សិល្បៈ៖ រឿងអាស្រូវកើតឡើងសម្រាប់អ្នកបួស បម្រើក្នុងវិស័យព្រះពុទ្ធសាសនាទៀតហើយ ធ្វើឱ្យលេចឮដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ចំណុះជើងវត្ត មិននឹងស្មានដល់ និយាយខ្សឹបខ្សៀវគ្នា ពេញភូមិ បន្ទាប់ពីមានព្រះសង្ឃមួយអង្គ គង់នៅវត្តព្រះធម្មត្រ័យ ភូមិព្រៃស សង្កាត់​ព្រៃសរ ខណ្ឌដង្កោ បានប្រព្រឹត្តខុសនូវសីលធម៌ វិន័យ ជំនឿហួសហេតុ ដើម្បីកេងចំណេញ បៀតបៀនកេរ្ត៍ខ្មាស់ បន្ទាប់ពីយកធូប ៣សរសៃទៅចារឧបកិច្ច ប្រាប់ឱ្យបាត់អស់ចង្រៃលើប្រដាប់ភេទស្ត្រីម្នាក់ គាប់ជួនប្តីស្រ្តីរងគ្រោះ ចូលទៅទាន់ស្រែកប្តឹងប៉ូលិស ឃាត់នាំខ្លួន កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ។

ព្រះសង្ឃកំហូចខាងលើ មិនត្រូវបានសមត្ថកិច្ច ឬ ចៅអធិការវត្ត បង្ហាញឱ្យស្គាល់ព្រះនាមឡើយ ព្យាយាមលាក់បាំង ដើម្បីលួចដោះស្រាយគ្នារវាងព្រះសង្ឃ ជាមួយភាគីរងគ្រោះដោយស្ងាត់ៗ រួមទាំងមានការដឹងឮ ពីនគរបាលខណ្ឌដង្កោផងដែរ ។

បើតាមប្រជាពលរដ្ឋ ក្បែរខាងគ្រាន់តែឱ្យដឹងថា ព្រះសង្ឃមួយអង្គខាងលើ មានព្រះជន្មជាង ៦០ព្រះវស្សាមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំ ទើបតែមកគង់ស្នាក់នៅវត្តខាងលើបាន២ព្រះវស្សា ។ ពលរដ្ឋបន្តទៀតថា បើតាមអ្វីដែលលោកសង្ឃអង្គខាងលើ អួត តាំងខ្លួនមានបរមី ស្នង ស្តេចជាន់ដើមអង្គនេះ អង្គនោះ ពូកែស័ក្តសិទ្ធ ខាងមន្តអាគម អូមអាម ទស្សន៍ទាយឈុត បណ្ដេញគ្រោះ ធានាអស់ចង្រៃ ហើយចំនួន ២លើកមកហើយ លោកសង្ឃមួយអង្គខាងលើ ប្រើវិធីសាស្ត្រលួងបញ្ឆោតបំភ័យស្រ្តីៗ ដែលទៅឱ្យលោកគន់គូរទស្សន៍ទាយ កាត់​គ្រោះ ក្នុងរូបភាព ចារលើប្រដាប់ភេទ ផ្ទុះជារឿងអាស្រូវ តែត្រូវបានចៅអធិ​ការវត្ត សមត្ថកិច្ចព្យាយាមលាក់បាំង សម្របសម្រួល ជាមួយភាគីរងគ្រោះ ក្រៅប្រព័ន្ធច្បាប់ ដោយស្ងាត់ៗ ។

លុះមកដល់រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ ផ្ទុះរឿងសារជាថ្មី ដោយសារលោកសង្ឃមួយអង្គខាងលើ ប្រើល្បិច ទៅលើស្រ្តីម្នាក់ ប្រើធូប ៣សរសៃ ចារលើប្រដាប់ភេទ លុះពេលប្តីស្ត្រីខាងលើចូលទៅទាន់ ស្រែកផ្អើល ប្តឹងប៉ូលិសឃាត់នាំខ្លួន ទៅកាន់អធិការដ្ឋានខណ្ឌដង្កោ ដើម្បីសាកសួរ ។

តាមពលរដ្ឋ នៅក្នុងវត្តខាងលើ គ្រាន់តែឱ្យដឹងថា កាលពីល្ងាចថ្ងៃទី០៣ ខែមករា ម្សិលមិញ ក្រោយពីផ្ទុះរឿង លោកសង្ឃមួយអង្គ ប្រើល្បិចបង្គាប់ឱ្យស្ត្រីម្នាក់ស្រាតខោ ហើយយកជើងធូបមកចារលើប្រដាប់ភេទ ឧបកិច្ចឱ្យអស់ចង្រៃ ឃើញតែប៉ូលិស ខណ្ឌដង្កោមកនាំខ្លួនលោក យកចេញទៅ តែមិនដឹងថាយកទៅណានោះទេ ។

បើតាមនគរបាលខណ្ឌដង្កោ បានប្រាប់ថា រឿងរ៉ាវខាងលើ ពិតជាកើតឡើងមែន លោកសង្ឃ ចារប្រដាប់ភេទស្រ្តី តែបន្ទាប់ពីកម្លាំងជំនាញចុះទៅ មិនបាននាំខ្លួនលោកសង្ឃមកកាន់អធិការដ្ឋាននោះទេ សមត្ថកិច្ចបាននាំខ្លួនលោកសង្ឃមួយអង្គខាងលើ ទៅកាន់វត្តស្លែង ផ្លូវជាតិលេខ៣វិញ ជាវត្តអនុគុណ គង់នៅ ហើយសម្របសម្រួលគ្នាជាមួយភាគីរងគ្រោះ រួចរាល់អស់ហើយ ។

សូមបញ្ជាក់ថា រឿងរ៉ាវខាងលើ ទាំងចៅអធិការវត្ត ទាំងប៉ូលិស ព្យាយាមលាក់បាំងពត៌មាន ហើយសម្របសម្រួលជាមួយភាគីស្ត្រីរងគ្រោះដោយស្ងាត់ៗ បញ្ចប់រឿង ក្រៅប្រព័ន្ធច្បាប់ ទោះជាអ្នកព័ត៌មានសាកសួរ រឿងរ៉ាវពិត បែជាឆ្លើយ លិចកើត ជើងត្បូង ទៅវិញ ៕