ភ្នំពេញ​៖ សាលាដំបូងរាជធានីភ្នំពេញ នៅ​ព្រឹក ថ្ងៃទី​២៩ ខែធ្នូ​ ឆ្នាំ២០១៧នេះ បានកាត់ក្ដីលើ​សំណុំរឿង​បរិហារកេរ្តិ៍​ប្រមុខ​រដ្ឋាភិបាល តាមបណ្ដាញ​ហ្វេ​ស​ប៊ុ​ក ដោយសម្រេចឲ្យ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាញ់ និងសងជំងឺចិត្ត​សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន៤​ពាន់​លាន​រៀល (១​លាន​ដុល្លារ​) និង​បង់ពិន័យ​​ចូល​ក្នុងថវិការដ្ឋ ចំនួន​១០​លាន​រៀល។

សេចក្តីសម្រេច​នេះ​ ចេញ​ដោយ​លោក ហេង សុខ​ណា ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាញ់ក្តី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មី​ម្តងទៀត នៅក្នុង​សំណុំរឿង​បរិហាកេរ្តិ៍ កាល​ពីមួយ​ឆ្នាំមុន។ ​តាម​​រយៈ​​សេចក្តី​សម្រេច​​ នៅ​ថ្ងៃ​នេះ ​តុលាការ​​បាន​​បង្គា​ប់ឲ្យ​លោក ​សម រង្ស៊ី ​​​សង​​ប្រាក់​​ជំងឺ​​ចិត្ត​ដល់​ដើម​បណ្តឹង ​ចំនួន៤​ពាន់​​លាន​​រៀល ​​និង​​បង់ប្រាក់ពិន័យ​​ចូល​ក្នុងថវិកា​រដ្ឋ ​ចំនួន១០​លាន​​រៀល​។

​លោក គី តិច មេធាវី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ពាក្យ​បណ្ដឹង ប្រឆាំងនឹង​លោក សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៧​។

ពាក្យ​បណ្តឹងទាមទារ​សំណងជាទឹកប្រាក់ ចំនួន១លាន​ដុល្លារ​អាមេរិកនោះ បានកើត​ឡើង ក្រោយពី​លោក សម រង្ស៊ី បាន​ថ្លែង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដោយ​ចោទប្រកាន់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា បាន​សូកប៉ាន់​កញ្ញា ធី សុវណ្ណ​ថា ១លាន​ដុល្លារ​អាមេរិក ដើម្បី​ឲ្យ​អតីត​អ្នកគាំទ្រ​គណបក្សប្រឆាំង​ដ៏​សកម្ម​រូបនេះ វាយ​ប្រហារ​​ទៅលើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ខ្លួន​ធ្លាប់​គាំទ្រ​វិញ។ ជា​លទ្ធផល នៅ​ក្នុង​​សវនាការ នា​ព្រឹក ថ្ងៃទី២៩ ខែធ្នូ​ ឆ្នាំ២០១៧នេះ លោក ហេង សុខ​ណា ចៅក្រម​ជំនុំជម្រះ​ នៃសាលាដំបូងរាជធានីភ្នំពេញ បាន​បង្គាប់​​ឲ្យ​លោក សម រង្ស៊ី ដែល​បច្ចុប្បន្នកំពុង​និរទេស​ខ្លួន​ នៅក្រៅ​ប្រទេស ត្រូវ​សងជំងឺចិត្តទៅ​ដើមបណ្តឹង គឺ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នូវ​ទឹកប្រាក់​ចំនួន៤ពាន់​លាន​រៀល និង​ពិន័យ​ជាប្រាក់ ដាក់ចូល​ទៅក្នុងថវិការដ្ឋ​ ចំនួន១០លាន​រៀល។

លោក សំ សុខ​គង់ មេធាវី​លោក សម រង្ស៊ី បានសម្ដែងនូវការមិន​ពេញចិត្ត ​ចំពោះ​ការសម្រេច​របស់​តុលាការ​នោះឡើយ​។ លោកបានថ្លែងប្រាប់​សារព័ត៌មាន​ថា ការសម្រេច​បែបនេះ មិន​ផ្ដល់នូវយុត្តិធម៌​ដល់​កូនក្តី​លោក​នោះឡើយ​។ ដូច្នេះលោកនឹង​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី ដើម្បី​បន្ត​ប្ដឹងទៅ​សាលាឧទ្ធរណ៍ ​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​នេះ​។​

យ៉ាងណាក៏ដោយ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​អះអាងថា លោក​មិន​ខ្វល់ខ្វាយ​ពី​ពាក្យបណ្តឹង​ទាំងនោះ​ឡើយ។

គួរ​បញ្ជាក់​ថា នេះ​មិនមែនជា​បណ្តឹង​ទី១ ដែល​កំពុង​រុំ​ព័ទ្ធ​ទៅលើ​អតីត​ប្រធាន​គណបក្សប្រឆាំង​លោក សម រង្ស៊ី នោះទេ។ មាន​ពាក្យបណ្តឹង​យ៉ាងតិច​ចំនួន៩ឯណោះ ដែល​កំពុង​ចាក់ស្រេះ ​លើ​ខ្លួនប្រាណ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ក្នុងនោះ៥បណ្តឹង​ត្រូវបាន​តុលាការ​កាត់ក្តី​រួចរាល់ហើយ។ រីឯ៤បណ្តឹង​ទៀតកំពុងស្ថិត​នៅក្នុង​ដៃ​របស់​តុលាការ​នៅឡើយ។ ពាក្យបណ្តឹង​ភាគច្រើន គឺ​ប្តឹង​ដោយ​មន្ត្រីជាន់ខ្ពស់របស់​រដ្ឋាភិបាល និង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។ ​ចុង​ក្រោយនេះ លោក សម រង្ស៊ី កំពុង​រង​នូវពាក្យបណ្តឹង​ជាថ្មី​មួយទៀត មកពី​ក្រុម​មេដឹកនាំ​យោធា​កម្ពុជា ពីបទ​ញុះញង់​​ កុំ​ឲ្យ​កងទ័ព​ស្តាប់​បញ្ជា​មេបញ្ជាការ និង​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព។ ពាក្យបណ្តឹង​នេះ បាន​ទៅ​ដល់ដៃ​តុលាការក្រុង​ភ្នំពេញ កាលពីអំឡុងដើមខែធ្នូ ឆ្នាំ២០១៧នេះ៕