ភ្នំពេញ៖ រថយន្តមិនស្គាលម៉ាកមួយគ្រឿង បើកបោះពួយលឿនបុកម៉ូតូហុងដាឌ្រីមមួយគ្រឿង ត្រឡប់មកពីទិញទឹកហូបវិញ ដោយជិះម៉ូតូសសៀរខាងឆ្វេងដៃ បម្រុងឆ្លងផ្លូវ ក៏ត្រូវរថយន្តបុកពេញទំហឹងផ្លោង បោកក្បាលស្លាប់ កាលពីវេលាម៉ោង៣​ទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខហាងលក់​កាដូអនុស្សាវរីយ៍ យីហោរតនៈ សំណាង ផ្ទះលេខ១០២០ ស្ថិតក្នុងក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះ ឈ្មោះ អឿន កុយ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅម្តុំភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅឃុំច្បារអំពៅ ភូមិស្ទឹងឆ្វេង ស្រុកបាធាយ ខេត្តកំពង់ចាម​។

តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ​ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1DO-5106 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ទើបតែចេញមកពីកន្លែងម៉ាស្សា ក្បែរឃ្លាំងសាំងសូគីម៉ិច ក្នុងគោលបំណងទៅទិញទឹកហូប ។

ខណៈ​ពេលទិញហើយក៏បត់ត្រឡប់មកវិញ ទៅកន្លែងម៉ាស្សា ដោយធ្វើដំណើរ​ពីជើងទៅត្បូងវិញ​ ​ដោយសារតែជនរងគ្រោះខ្ជិលវៀងផ្លូវ ក៏ឆ្លងផ្លូវជិះបញ្ច្រាស់ខាងឆ្វេងដៃ រៀបនឹងឆ្លងផ្លូវហើយ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើក​តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង បើកក្នុងល្បឿនយ៉ាងលឿនដូចហោះ ទៅបុកម៉ូតូហុងដាឌ្រីម ​ចំពាក់កណ្តាលម៉ូតូ បណ្តោយឱ្យ​ម៉ូតូផ្លោង ទៅកណ្តាលផ្លូវជាង ១០ម៉ែត្រ ចំនែកឯជនរងគ្រោះវិញ ខ្ទេចទៅផ្លូវម្ខាងទៀត បោកបាក់ក និងបាក់ជើងខាងស្តាំ ចេញឈាមតាមត្រចៀកស្លាប់ ។ ភ្លាមៗនោះដែរ រថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោល ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានលើកឡើងថា សង្ស័យជារថយន្តដឹកត្រីបុកហើយ ពីព្រោះឃើញរថយន្តដឹកត្រីមួយគ្រឿង បើកយ៉ាងលឿនដូចហោះ មើលស្លាកលេខមិនទាន់ ​បានបើកចេញទៅបាត់ ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានម្តាយដឹក យក​យកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅឯស្រុកកំណើត ចំនែកឯម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំប្រគល់ឱ្យខាងសាច់ញាតិ ជនរងគ្រោះតាមក្រោយ ៕