ភ្នំពេញ៖ ផ្ទះជនជាតិវៀតណាម ចំនួន៤ខ្នង សុទ្ធសឹងជាផ្ទះលក់ស៊ុប និងនំបញ្ចុក ស្ថិត​នៅជាប់ដងទន្លេបាសាក់ ត្រូវបានអគ្គីភ័យលេបត្របាក់ ឆេះអស់ទាំងស្រុង តែមិនបង្កឲ្យមានអ្នករងរបួសទេ ។ អគ្គីភ័យនេះសង្ស័យបណ្តាលមកពី ទុស្សេខ្សែភ្លើង ហេតុការណ៍នេះ មានការភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង ៣និង១០នាទីទៀបភ្លឺ ចូលថ្ងៃទី២១ ខែ មករា ឆ្នាំ ២០១៨ នៅចំណុចក្បែរ នគរបាលប៉ុស្តិ៍តាមផ្លូវលេខ៣៦៩ ក្រុម៥ ស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានប្រាប់ថា ម្ចាស់ផ្ទះទី១មានឈ្មោះ ឡុង ថាំង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ស៊ុប មានទំហំបណ្តោយ​១១ម៉ែត្រ ទទឹង៤ម៉ែត្រ ឆេះមុន​គេ ផ្ទះទី២គ្មានលេខ ម្ចាស់តែមួយ ប៉ុន្តែ​ជួលអោយជនជាតិវៀតណាម លក់ស៊ុបដែរ មានទំហំបណ្តោយ៩ម៉ែត្រ ទទឹង៤ម៉ែត្រ ផ្ទះទី៣ម្ចាស់មានឈ្មោះ លី ភឿក ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់នំបញ្ចុកយួន និងផ្ទះទី៤មានឈ្មោះ អ៊ឹង ហេង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរលក់គុយទាវ ផ្ទះមានទំហំបណ្តោយ ១៧ម៉ែត្រ ទទឹង៥ម៉ែត្រ ផ្ទះទាំង៤ខ្នងនេះ សុទ្ធតែសង់អំពីឈើ ដំបូលប្រក់សង្ក័សី ត្រូវបានអណ្តាតភ្លើងឆេះអស់ទាំងស្រុង ​គ្មានអ្នកណា​បានយកទ្រព្យសម្បត្តិ ចេញពីផ្ទះបាននោះទេ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះទាំង៤ខាងលើ បានដេកលង់លក់អស់ហើយ ស្រាប់តែម្ចាស់ផ្ទះលក់ស៊ុប ឮសម្លេងផ្ទុះ ពេលដែលគាត់ភ្ញាក់ពីដំណេក ស្រាប់តែឃើញមានភ្លើង ឆាបឆេះផ្ទះទៅហើយ ក៏បានស្ទុះងើបទៅដាស់កូនចៅ និងអ្នកជិតខាង គាស់ទ្វារផ្ទះឲ្យភ្ញាក់ទាំងអស់គ្នា ស្ទុះចេញងើបរត់ទាំងមមីមមើរ ជញ្ជូនខោអាវបាន​បន្តិចបន្តួច ក្រៅពីនោះ អណ្តាតភ្លើងបានឆាបឆេះអស់ទាំងស្រុង គ្រាន់តែមិនបណ្តាលឲ្យ មានអ្នករងរបួសទេ ។

លោក ឯក សារ៉េន អធិការរងផ្នែកសណ្ដាប់ធ្នាប់ ខណ្ឌច្បារអំពៅ បានប្រាប់អ្នកយកពត៍មានថា មុនពេលកើតហេតុ មានភ្លើងឆេះ ចេញពីផ្ទះលក់ស៊ុប សង្ស័យជាករណីទុរស្សខ្សែភ្លើង ​បង្កឲ្យឆេះរាលដាល ដល់ផ្ទះអ្នកជិតខាង សរុបទាំងអស់៤ផ្ទះ ក្នុងហេតុការណ៍នេះ ពេល​ដែលភ្លើងកំពុងតែឆាបឆេះ ឃើញមានស្លាកយីហោ ផ្ទះលក់ប្រេងធ្វើឲ្យសមត្ថកិច្ច និងប្រជាពលរដ្ឋ នាំគ្នាភ័យស្លន់ស្លោ គិតតែនាំគ្នាបាញ់ទឹកសម្រុកចូលផ្ទះនោះ ការពិតជាផ្ទះលក់នំបញ្ចុកសោះ ។

អគ្គីភ័យខាងលើនេះ ឆេះអស់ផ្ទះ៤ខ្នងទាំងស្រុង ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ការិ​យាល័យនគរបាល បង្កាពន្លត់អគ្គីភ័យ និងសង្រ្គោះស្នងការចុះមកអន្តរាគមន៍ចំនួន១៦គ្រឿង បានរលត់ទៅវិញនៅវេលាម៉ោង ៤និង១០នាទីទៀបភ្លឺ ថ្ងៃដដែល៕