ភ្នំពេញ៖ រថយន្ដឡិចស៊ីសRx330 បើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ដដឹកដីបុកពីរហៀង បណ្ដាលអោយរងការខូចខាត យ៉ាងដំណំ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១ និង៣០នាទី នៅចំណុចផ្លូវ២០១៨ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ។

បើតាមរបាយការណ៍ របស់សមត្ថកិច្ចបានប្រាប់ អោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដឡិចស៊ីស RX330 មួយគ្រឿង ពាក់ស្លាកលេខ 2AF-6292 បើកបរដោយស្រ្ដីម្នាក់ឈ្មោះ សៀក កញ្ញារី អាយុ៣០ ឆ្នាំមានទីលំនៅ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ធ្វើដំណើរតែម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង បត់ឆ្វេងផ្លូវ ប៉ុន្ដែបត់មិនទាន់ផុតផង ស្រាប់តែមានរថយន្ដដឹកដីមួយគ្រឿង ដែលពាក់ស្លាកលេខ 3D-6118 បើកបរដោយឈ្មោះ សេង សីហា អាយុ២៥ឆ្នាំ ធ្វើតាមបណ្ដោយផ្លូវ២១៧ ស្របទិសគ្នាក៏ជ្រុលមកបុកគូថ រថយន្ដឡិចស៊ីស Rx330 ពីក្រោយពេញមួយទំហឹង បណ្ដាលអោយបែកកញ្ចក់ និងស្ដុបក្រោយផ្នែកខាងឆ្វេង យ៉ាងដំណំតែម្ដង ។

គួរំលេឹកផងដែរថា នៅពាក់ខែមករា ដើមឆ្នាំ២០១៨នេះ មានមនុស្សជាច្រើននាក់ បានស្លាប់និងរថយន្តម៉ូតូរងការខូចខាត ដោយសារតែរថយន្តដឹកដីធន់ធំៗនេះ បើកឆ្លងកាត់នៅក្នុងទឹកដី ខណ្ឌដង្កោ បង្កគ្រោះថ្នាក់ធំៗជាញឹកញាប់ ដូច្នេះប្រជាពលរដ្ឋ បានសូមណូមពរទៅដល់អាជ្ញាធរ ខណ្ឌដង្កោ មេត្តាចុះជួយត្រួតពិនិត្យទៅលើរថយន្តទាំងនោះផង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកសម្របសម្រួល ដោយភាគីខាងរថយន្ដដឹកដី យករថយន្ដឡិចស៊ីស RX330 ទៅជួសជុលដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕