ភ្នំពេញ៖ រថយន្តកុងតៃន័រមួយគ្រឿង បោះពួយល្បឿនលឿន អ្នកបើកបរងោកមួយភាំង ហោះឡើងឆ្លងខឿនសួនច្បារព្រះចែកទ្រូងផ្លូវ ទៅបុករថយន្តតាកុមា និងម៉ូតូ បើកច្រាសទិស ផ្លោងខ្ទាតទៅធ្លាក់មាត់ប្រឡាយ មិនទាន់អស់ល្បឿន រថយន្តជ្រុលហួសឆ្លងទាំងប្រឡាយទៅបុកចូលរបងភូមិគ្រឹះរបស់ឯកឧត្តម ចម ប្រសិដ្ឋ បាក់ធ្លុះធ្លាយ បណ្តាលឱ្យខូចខាតសម្ភារៈ និងមនុស្ស២នាក់រងរបួសស្រាល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្កប្រភេទកុងតឺន័រ សណ្តោងរុឺម៉ក ម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 3A-0648 បើកបរដោយយុវជនម្នាក់ឈ្មោះ រៀម ឆានី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិរាមអណ្តើក ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានសមត្ថកុច្ចឃាត់ខ្លួន ។

រថយន្តរងគ្រោះ ម៉ាក តាកុមា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2O-3239 បើកបរដោយបុរសម្នាក់ ពុំមានរងរបួស និងម៉ូតូមួយគ្រឿងទៀត ទទួលរងក្នុងហេតុការណ៍ខាងលើ ម៉ាក ស៊ុយហ្ស៊ុយគី វីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BP-1456 ជិះគ្នា ២នាក់ពូនិងក្មួយ រងរបួសស្រាល ។ ដោយឡែក របងភូមិគ្រឹះរបស់ឯកឧត្តម ចម ប្រសិដ្ឋ ត្រូវបានកុងតឺន័របុកទំលុះ ធ្លាយបាក់មួយផ្ទាំង គៀបជាប់រថយន្តទៅមុខលែងរួច ។

តាមពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុ រថយន្តកុងតឺន័របង្ក បើកល្បឿនលឿន តាមផ្លូវផ្លូវទំនប់កប់ស្រូវ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងោក ទើបរេចង្កូតហោះឡើងឆ្លងកាត់ទទឹងខឿនសួនច្បារ ឆ្លងផ្លូវទៅបុករថយន្តតាកុមានិងម៉ូតូ ហើយបន្តទៅបុកទម្លុះរបងភូមិគ្រឹះ ទើបទៅមុខលែងរួច បណ្តាលឱ្យមនុស្ស ២នាក់រងរបួសស្រាល ខូចខាតតែសម្ភារៈ អ្នកបើកបរបង្កត្រូវបានកងអង្គរ័ក្សប្រចាំភូមិគ្រឹះឯកឧត្តម ចម ប្រសិដ្ឋ ចាប់ឃាត់ខ្លួនជាប់ ប្រគល់ឱ្យសមត្ថកិច្ច ។

ក្រោយកើតហេតុ ខណៈដែល គ្រោះថ្នាក់កើតឡើងមនុស្ស ២នាក់រងរបួសស្រាល រថយន្តបង្ក និងអ្នកបើកបររថយន្តរងគ្រោះ រួមទាំងម៉ូតូមួយគ្រឿង ត្រូវបាននគរបាលជំនាញចុះទៅពិនិត្យរួចស្ទូច អូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយពេលក្រោយ ៕