ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់មុខ ដោយមានស្នាមរបួសនៅតាមផ្លូវសង្ស័យជារឿងឃាតកម្ម បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។

ជនរងគ្រោះស្លាប់ក្នុងអំពើឃាតកម្ម មានឈ្មោះ ម៉ៅ រតនៈ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរដាំត្រកួន ស្នាក់នៅរោងចំការ ក្នុងបឹងក្បែរនោះ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ ។
ជនរងគ្រោះ មានប្រពន្ធឈ្មោះ សុឹន សាវតា អាយុ ២១ឆ្នាំ មានកូនស្រីម្នាក់អាយុ ១ឆ្នាំ និងកូនក្នុងផ្ទៃអាយុ៥ខែ ។

តាមសាច់ញាតិបានឱ្យដឹងថា មុនកើតហេតុកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩ ខែមករា ជនរងគ្រោះជិះកង់ចេញពីរោងដាំបន្លែ ទៅយកពិលផ្ទះបងប្អូននៅក្នុងភូមិហើយបាត់ មិនឃើញវិលទៅរោងសំណាក់វិញ នឹកស្មានថានៅដេកផ្ទះ គ្មានអ្នកចាប់អារម្មណ៍ រហូតដល់ព្រឹកឡើងថ្ងៃទី២០ ស្រាប់តែអ្នកភូមិទៅប្រាប់ថា ប្រទះឃើញជនរងគ្រោះដេកស្លាប់ តាមផ្លូវទៅវិញ ទើបនាំគ្នាឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ។

ក្រោយពីរទទួលបានការរាយការណ៍ពីរប្រជាពលរដ្ឋ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះទៅស្រាវជ្រាវ និងក្ដាប់បាននូវមុខសញ្ញា ក៏ឈានទៅដល់ឃាត់ជនសង្ស័យម្នាក់ យកមកសួនាំនៅអធិការខណ្ឌដង្កោ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់បានមានឈ្មោះ ឆាង ផានិត អាយុ ៣០ឆ្នាំមុខរបរមិនប្រាកដ ស្នាក់នៅភូមិកើតហេតុខាងលើ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា នៅមុខពេលកើតហេតុ ជនរងគ្រោះបានជិះកង់ទៅទិញថ្នាំពីររូបគេ ពេលនោះរូបគេមិនបានលក់ឱ្យទេ ធ្វើឱ្យជនរងគ្រោះខឹង ក៏បាននិយាយថា «ហែងចាំងមើលអញទៅប្រាប់ប៉ូលិសហើយ» ពេលដែលបានឮដូច្នេះ ជនសង្ស័យបានហៅបក្ខពួកមកវ៉ៃទៅលើជនរងគ្រោះ រហូតដល់ស្លាប់ ហើយនាំគ្នារត់គេចខ្លួនបាត់អស់ តែរូបគេមិនបានរត់គេចខ្លួនទេ គឺនៅដេកក្នុងបន្ទប់ធ្វើដូចជាអត់ដឹងរឿងអ្វី ទើបសមត្ថកិច្ចចាប់បានតែម្ដង ។

តែបើតាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា កាលពីយប់គេឃើញមនុស្សមួយក្រុម តែមិនច្បាស់ថាប៉ុន្មាននាក់ ហើយក៏មិនច្បាស់ថាជាអ្នកណាដែរ ដោយទីងងឹត ឮសូរមាត់នៅតាមផ្លូវ ក្បែរកន្លែង ដែលជនរងគ្រោះដេកស្លាប់ តែគ្មានអ្នកណាចាប់អារម្មណ៍ ចូលសម្រាកលង់លក់អស់ទៅ ។ រហូតដល់ព្រឹកឡើង ទើបប្រទះឃើញមានជនរងគ្រោះដេកស្លាប់ មានស្នាមរបួស សង្ស័យ រឿងឃាតកម្ម ជនដៃដល់ប្រើប្រាស់ដំបងឈើ វាយរហូតដល់ស្លាប់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យកោសល្យវិច័យ នៅកន្លែងកើតហេតុ និងប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតានប្រពៃណី ចំណែកជនសង្ស័យខាងលើត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការរដ្ឋានខណ្ឌដង្កោ ដើម្បីស្រាវជ្រាវ រកបក្ខពួកដែលជាជនដៃដល់មកផ្តន្ទាទោសទៅតាមច្បាប់ ៕