ខេត្តពោធិ៍សាត់៖ រថយន្តមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន រេចង្កូតខុសផ្លូវ ក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង២ និង១៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ នៅលើចំណុច​ភ្នំ​ចិន​យំ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាល​វែង។

មន្ត្រីប៉ុស្ដិ៍នគរបាល​​រដ្ឋបាល​ប្រមោយ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ​ទី​១-​ឈ្មោះ ផល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរជា​អ្នកបើកបរ (​ស្លាប់​) ទី​២-​ឈ្មោះ ជួន ជឿន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ទី​៣-​ឈ្មោះ ជឿន វិសិដ្ឋ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​និង​ទី​៤-​ឈ្មោះ អាត់ ពៅ ភេទ​ស្រី អាយុ​៥២​ឆ្នាំ ពួកគេ​ទាំង​៣ ​រង​របួសធ្ងន​ស្រាល។ ជន​រង​គ្រោះ​ទាំងអស់​គឺជា​គ្រួសារ​តែ​មួយ រស់នៅ​ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម 3A-0098 ដឹកអំពៅ ក្នុងទិសដៅពី​ស្រុក​វាល​វែងឆ្ពោះទៅ​កាន់ទីរួមខេត្ត​ពោធិ៍សាត់។ លុះពេលរថយន្តបើកមក​ដល់​កន្លែង​កើតហេតុ ដែលចជាទីចុះចំណោត​ ក៏ជាន់​ហ្វ្រាំង​មិន​ស៊ី ធ្វើឲ្យរថយន្ត​ក្រឡាប់​៤-៥​ត្រឡប់ ​ធ្លាក់​ពីលើ​ផ្លូវ​កម្ពស់​ប្រមាណ​ជាង​១០​ម៉ែត្រ បណ្ដាល​ឲ្យ​សង្កត់​អ្នក​ជិះ​ក្នុង​រថយន្ដ​ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់។

ក្រោយពេលកើតហតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនជន​រង​គ្រោះ​ទាំង​៣​នាក់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ហើយធ្វើកំណត់ហេតុ ​ប្រគល់​ជូន​ក្រុមគ្រួសារដឹកយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕