ខេត្តរតនគិរី៖ បុរសល្មោភកាមម្នាក់​ មានប្រពន្ធ និងកូនរួចទៅហើយ បែរជាខ្វះសីលធម៌ ទុកបណ្ដោយឲ្យកាមតណ្ហាដឹកច្រមុះ លបលួច ចាប់​រំលោភប្អូនថ្លៃស្រី ទើបតែមានអាយុ១៤ឆ្នាំ បានសម្រេច​ជាច្រើនដង ហើយចុងក្រោយក៏អស់លក្ខណ៍ បែកការដឹងដល់ប្រពន្ធ ប្ដឹងទៅសមត្ថកិច្ចឲ្យចុះ​ទៅឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។

មន្ត្រីនគរបាលស្រុកកូនមុំ បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភប្អូនថ្លៃជាអនីតិជន ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ សែ​ម សារ៉ូ អាយុ​៣២​ឆ្នាំ។ រីឯ​ក្មេង​ស្រី​រង​គ្រោះ ឈ្មោះ ក រ អាយុ​១៤​ឆ្នាំ។ ពួកគេទាំង២នាក់ (ជនល្មើស និងសង្ស័យ) ​មាន​លំនៅ​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី។

ប្រភពព័ត៌មានពីអ្នកភូមិ បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ មានប្រពន្ធ និងកូនរួចទៅហើយ ប៉ុន្តែគេនៅតែមានចិត្តព្រើល ខ្វះគុណធម៌ជាបង ហើយនៅពេលប្រពន្ធមិននៅផ្ទះ គេតែងតែលបលួចចាប់រំលោភប្អូនថ្លៃ បានសម្រេចជាច្រើនលើកច្រើនសា និងថែមទាំងគំរាម​ដល់នាងថែមទៀត។ រីឯក្មេងរីរងគ្រោះ ដោយតែខ្លាចនូវការគំរាមកំហែងពីបងថ្លៃផង ខ្លាចខ្មាសអ្នកជិតខាង និងខ្លាចបងស្រី​បង្កើតរបស់នាងពិបាកចិត្ត ហើយនាំឲ្យគ្រួសាររបស់ពួកគេបែកបាក់គ្នាផង ទើបនាងសុខចិត្តលាក់ទុកនូវរឿងអាស្រូវទាំងនេះ ដោយស៊ូទ្រាំបៀមទុក្ខនៅក្នុងចិត្ត​របស់នាងអស់រយៈពេលយ៉ាង។

ប្រភពព័ត៌មានដដែល បានបន្តថា ថ្វីបើនាងសុខចិត្តនៅស្ងៀមបែបនេះក្ដី ប៉ុន្តែបងថ្លៃមានចិត្តគម្រក់នេះ នៅតែបន្តចាប់រំលោភនាងឥតឈប់ឈរ ហើយចុងក្រោយ បងស្រីបង្កើតរបស់នាង មានការសង្ស័យ ក៏តាមដានដឹង ទើបនាំប្អូនស្រីរបស់ខ្លួនទៅ​ដាក់ពាក្យបណ្ដឹង សុំឲ្យសមត្ថកិច្ចឃាត់ខ្លួនប្ដីគម្រក់នោះ។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីមានពាក្យបណ្ដឹងពីអាណាព្យាបាលរបស់ជនរងគ្រោះ សមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជន​សង្ស័យ នាំមកសាកសួរ។ នៅពេលនោះ ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានចាប់រំលោភប្អូនថ្លៃបានសម្រេចជាច្រើនលើក​ច្រើនសា ដូចការចោទប្រកាន់ប្រាកដមែន។

ក្រោយពេលទទួលបាននូវចម្លើយសារភាពបែបនេះ សមត្ថកិច្ចក៏បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕