូលាបពណ៌លឿងក្រហម តំណាងឲ្យមិត្តភាព ធ្លាក់ក្នុងអន្លងស្នេហ៍។ * កូលាបពណ៌ទឹកក្រូច តំណាងឲ្យក្តីប្រាថ្នា,សេចក្តីសាទរ។ * កូលាបពណ៌ក្រហមស តំណាងឲ្យភាពរួបរួមគ្នា ឬសាមគ្គី។ * កូលាបពណ៌ក្រហមលឿង តំណាងឲ្យអារម្មណ៍សប្បាយរីករាយ។ * កូលាបពណ៌ផ្កាថ្ម តំណាងឲ្យសេចក្តីប្រាថ្នា។ * កូលាបពណ៌ខ្មៅ តំណាងឲ្យមរណភាព ឬលាសិនហើយ។ * កូលាបពណ៌ខៀវ​​​​​​​​​ តំណាងឲ្យអសមត្ថភាព ឬមិនអាចសម្រេចបាន៕