ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ត្រូវបានប្រុសព្រានលួងលោមដឹកយករំលោភសេពសន្ថវៈ អស់រយៈពេល៤ថ្ងៃ ទើប​​​ប្រាប់ម្ដាយ រត់ទៅប្ដឹងសមត្ថកិច្ច កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់រលាប ក្រុងពោធិ៍សាត់។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ​ស្រ្ដីរងគ្រោះ ឈ្មោះ ផេង ចរិយា អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃ​ឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់។ រីឯជនសង្ស័យ ឈ្មោះ សាន រស់នៅភូមិតាកុយ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។

មន្រ្ដីនគរបាលដដែល បានឲ្យដឹងតាមការរៀបរាប់របស់ជនរងគ្រោះថា កាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ជនសង័្សយខាងលើ ក៏បានប្រើល្បិចបបួលនាងទៅដើរលេងនៅក្នុងវត្តមុនីរតនារាម។ លុះពេលគេជិះម៉ូតូដឹកនាងទៅដល់កន្លែងនោះ ចំពេលស្ងាត់ មិនមានឃើញមានព្រះសង្ឃ និងកូនសេក្ខនៅជិតនោះ ស្រាប់តែបុរសខាងលើ​ បានចាប់នាងរំលោភរហូតបានសម្រេច ហើយរត់គេចខ្លួនបាត់។ លុះក្រោយពេលកើតហេតុបាន៤ថ្ងៃ ទើបជនរងគ្រោះបាយករឿងរ៉ាវទាំងនេះមកប្រាប់ម្ដាយ ហើយនាំនាងទៅ​ដាក់ពាក្យបណ្ដឹង ដើម្បីសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមឃាត់ខ្លួនជនល្មើស នាំមកចាត់ការតាមច្បាប់។

ក្រោយពេលទទួលពាក្យបណ្ដឹងរួច សមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរកជនសង្ស័យ តែរហូតមកដល់ពេលនេះ គឺសមត្ថកិច្ចមិនទាន់ចាប់ខ្លួនជនសង្ស័យបាននៅឡើយ ហើយទំនងជាគេដឹងខ្លួនទាន់ ក៏រត់គេចខ្លួនបាត់៕