ខេត្តកណ្ដាល៖ បុរសម្នាក់ជិះម៉ូតូទៅរាយបង្កៃត្រី ក៏ត្រូវជនសង្ស័យមួយក្រុមវាយឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៧ ហើយនាំគ្នាគេចខ្លួនបាត់ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិតក្នុងភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុកកោះធំ។

មន្ត្រីនគរបាលស្រុកោះធំ បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធ នឹងអំពើហិង្សានោះ ទី១-ឈ្មោះ ជា បូរ៉ា ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មការិនីរោងចក្រ (ឃាត់ខ្លួន​) មានលំនៅ នៅភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ទី២-ឈ្មោះ ឃុល បូរា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាកសិករ (គេចខ្លួន) មានលំនៅក្នុងភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល​ និងទី៣-ឈ្មោះ​ ស្រឿង ក្រត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកសិករ (គេចខ្លួន)​ រស់នៅភូមិព្រែកតាដុល ឃុំពោធិ៍បាន​ ស្រុកកោះធំ​ ខេត្តកណ្ដាល។ រីឯជនរងគ្រោះ ឈ្មោះ ទក ធី​ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុកកោះធំ​ ខេត្តកណ្ដាល។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ​​ ជនរងគ្រោះបានទៅបង់សំណាញ់ នៅក្នុងប្រឡាយ៣៨ ក៏បានជួបនឹងជនសង្ស័យ ឈ្មោះ ជុល បូរ៉ា និងឈ្មោះ ស្រឿង ក្រត ។ បន្ទាប់មកពួកគេបានទាក់ពាក្យគ្នាជាមួយនឹងជនសង្ស័យទាំងពីរ ពីបញ្ហារឿងដាក់មងបីជាន់ និងដើរឆក់ត្រី។

ភ្លាមៗនោះ ជនរងគ្រោះបាននិយាយទៅកាន់ឈ្មោះឃុល បូ​ រា និងស្រឿង ថាបងឯងរកអីរកទៅ កុំមកក្បែរកន្លែងបង់ត្រីរបស់ខ្ញុំ។ ឮបែបនេះ ជនសង្ស័យក៏បានឆ្លើយថា អញចង់រក អញចង់កូរ អីស្រេចតែអញ។ លុះរំលងបានចំនួន៥ថ្ងៃ ពោលគឺនៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅបង្កៃសន្ទូច ក៏ជួបនឹងជនសង្ស័យ ឈ្មោះ ស្រឿង ក្រត ស្រាប់តែឈ្មោះ ស្រឿង ក្រត បានកៀរម៉ូតូជនរងគ្រោះ និងបានហៅឈ្មោះ ឃុល បូរា និងប្រពន្ធឈ្មោះ​ ជា បូរ៉ា ឲ្យមកព្រួតវាយជនរងគ្រោះ។ ភ្លាមនោះ ឃុល បូរ៉ា និងជា បូរ៉ា​បាននាំគ្នាទៅដល់ រួចបានចូល វាយជនរងគ្រោះ ទក ធី នឹងដុំឈើ បណ្ដាលឲ្យរងរបួស​រយះចិញ្ចើមខាងឆ្វេង ​ដេរចំនួន៣ធ្នេរ និងរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងក្រោយ រួចបានរត់គេចខ្លួនបាត់​។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលពោធិ៍បាន ទើបសមត្ថកិច្ចមូលដ្ឋាន និងស្រុកកោះធំ ចុះទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងរត់គេចខ្លួនបាត់២នាក់៕