ខេត្ត​បន្ទាយមានជ័យ៖ ​កុដិ១ខ្នង២ជាន់ ត្រូវបានអគ្គីលេបបត្របាក់អស់ទាំងស្រុង កាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅភូមិវត្តស្រះចែង ស្ថិតក្នុងភូមិប្រី ឃុំទ្រាស ស្រុកស្វាយចេក។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា កុដិ១ខ្នងដែលត្រូវបានអគ្គីលេបត្របាក់អស់ទាំងស្រុងនេះ គឺធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំ​២៨ម៉ែត្រ គុណនឹង៩ម៉ែត្រ កម្ពស់២ជាន់ ពុំមានព្រះគង់នៅទេ។ រីឯសម្ភារដែលត្រូវអគ្គីបំផ្លាញទៅជាមួយកុដិទាំងមូលនោះ រួមមាន សរសរចំនួន៤០ដើម ឈើក្របចំនួន២០ម៉ែត្រគុប ក្តារចំនួន១៥ម៉ែត្រគុប និងស័ង្កីចំនួន១៨៩០សន្លឹក។

​លោកវរសេនីយ៍ទោ ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា មុនពេលកើតមានគ្រោះអគ្គិភ័យនោះ មានមនុស្សឆ្កូតម្នាក់បានមកស្នាក់នៅ លុះមកដល់វេលាខាងលើនេះ ក៏កើតមានគ្រោះអគ្គិភ័យបែបនេះតែម្ដង។ ប៉ុន្តែនៅពេលនោះ ក៏មនឃើញ​បុរស​កើតជំងឺសរសៃប្រសាទនោះដែរ។

លោកអធិការនគរបាល បានបន្តថា ករណីនេះ គឺសមត្ថកិច្ចបានព័ត៌មានយូរពេក ហើយភ្លើងបានឆេះសន្ធោសន្ធៅ ទម្រាំរថយន្តពន្លត់អគ្គិភ័យទៅដល់ គឺភ្លើងបានឆាបឆេះអស់ទៅហើយ។ ប៉ុន្តែយើងបានប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ទើបភ្លើងរលត់ទាំងស្រុង មិនរាលដាលឆេះកុដិដល់កុដិជិតខាង។

ទោះជាយ៉ាងណា គ្រោះអគ្គិភ័យនេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ។ ករណីនេះ សមត្ថកិច្ចក៏មិនទាន់ដឹងពីមូលដ្ឋានហេតុនោះដែរ គឺស្ថិតក្នុងការស្រាវជ្រាវនៅឡើយ៕