ខេត្តពោធិ៍សាត់​៖​ ស្រ្ដីចំណាស់ម្នាក់បានចូលងូតទឹក នៅក្នុងបន្ទប់ទឹក លុះពេលបើកទ្វារចេញមកវិញ ក៏ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ចោល​កូន៤នាក់ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅ​ភូមិ​ពោធិ៍​ដំណាក់ ​ឃុំ​វាល​ ស្រុក​កណ្តៀង​។

មន្រ្ដីនគរបាមូលដ្ឋាន បានឲ្យដឹងថា ស្រ្ដីរងគ្រោះ ​ឈ្មោះ ​ពៅ​ ហាង​ អាយុ​៥៦​ឆ្នាំ​ រស់នៅ​ភូមិ​ពោធិ៍​ដំណាក់​ ឃុំ​វាល​ ស្រុក​កណ្តៀង​ ខេត្តពោធិ៍សាត់​ ហើយគាត់មានកូនប្រុសចំនួន៤នាក់។ ជនរងគ្រោះ បានស្លាប់ដោយសារចរន្តអគ្គិសនីឆក់។

ប្រភពព័ត៌មានពីអ្នកភូមិ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះអកុសលនោះ ជនរងគ្រោះ បាន​ចូល​ទៅ​ងូតទឹក នៅ​ក្នុង​បន្ទប់ទឹក​ ជាប់​នឹងផ្ទះ​របស់គាត់។ លុះពេលគាត់​ងូតទឹក​រួចហើយ​ ក៏​បើកទ្វារ​បម្រុង​ចេញ​មក​ខាងក្រៅ​វិញ​ ស្រាប់តែ​ត្រូវចរន្ត​ភ្លើង​ឆក់​ បង្កឲ្យភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ ​ស្រែកហៅ​អ្នកស្រុក​ឲ្យជួយ​ដឹកជនរងគ្រោះ​បញ្ជូនទៅ​សង្គ្រោះ​នៅ​ក្នុងមន្ទីរពេទ្យ​បង្អែកខេត្តពោធិ៍សាត់​។ ប៉ុន្តែជាអកុសល​ នៅពេល​បញ្ជូនទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

មន្ត្រីនគរបាលស្រុកកណ្ដៀង បានឲ្យដឹងថ បន្ទាប់ពីទទួលបាននូវព័ត៌មានបែបនេះភ្លាម សមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញក៏​បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ ​ឃើញ​ថា​ មាន​ខ្សែភ្លើង​មួយ​ខ្សែ​ត​ភ្ជាប់​ពី​ផ្ទះ​ជន​រង​គ្រោះ​ចូល​មក​ក្នុង​បន្ទប់ទឹក​ ហើយ​ខ្សែភ្លើង​នោះ​គង​ពីលើ​ទ្វារ​ស​ង្គ័​សី​ និងមាន​ស្នាម​ដាច់រលាត់។ ដូច្នេះសមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​ភ្លើង​ ពី​ខ្សែ​ទៅ​នឹង​ទ្វារ​សង័្កសី ទើប​បណ្តាល​ឱ្យ​ឆក់​ជន​រង​គ្រោះ​ស្លាប់​បែប​នេះ​។

ក្រោយពេលពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពរបស់ជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕