​បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យហៅឌុបក្នុងតម្លៃ ២៥០០០រៀលទៅដល់ពាក់កណ្តាលផ្លូវ យកខ្សែក្រវាត់រឹតកប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថភាព កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវលំនៅខាងក្រោយភោជនីដ្ឋានបឹងមាស ក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនអូស៊ីអាយស៊ី នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ជនរងគ្រោះមានឈ្មោះ តុ វុធធាន អាយុ ៤៣ឆ្នាំ ​មុខរបរត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ​។ ចំណែកម៉ូតូដែលជនសង្ស័យរឹតកប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម ​ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ ព្រៃវែង1I-2682 ។

ប្រភពពត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានជនសង្ស័យម្នាក់បានហៅឱ្យជនរងគ្រោះឌុបរូបគេពីខារ៉ាអូខេយីហោអិចធូ ក្នុងសង្កាត់ទន្លេ
បាសាក់ ខណ្ឌចំការមន មកដល់កន្លែងកើតហេតុខាងលើ ក្នុងតម្លៃ ២៥០០០រៀល ​ខណៈមកដល់ចំណុចខាងលើ បានធ្វើសកម្មភាពយកខ្សែក្រវ៉ាត់រឹតកជនសរងគ្រោះ ប្លន់យកម៉ូតូបានសម្រេចតែម្តង ។
ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីឱ្យនគរបាលជួយអន្តរាគមន៍និងកំណត់មុខសញ្ញាជនសង្ស័យ៕