ខេត្តកំពង់ធំ៖ ស្រ្ដីម្នាក់គ្រាន់តែប្ដីយកទូរស័ព្ទរបស់នាងទៅប្រើ ស្រាប់តែផ្ទុះកំហឹងយ៉ាងខ្លាំង យកស្រាមកផឹកស្រវឹង ហើយចងកសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើល​ឡើង ​កាលពី​វេលា​ម៉ោង​៧​ និង​២០​នាទី​យប់ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុងផ្ទះ​របស់​ស្ត្រី​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ស្រ​យូវ​ត្បូង សង្កាត់​ស្រ​យូវ ក្រុង​ស្ទឹង​សែន។

លោក​អនុសេនីយ៍ត្រី ស៊ឹ​ម ពិ​សិទ្ធ នាយ​រង​ប៉ុស្តិ៍​ស្រ​យូវ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ ​ឈ្មោះ ជុក សុ​ភី អាយុ​៣៤​ឆ្នាំ មុខរបរ​ជាមេផ្ទះ មានប្ដីឈ្មោះ ឃិ​ន សារី អាយុ​៤៤​ឆ្នាំ។ គ្រួសារនេះរស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ ហើយជនរងគ្រោះបានស្លាប់ ដោយសារយកស្បង់ព្រះសង្ឃមកចងកនឹងធ្នឹមផ្ទះសម្លាប់ខ្លួន។

លោកនាយ​រង​ប៉ុស្តិ៍​ស្រ​យូ​វ បានតាមការសាកសួរព័ត៌មានពីសាច់ញាតិ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះអកុសលនោះ ប្ដីរបស់ជន​រងគ្រោះ ​បានយកទូរស័ព្ទរបស់នាងមកប្រើ ពីព្រោះទូរស័ព្ទរបស់គេខូច។ នៅពេលនោះ ស្រាប់តែពួកគេទាំង២នាក់ មានការឈ្លោះប្រកែកគ្នា​មួយប្រាវ ក៏បាត់ទៅវិញ ហើយប្ដីរបស់នាងបានយកទូរស័ព្ទនោះមកឲ្យវិញ រួចហើយគេបានចុះពីលើផ្ទះដើរទៅបាត់ទៅ។ លុះមួយស្របក់ក្រោយមក បុរសជា​ប្ដីបានត្រឡប់មកផ្ទះវិញ ស្រាប់តែ​ឃើញ​ប្រពន្ធ​របស់ខ្លួនបាន​ចង​​ក​សម្លាប់​ខ្លួន ស្លាប់បាត់ទៅហើយ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​ពិនិត្យ​ និងធ្វើកោសល្យវិច័យ ហើយនៅលើខ្លួនសាកសពរបស់ជនរងគ្រោះ មានធុំក្លិនស្រាទៀតផង ដូច្នេះសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះ ប្រហែលជា​ផឹកស្រា ​មុន​នឹងសម្រេចចិត្តចង​​ក​សម្លាប់​ខ្លួន។ បន្ទាប់មក សមត្ថ​កិច្ចបាន​ប្រគល់​សាកសព​ឲ្យ​សាច់ញាតិ​ និងបងប្អូន​ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕