ភ្នំពេញ៖ សភា​ស៊ើបសួរ នៃសាលាឧទ្ធរណ៍​​ គ្រោងនឹង​បើក​សវនាការ​លើសំណុំរឿង​របស់លោក កឹ​ម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​អសាធារណៈ លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ប្រឆាំង​នឹង​ការ​សម្រេច ​មិន​ដោះ​លែង​របស់​ចៅក្រម​ស៊ើបសួរ​ នៃសាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។

ប្រភពព័ត៌មានពីសភាស៊ើបសួរ បានឲ្យដឹងថា ប្រ​សិន​មិន​មានការ​កែប្រែនោះ​ទេ សវនាការ​លើសំណុំរឿងក្ដីរបស់លោក កឹម សុខា​ អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងលើកយកមកជំនុំជម្រះ នៅថ្ងៃទី១ ខែកុម្ភៈ​ខាងមុខនេះ។ សវនាការនេះ ដឹកនាំ​ដោយ​លោក លោក ផូ ពៅ​ស៊ុន ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ​នៃ​សភា​ស៊ើបសួរ​ និង​លោក​ព្រះរាជអាជ្ញា ហ៊ឹង ប៊ុ​ន​ជា ជា​តំណាង​មហាអយ្យការ។

ដោយឡែក​ ក្រុម​មេធាវី​របស់​លោក​ កឹម សុខា បាន​ដាក់​សំ​ណើសុំ​ឲ្យ​ចៅក្រម​ស៊ើប​សួរ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​កោះ​ហៅ​តំណាង​រដ្ឋា​ភិបាល​អាមេរិកាំង​មក​បំភ្លឺ ​ក្នុង​សំណុំ​រឿង​អតីត​មេ​បក្ស​ប្រឆាំង។ ប៉ុន្តែគិតមកដល់ថ្ងៃនេះ មានរយៈពេលជិត២សប្ដាហ៍ហើយ តុលាការនៅ​មិន​ទាន់​មាន​ឆ្លើយ​តប​យ៉ាង​ណា​មួយ​នៅ​ឡើយ​។ ករណីនេះ​ធ្វើ​ឲ្យ​ក្រុម​មេធាវី​របស់់លោក កឹម សុខា មិន​សប្បាយ​ចិត្ត ហើយ​ព្រមាន​ថា ប្រសិន​​បើ​ចៅក្រម​នៅ​តែ​ពន្យារ​ពេល​ធ្វើ​កិច្ចការ​នេះ​បន្តទៀត ​ពួក​គេ​នឹង​ប្តឹង​ទៅ​សភា​ស៊ើប​សួរ នៃ​សាលា​ឧទ្ធរណ៍ ដើម្បី​​សម្រេច​ជំនួស​តែ​ម្តង។

ក្រុម​មេធាវី​របស់​លោក​ កឹម សុខា នឹង​ទុក​ពេល​យ៉ាង​យូរ​​បំផុត​១​ខែ ដើម្បី​ឲ្យ​ចៅក្រម​ស៊ើប​សួរ​ នៃសាលា​ដំបូង​រាជធានី​ភ្នំពេញ​ គឺ​លោក ​គី ឫទ្ធី ដំណើរ​ការ​បំពេញ​កិច្ច​កោះ​ហៅ​តំណាង​រដ្ឋាភិបាល​អាមេរិកាំង​មក​បំភ្លឺ ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​អតីត​មេ​បក្ស​រូប​នេះ​ តាម​សំណើ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ​សំ សុគង់​ ជា​សហមេធាវី​ម្នាក់​របស់​លោក​កឹម សុខា។

លោក ​សំ សុគង់ បាន​អះអាង​ទៀត​ថា ដោយ​សារ​តែ​សំណើ​បំពេញ​កិច្ច​នេះ មិន​បាន​កំណត់​រយៈ​ពេល​ដល់​ចៅក្រម​ ក្នុង​ការ​ឆ្លើយ​តប ដូច្នេះ​ហើយ​ក្រុម​មេធាវី​គ្មាន​ជម្រើស​ណា​ផ្សេង ​ក្រៅ​តែ​ពី​រង់​ចាំ​សិន​នោះ​ទេ។ ទោះជាយ៉ាងណា KBN មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពីលោក​ គី ឫទ្ធី ចៅក្រម​ស៊ើប​សួរ​ នៃសាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​កាន់​សំណុំ​រឿងរបស់​លោក ​កឹម សុខា បាន​ឡើយ។ ដោយឡែក​លោក ​លី សុផាណា ​ជា​អ្នក​នាំ​ពាក្យ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ ក៏​មិនបាន​ផ្តល់​ព័ត៌មាន​ជុំវិញ​រឿង​ក្ដីនេះ​ដែរ។

ក្រុម​មេធាវី​របស់​លោក​ កឹម សុខា បាន​ដាក់​សំណើរ​សុំ​ទៅ​លោក​ចៅក្រម ​គី ឫទ្ធី កោះ​ហៅ​តំណាង​រដ្ឋាភិបាល​អាមេរិកាំង​មក​បំភ្លឺ ​នៅ​ក្នុង​រឿង​កូនក្តី​របស់​លោក​ តាំង​តែ​ដើម​សប្តាហ៍​មុន​មក​ម្ល៉េះ។ ការ​ដាក់​សំណើ​នេះ ក៏​ព្រោះ​តែ​ក្រុម​មេធាវី​យល់​ថា ដោយ​សារ​តែ​មាន​ការ​ចោទ​ប្រកាន់​​លោក​កឹម សុខា ថា​មាន​អាមេរិក​នៅ​ពី​ក្រោយខ្នង ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក។ ដូច្នេះ​ហើយ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​លាស់ ក្រុម​មេធាវី​ ចង់​ឲ្យ​ចៅក្រម​កោះ​ហៅ​តំណាង​រដ្ឋាភិបាល​អាមេរិកាំង​មក​បំភ្លឺ​រឿង​នេះ​ នៅ​ក្នុង​តុលាការ​កម្ពុជា​តែ​ម្តង។ បើ​តាម​លោក​មេធាវី សំ សុគង់ បានអះអាងថា ដំណើរ​ការ​នេះ គឺ​អាច​ធ្វើ​ទៅ​បាន ប្រសិន​បើ​ចៅក្រម​មាន​ចេតនា​ចង់​ធ្វើ​នោះ។

សូមជម្រាបថា លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ កាលពី​វេលា​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់​ពី​មានការ​បែកធ្លាយ​វី​ដេ​អូមួយ​ ជាប់ពាក់ព័ន្ធនឹង​បង្គាប់បញ្ជា​របស់​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ហើយត្រូវប្រមុខរដ្ឋាភិបាល ចោទប្រកាន់ពីអំពើក្បត់ជាតិ។

លោក​ កឹម សុខា ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទល្មើស «​ក្បត់ជាតិ​» ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ រយៈពេលពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បង្ហាញ​ថា លោក កឹ​ម សុខា ជាប់ចោទ​ប្រកាន់​ពី​បទ « ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​» តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ។

គិតមកដល់ពេលនេះ មានរយៈពេល​ជិត​៥​ខែ​មក​ហើយ​ ដែលលោក កឹម សុខា ​ត្រូវ​ឃុំ​ខ្លួន ​ក្រោម​បទ​ចោទ​ក្បត់​ជាតិ ហើយក្រុម​មេធាវី​របស់​លោក​ កឹម សុខា បាន​ខិត​ខំ​តវ៉ា​ជំទាស់​នឹង​ការ​ឃុំ​ខ្លួន​នោះដែរ។ ប៉ុន្តែ​ទាំងតុលាការ​ជាន់​ទាប ជាន់​កណ្តាល និង​ជាន់​ខ្ពស់​ សុទ្ធ​តែ​ទាត់​ចោល​នូវ​ការ​ខិត​ខំប្រឹងប្រែងរបស់ក្រុមមេធាវី​ទាំង​នេះ។ បន្ទាប់ពីការការជំទាស់តវ៉ា​ទាំង​នេះ​មិន​បាន​សម្រេច ទើបក្រុម​មេធាវី​​បាន​ស្នើ​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​លោក ​កឹម សុខា បាន​នៅ​ក្រៅ​ឃុំ​តាម​នីតិវិធី​។

សំណើរបស់ក្រុមមេធាវីទាំងនេះ ត្រូវបានតុលាការទាត់ចោល កាល​ថ្ងៃ​ទី​១៥ ឆ្នាំមករា​កន្លង​ទៅ ទើបក្រុម​មេធាវី​​បាន​ប្តឹង​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ទៀត។ នៅពេលនេះ ​សាលា​ឧទ្ធរណ៍​គ្រោងនឹង​សម្រេច​បើក​សវនាការ ​នៅ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ២០១៨ ​សប្តាហ៍​ក្រោយ​នេះ។ ទោះជាយ៉ាងណា ក្រុម​មេធាវី​របស់លោក កឹម សុខា ហាក់​មិន​សង្ឃឹម​ថា តុលាការ​សាលា​ឧទ្ធរណ៍​នឹងផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​ពួក​គេ​នោះ​ទេ​ ដោយ​ហេតុ​ថា សំណុំ​រឿង​នេះ ជា​រឿង​ធំ ហើយ​មាន​លក្ខណៈ​នយោបាយ​ទៀតផង៕