បុរសម្នាក់ បើករថយន្តមួយគ្រឿង ​ក្នុងស្ថានភាពស្រវឹងស្រារេ ចង្កូតពេញផ្លូវជ្រុលទៅបុក នឹង​ក្បាលនាគពុះចែកទ្រូងផ្លូវ ហើយជ្រុលចង្កូតទៅមុខ​៤០ម៉ែត្រ ឡើងសួនច្បារបុកដើមគរ ទៅមុខលែងរួច អ្នកបើករងរបួសធ្ងន់។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវលេខ៥៩៨ ត្រង់ចំនុចមុខបណ្ណាល័យហ៊ុនសែន សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

រថយន្តបង្កម៉ាកឆែរ៉ូលែត ពណ៌កណ្តុរប្រម៉េះ ពាក់ស្លាកលេខភ្នំពេញ 2AT-1718 រងការខូចខាតយ៉ាងដំណំ អ្នកបើកបរមិនត្រូវបាន គេស្គាល់អត្តសញ្ញាណនោះទេ រងរបួសធ្ងន់ធ្ងរ បែកក្បាលហូរឈាមស្រោចពេញខ្លួន ក្រោយកើតហេតុ ត្រូវបានក្រុមគ្រួសារ យករថយន្តមួយគ្រឿងទៀត មកដឹកទៅបាត់។

ប្រភពពត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កបើកបរ តាមផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង​ ក្នុងស្ថានភាពស្រវឹងស្រា បើក​រេពេញផ្លូវ
ខណៈមកដល់ ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកនឹង​ក្បាលនាគ ពុះចែកទ្រូងផ្លូវ គ្រាន់តែរលាត់ថ្នាំតិចតួច ហើយរថយន្តបង្ក បានជ្រុលចង្កូតទៅមុខប្រមាណ៤០ម៉ែត្រ ឡើងសួនច្បារទៅបុកដើមគរ ទៅមុខលែងរួច ធ្វើឲ្យរថយន្តខ្ទេចមួយកំណាត់មុខ យ៉ាងដំណំ រីឯបើកបររងរបួស​បែកក្បាល ហូរឈាមស្រោចពេញខ្លួន ក្រោយកើតហេតុត្រូវបានក្រុមគ្រួសារ យករថយន្តមួយគ្រឿងទៀត មកដឹកយកទៅបាត់។

បើតាមអ្នកបើកបររថយន្តបង្ក​ បាននិយាយទាំងវង្វេងវង្វាន់ថា មូលហេតុដែលរូបគាត់ បើកទៅបុកដើមគរនោះ ដោយសារតែមានម៉ូតូមួយគ្រឿង មិនចាំម៉ាក បើកបរជ្រែពីមុខរថយន្តរបស់គាត់ ហើយរូបគាត់បានបើកគេចពីម៉ូតូ ទើបធ្វើឲ្យគាត់បួងចង្កូត គេចមកខាងស្តាំដៃជ្រុលចង្កូត ឡើងសួនច្បារបុកដើមគរ នឹងរងរបួសបែបនេះតែម្តង។

បច្ចុប្បន្នរថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅការយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយ ៕​