ភ្នំពេញ៖ ជនជាតិចិនម្នាក់ បើករថយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់ ពេលបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ នឹងម្នាក់ទៀតរងរបួសធ្ងន់កាលវេលាម៉ោង១០នឹង៥០នាទី តាមបណ្តោយផ្លូវជាតិលេខ៤ នៅមុខខ្លោងទ្វារវត្ត អរុណវតី ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្ក ម៉ាក លុចស៊ីស 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-8877 បើកបរដោយជនជាតិចិន បើកក្នុងទិសដៅ ពីលិចទៅកើត ។ ម៉ូតូរងគ្រោះម៉ាកឌ្រីមសង់ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-0704 ជិះគ្នា ២នាក់បើកក្នុងទិសដៅពីកើតទៅលិច ។

ជនរងគ្រោះស្លាប់ឈ្មោះ បូ ពិសាល ភេទប្រុស អាយុ ៣៤ឆ្នាំ មុខបរជាងដែក ស្នាក់នៅម្តុំផ្សាត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិ ពងពស់ឃុំរោងដំរីស្រុកបាភ្នំ ខេត្តព្រៃវែង និងម្នាក់ទៀតរបួសធ្ងន់ មិនបានស្គាល់ឈ្មោះនៅឡើយ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង ស៊េរី២០១៦ ពណ៌ខ្មៅ បើកក្នុងទិសដៅពីលិចទៅកើតដោយជិះគ្នា ២នាក់ក្នុងល្បឿនមធ្យម ដោយផ្លូវជាតិខាងលើ មានសភាពខូចខាត មានក្រលុកធំៗ ហើយដោយភ្លើងម៉ូតូចុះឡើងៗ បន្ទាប់មកជនរងគ្រោះខាងលើ បើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ម៉ាកលុចស៊ីស 470 ខាងលើបើកដោយបុរសជនជាតិចិនខាងលើ បើកជៀសជហុកហើយ រ៉េចង្កូតមកផ្នែកខាងឆ្វេង បុកម៉ូតូជនរងគ្រោះចំថ្ពល់រថយន្តផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលឱ្យបុកអូស ប្រមាណជាង ១០ម៉ែត្រ និងបណ្តាលឱ្យម៉ូតូជនរងគ្រោះរួញមួយកំណាត់មុខ ចំណែកឯជនរងគ្រោះម្នាក់របួសធ្ងន់ដកដង្ហើមចង្រិត និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបាន រថយន្តសង្គ្រោះ ឯកជន ដឹកយកទៅសង្គ្រោះ តែអកុសលបានពាក់កណ្ដាលផ្លូវ អ្នករងរបួសដកដង្ហើមចង្រិត បានដាច់ខ្យល់ស្លាប់បាត់ ។

ដោយឡែកជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះ មន្ទីពេទ្យ សម្ភពរស្មី តែជនរងគ្រោះរបួសធ្ងន់ពេក មន្ទីរពេទ្យសម្ភពរស្មី បានដឹក យកទៅសង្គ្រោះបន្តនៅ មន្ទីពេទ្យ ព្រះកុសុមៈ ។

ប្រភពពត៌មានបានបន្តទៀតថា ខណៈពេលបុកភ្លាមៗ រថយន្តជនជាតិចិនខាងលើ មិនព្រមឈប់បានបើករត់ចេញពីកន្លែងកើតហេតុ ដោយបើកចូលក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ដោយរត់ចូលឃ្លាំងមួយកន្លែង គេចខ្លួនបាត់ទុករថយន្តនៅតាមផ្លូវ ហើយត្រូវបានប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ភ្លាមភ្លាមផងដែរ។

ក្រោយពេលកើតហេតុ ជំនាញចរាចរខណ្ឌពោធិ៍សែនជ័យ បានប្រគល់ឱ្យជំនាញ ចរាចរណ៍ធានីភ្នំពេញ ដើម្បីវាស់វែង និងយកម៉ូតូ ព្រមទាំង ស្ទូចរថយន្តបង្កខាងលើ យកទៅទុក ផ្នែកចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំ ម្ចាស់ចេញមុខដោះស្រាយ ថ្ងៃក្រោយ ៕