ខេត្តកណ្ដាល៖ ថៅកែហាងម៉ាស្សាម្នាក់បាននាំនារីម្នាក់ចូលក្នុងផ្ទះសំណាក់ ហើយត្រូវនារីនោះបានយកកាំបិត​ចុងស្រួច ចាក់ប្រហាររបួសស្ទើរសុសសាច់ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលា​ម៉ោង៦ និង១០នាទីព្រលប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១១៨ នៅក្នុងបន្ទប់លេខ១១ នៃផ្ទះសំណាក់សំណាងណាស់ ស្ថិតក្នុងភូមិត្រពាំងសុ្រំ ឃុំបែកចាន ស្រុកអង្គស្នួល។

មន្ត្រីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ នួន សុភាព ហៅនួន ភាព អាយុ៥៨ឆ្នាំ ជន​ជាតិ​ខ្មែរ មានមុខរបរជាម្ចាស់ហាងម៉ាស្សា និងជាអ្នកសារព័ត៌មានសំឡេងប្រជាជន ស្នាក់នៅភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯជនដៃដល់ នៅក្នុងអំពើឃាតកម្មដ៏សាហាវនេះ គឺសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ប្រភពព័ត៌មានពីឈ្មោះ ចែម ប៊ុនធី ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នកមើលការខុសត្រូវនៅក្នុងផ្ទះសំណាក់ខាងលើ បានឲ្យដឹងថា  កាលពីវេលាម៉ោង១២ និង១៥នាទីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូ​ម៉ាកហុងដា ស៊េរី២០១៧ គ្មានស្លាកលេខ ដឹកនារីម្នាក់ (ជនដៃដល់) ចូលមកក្នុងផ្ទះសំណាក់ដែលគាត់មើលការ​ខុសត្រូវ ហើយបានជួលបន្ទប់លេខ១១។ លុះមកដល់វេលាម៉ោង១ និង៤៣នាទីរសៀលថ្ងៃដដែល អ្នកមើលការខុសត្រូវម្នាក់ទៀត ឈ្មោះ ចាន់ សុខនីម ភេទស្រី​ អាយុ៣២ឆ្នាំ បានឃើញនារីដែលចូលមកដេកក្នុងផ្ទះសំណាក់ជាមួយនឹងជនរងគ្រោះ បានចុះមកខាងក្រោមអង្គុយលេងនៅលើម៉ូតូរបស់ជនរងគ្រោះ ដោយនិយាយទូរស័ព្ទឮ​ថា យ៉ាងម៉េច អត់ស្គាល់កន្លែងហ្នឹងទេឬ? អ៊ីចឹងចាំខ្ញុំទៅយក! ស្របពេលអ្នកគ្រប់គ្រងផ្ទះសំណាក់មិនបានចាប់អារម្មណ៍ ស្រាប់តែនារីម្នាក់នោះ បានគេចខ្លួនទៅបាត់។

ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ពីបាត់នារីម្នាក់នោះមិនឃើញត្រឡប់មកវិញ ធ្វើឲ្យអ្នកគ្រប់គ្រងផ្ទះសំណាក់ មានការសង្ស័យក៏នាំគ្នាឡើងទៅមើលបន្ទប់របស់ជនរងគ្រោះដែលជួលស្នាក់នៅ ក៏ប្រទះឃើញជនរងគ្រោះ ត្រូវជនដៃដល់ចាក់ប្រហារស្ទើរសុសសាច់ ស្លាប់យ៉ាងអណោចអធ័មនៅក្នុងថ្លុកឈាម បង្កឲ្យភ្ញាក់ផ្អើលឡើង និងរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ។

សមត្ថកិច្ចដដែល បានបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះភ្លាម នគរបាលមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ ដោយរកឃើញនៅលើខ្លួនសាក​សព មានស្នាមរបួសចំនួន១៧កន្លែង រួមមាន ត្រង់ក្បាលពោះជម្រៅដល់ក្នុង២សង់ទីម៉ែត្រ ចង្អុលដៃស្ដាំស្នាមដាច់មុត១កន្លែង ខ្នងដៃខាងឆ្វេងស្នាមមុតទំហំ៣សង់ទីម៉ែត្រជម្រៅដល់ឆ្អឹង ថ្លើមដៃខាងឆ្វេងស្នាមមុតទំហំ៣សង់ទីម៉ែត្រជម្រៅដល់ឆ្អឹង ភ្លៅស្ដាំចំហៀងខាងក្រៅស្នាមមុត១កន្លែង។

ចំណែកវត្ថុតាងដែលបន្សល់ទុកនៅនឹងកន្លែង មានភួយពណ៌ផ្កាឈូក១ កន្សែងពណ៌ក្រហមប្រឡាក់ឈាម១ ខ្នើយគ្របមុខជនរងគ្រោះ១ កម្រាលពូកពណ៌ផ្កាឈូកប្រឡាក់​ឈាម១ លីអូពណ៌ក្រហមនៅលើពូកផ្នែកចុងជើង១ វ៉ែនតាដងខ្មៅ១ ស្រោមអនាម័យមិនទាន់ប្រើ២ ច្រាសដុះធ្មេញមិនទាន់ប្រើ២ សាបូ២ដុំ ទឹកសុទ្ធ១ដប ម៉ាកលីឈាង ជើងមាន់១កញ្ចប់ វិទ្យុទាក់ទង១គ្រឿង ម៉ាកម៉ូតូឡា ខោជើងវែងពណ៌ត្រេអ៊ី១ អាវយឺតដៃវែពណ៌ស ខ្មៅលាយខៀវ១ អាវវាលឃ្លៀកដៃខ្លីពណ៌ខ្មៅ ស្រោមជពណ៌ខ្មៅ១គូ ​មួកសុវត្ថិភាព១ ខ្សែកលោហធាតុពណ៌លឿង មានបន្តោង​១ខ្សែ ស្បែក​ជើង​១គូ នាឡិកាពណ៌មាស ពាក់នៅដៃខាងឆ្វេង១ ខ្សែចង្កេះប្រាក់១ខ្សែ កាំបិតចុងស្រួចដងខ្មៅលាយសប្រឡាក់ឈាម១ និងទឹកបរិសុទ្ធមិនទាន់ប្រើ០២ដប។ ជាជំហាន​ដំបូង សមត្ថកិច្ចបានសន្និដ្ឋានថា ករណីឃាតកម្មនេះ អាចផ្ដើមចេញពីការប្លន់យកទ្រព្យសម្បត្តិ។

ទោះជាយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានជាជំហានដំបូងប៉ុណ្ណោះ រីឯការពិតយ៉ាងណានោះ លុះត្រាតែចាប់ខ្លួនជនដៃដល់មកសាកសួរចម្លើយទើបដឹងការពិត ហើយនៅពេលនេះសមត្ថកិច្ចកំពុងតែស្វះស្វែងរកចាប់ខ្លួន​ជនដៃដល់ឲ្យខាងតែបាន ដើម្បីនាំមកផ្តន្ទាទោសតាមច្បាប់៕