ខេត្តកណ្ដាល៖ បុរសម្នាក់កាន់មូូទ័រទៅបូមទឹកដាក់ពាង សម្រាប់ប្រើប្រាស់ ក៏ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗមួយរំពេច បង្កឲ្យភ្ញាក់ផ្អើល​ឡើង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃ‌ទី‌២២ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល។

ជនរងគ្រោះ‌ ឈ្មោះ‌​ អ៊ូ ង៉ើត ភេទ‌​ប្រុស អាយុ៥៨ឆ្នាំ​ ជនជាតិ​ខ្មែរ​ ‌សាសនា‌​ព្រះ‌ពុទ្ធ​ មុខរបរជា​កសិករ មានប្រពន្ធឈ្មោះ ហេង ថោ អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ​ មានលំនៅក្នុងភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហើតុ ជនរងគ្រោះបានយកម៉ូទ័រទៅបូមទឹកដាក់អាង និងពាង នៅខាងក្រោយផ្ទះ ហើយប្រពន្ធរបស់គាត់ នៅបោសសម្អាតផ្ទះ។ លុះបន្តិចក្រោយមក ស្រាប់តែឮសំឡេងជនរងគ្រោះស្រែកឲ្យគេជួយ ទើបប្រពន្ធរបស់គាត់រត់ទៅមើល ឃើញជនរងគ្រោះដេកលើដីក្បែរម៉ូទ័រ ហើយដៃស្តាំកាន់ព្រីខ្សែភ្លើងជាប់។ ឃើញដូច្នេះប្រពន្ធរបស់គាត់បានយកឫស្សីមកផ្ទាត់ខ្សែភ្លើងចេញ ហើយស្រែកឆោឡោឲ្យអ្នកជិតខាងជួយ។ ភ្លាមៗនោះ អ្នកភូមិបានរត់ទៅមើល តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងនគរបាលមូលដ្ឋានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ឃើញនៅលើសាកសពរបស់ជនរងគ្រោះ មានស្នាមដាច់រលាត់ស្បែកលើម្រាមដៃខាងស្តាំមួយកន្លែង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីឡើយ។ ជាលទ្ធផល សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន រួចហើយប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕