ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៥កើ់ត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ យុវជនម្នាក់បានមកដាក់ពាក្យប្តឹង បាត់ម៉ូតូម៉ាកហ៊្សូមមើអេជ មួយគ្រឿងក្រោយពីបានចូលទៅផ្ញើ នៅហាងអ៊ីនធើណេតកំសាន្ត ២៤ម៉ោងលើ២៤ម៉ោង យ៉ីហោ GLORY S ស្ថិតនៅខាងកើតប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកល្អក់ទី២ ចំងាយ៧០ម៉ែត្រ ផ្លូវ១៥៦ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមសំដីជនរងគ្រោះ មានឈ្មោះ ស៊ូ ម៉ាត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកឯកជន នៅគ្លីនិចក្នុងរាជធានីភ្នំពេញ ស្នាក់នៅផ្ទះលេខ៦០៦ ផ្លូវ៣៦៣ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រាប់អោយដឹងថា មុនឈានដល់បាត់ម៉ូតូ Zoomer-X ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 1FW-2869 ជនរងគ្រោះបានចេញ ពីជប់លៀងកម្មវិធី ក្រុមហ៊ុនប្រហែលម៉ោង ១២និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ដោយមិនមានប្រាក់ជាប់ខ្លួន និងពិបាកចូលផ្ទះផង ក៏សម្រេចចិត្តមកផ្ញើម៉ូតូ ព្រមទាំងចូលទៅដេកក្នុងកន្លែងហាងអ៊ីធើណេត GLORY S ខាងលើនេះ ។ ដោយយល់ឃើញថា ហាងអ៊ីនធើណេតនេះ បានជួលសន្តិសុខឯកជន មានឈ្មោះ ក្រុមហ៊ុន សន្តិសុខមានឬទ្ធិ (SSMR) មកយាមការពារនិងថែរក្សា ដោយមិនយកកម្រៃផ្ញើឡើយ ព្រមទាំងបើកដំណើរការ ២៤ម៉ោងលើ២៤ម៉ោងទៀតផង ។

ប្រភពបានបន្តទៀតថា ពេលភ្ញាក់ដឹងខ្លួន នៅព្រឹកថ្ងៃខែឆ្នាំដដែល ស្រាប់តែទៅយកម៉ូតូ រកមិនឃើញ ហើយបានសាកសួរសន្តិសុខ ក៏ឆ្លើយថាមិនដឹង និងបានដេញខ្លួន ជាជនរងគ្រោះមកដាក់ពាក្យប្តឹង អំពីករណីបាត់ម៉ូតូ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកល្អក់ទី២ទៀតផង ។ ជនរងគ្រោះព្រមទាំងក្រុមគ្រួសារ បានហួសចិត្តជាមួយក្រុមហ៊ុន សន្តិសុខមានឬទ្ធិ (SSMR) ដែលគ្មានភាពទទួលខុសត្រូវឡើយ ដោយបាននិយាយដោះសារ យករួចខ្លួនមិនទទួលខុសត្រូវ លើការងារ ដែលថែរក្សាការពារ ទ្រព្យសម្បត្តិរបស់អតិថិជន ហើយពួកគាត់ សំណូមពរដល់ម្ចាស់ហាងអ៊ីធើណេត GLORY S ជួយដោះស្រាយ បញ្ហាខាងលើនេះផង ។ បើមិនដូច្នេះទេ តើហាងអ៊ីនធើណេត GLORY S របស់លោកអ្នក ជាកន្លែងទុកអោយក្រុមជនសង្ស័យ ប្រព្រឹត្តបទល្មើសឬយ៉ាងណា? បើមានក្រុមហ៊ុន សន្តិសុខមានឬទ្ធិ (SSMR) នៅតែបាត់បង់ទ្រព្យសម្បត្តិភ្ញៀវទៀតនោះ ។

លោក តន់ រ៉ាវី នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកល្អក់ទី២ បានប្រាប់ជនរងគ្រោះថា គាត់បានត្រឹមតែទទួល ពាក្យប្តឹងតែប៉ុណ្ណោះ និងបញ្ជូនទៅថ្នាក់លើ ដើម្បីធ្វើការផ្សព្វផ្សាយ ព្រមទាំងស្វែងរកម៉ូតូ ។

ដោយឡែកសន្តិសុខនៃក្រុមហ៊ុន សន្តិសុខមានឬទ្ធិ (SSMR) បានអញ្ជើញខាងក្រុមគ្រួសារ ជនរងគ្រោះទៅដោះស្រាយ នៅឯក្រុមហ៊ុន តែខាងជនរងគ្រោះ សុំអោយម្ចាស់ហាងអ៊ីធើណេត GLORY S ចេញមុខដោះស្រាយ រឿងករណីបាត់ម៉ូតូខាងលើនេះ តើនេះជាទំលាប់របស់ ពួកសន្តិសុខនៃក្រុមហ៊ុន សន្តិសុខមានឬទ្ធិ (SSMR)? ដែលតែងតែមានរឿង កើតឡើងដោះស្រាយត្រឹម ២ទៅ៣រយដុល្លារ មិនស្មើរ១០ភាគរយនៃតម្លៃទ្រព្យសម្បត្តិផងនោះ តើក្រុមហ៊ុន សន្តិសុខមានឬទ្ធិ (SSMR) ជាក្រុមជនសង្ស័យប្រព្រឹត្តបទល្មើស ហើយដោះស្រាយតាមរបៀបនេះមែនទេ? នេះជាអ្វីដែលខាងក្រុមគ្រួសារ ជនរងគ្រោះមានចម្ងល់! ៕