ភ្នំពេញ៖ បុរសម្នាក់ជានិស្សិតឆ្នាំទី៣ បើករថយន្ដវ៉ាជែងជាមួយរថយន្ដផ្សេងទៀតក្នុងល្បឿនលឿនមិនប្រយ័ត្ន បណ្ដាលឱ្យបុកក្មេងប្រុសម្នាក់ដើរឆ្លងផ្លូវបុកស្លាប់ភ្លាមៗ ហេតុការណ៍ នេះបានកើតឡើង កាលពីវេលាម៉ោង១០ និង៣០ នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០៨ នៅចំណុចផ្លូវបេតុងព្រៃ ស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្មេងប្រុសរងគ្រោះមានឈ្មោះ ម៉ុន ប៊ុនហេង អាយុ៩ ឆ្នាំមានទីលំនៅ ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ រីឯជនបង្កមានឈ្មោះ ស៊ុយ សារ៉ាក់ អាយុ២១ ឆ្នាំមុខរបរ និស្សិតឆ្នាំទី៣ មានទីលំនៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្ដកំពត ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 2AQ-7081 បើកបរតែម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន វ៉ាជាមួយរថយន្ដមួយគ្រឿងទៀត មិនចាំម៉ាកក៏ជ្រុលចង្កូត ទៅបុកក្មេងប្រុសដែលដើរឆ្លងផ្លូវបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។ ភ្លាមៗនោះ ម្ចាស់រថយន្ដជាជនបង្ក បានចុះពីរថយន្ដរត់គេចខ្លួន ប៉ុន្ដែត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ព្រៃវែង ធ្វើការឃាត់ខ្លួនយកមកធ្វើការសាកសួរ ។

បច្ចុប្បន្នជនបង្ក ត្រូវសមត្ថកិច្ចប្រគល់ទាំងរថយន្ដទៅឱ្យកម្លាំងសមត្ថកិច្ចចរារណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី ។ ចំណែកក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅតម្កល់វត្ដអង្គមេត្រី ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕