ភ្នំពេញ៖ បុរស ៣នាក់ បានបបួលនាំគ្នាចូលច្រៀងខារ៉ាអូខេសែនរីករាយថ្មី ប៉ះចំកន្លែងកាប់ស៊ី ដោយគ្រាន់តែផឹក​ស្រាបៀរដបចំនួន ១កេះ​ គិតលុយអស់ចំនួន ១៩៣ដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើល ​កាលពីវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី២២ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងល្វាចំណុចនៅក្នងភោជនីយដ្ឋាន និងខារ៉ាអូខេ សែនរីករាយថ្មី តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជយ័ ។

តាមការបញ្ជាក់ពីបុរសជាភ្ញៀវម្នាក់ ក្នុងចំណោម ៣នាក់បានប្រាប់ឱ្យដឹងថា ​មុនពេលកើត​ហេតុ ពួកគាត់ទាំង៣នាក់បានបបួល​គ្នាចូលច្រៀងខារ៉ាអូខេសែនរីករាយថ្មី តាំងពីម៉ោង ១០យប់ ។ ពេលចូលទៅដល់ក្នុងហាង បានកុំម្មង់ស្រាបៀរដបចំនួន១កេះតម្លៃ ៣៥ដុល្លារមិន​បាន កុំម្មង់ម្ហូបទេ ព្រោះមានម្ហូប Free បន្ទាប់មក បុរសម្នាក់​ក្នុងចំណោម ៣នាក់​បានប្រាប់ទៅមេការ​​ខារ៉ាអូខេនោះថា ត្រូវការនារីអង្គុយកំដរម្នាក់មួយ ។

លុះពេលនារីកំដមក​ដល់ បាន​សុំ​​ហៅ​ម្ហូបមួយចានហើយ បានបន្តិចស្រាប់តែមានបុក្គលិកលើកម្ហូបមកចាននហើយមួយ​ចាន​​ទៀត ធ្វើឱ្យពួកគេមានការសង្ស័យបានសួរនាំទៅមិត្តភក្តិចូលរួមជាមួយគ្នាតើម្ហូបនេះ​អ្នកណាកុំម្មង់ ​មិត្តភក្តិ ៣នាក់ទៀតឆ្លើយថាមិនបានកុំម្មង់នោះទេ ។

ពេលនោះ ពួកគាត់​ក៏មិនបានសួរវែងឆ្ងាយដែរ គិតតែពីនាំគ្នាផឹកស៊ីសប្បាយជាធម្មតា រហូតមកដល់ម៉ោងកើតហេតុខាងលើ បានហៅបុក្គលិកម្នាក់មកគិតលុយ ស្រាប់តែគិតអស់ប្រាក់ចំនួន ១៩៣ដុល្លារ ធ្វើឱ្យពួកគាត់​ងឿងឆ្ងល់ ក៏បានសួរនាំទៅបុក្គលិកហាងនោះថា អស់ថ្លៃអីច្រើនម្ល៉េះ សូមគិតម្តង​ទៀតទៅ ទើបបុគ្គលិកអ្នកគិតលុយប្រាប់ថា ក្នុងនោះបានកុំម្មង់ម្ហូបអស់ ១៧ចាន ក្នុងមួយ ចានមានតម្លៃចាប់ពី ៥ដុល្លារដល់ ១០ដុល្លារ សរុបទាំងអស់ ១៩៣ដុល្លារ ក៏ធ្វើឱ្យមានការ​ផ្អើល​ឆោឡោពេញខារ៉ាអូខេ ​និងមានស្រ្តីម្នាក់មិនដឹងថាជាបុគ្គលិក ឬក៏ថៅកែស្រីទេ បានយកទូរស័ព្ទមកថតឡាយ ដោយនិយាយថា មានភ្ញៀវចូលផឹកស៊ីច្រៀងខារ៉ាអូខេអត់ឱ្យលុយ ។

ក្រោយពេលកើតហេតុ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុបាន និយាយថា ជារឿងដដែលៗកើតមានស្ទើររាល់យប់ ធ្វើឱ្យសមត្ថកិច្ចរកពេលដេកពួនមិនបានទេ ​។ បន្ទាប់ពីកើតហេតុ ថៅកែហាងបានចេញមុខសម្របសម្រួលជាមួយភ្ញៀវ ចំណែកភ្ញៀវទាំង ៣នាក់មិនចង់មានរឿងវែងឆ្ងាយសុខចិត្តសងសំណង ១៩៣ដុល្លារបញ្ចប់រឿង ៕