​បុរសម្នាក់ ជាអ្នកលក់ទូរស័ព្ទ តាមអនឡាញ ពេលចូលកំសាន្តនៅក្នុងមជ្ឃមណ្ឌលរ៉ក់ ហើយ​ស្រវឹងស្រាខ្លាំងពេក ចូលដេកក្នុងរថយន្ត ម៉ាកតូយ៉ូតាព្រូសមួយគ្រឿង រហូតដេកស្លាប់គ្មាននរណាដឹង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤​ទៀបភ្លឺ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅមុខមជ្ឈ​មណ្ឌលរ៉ក តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សមត្ថកិច្ចបានប្រាប់ថា សពបុរសដែលស្លាប់ ក្នុងរថយន្ត​មានឈ្មោះ ហេង សីហា ​ អាយុ៣៣ឆ្នាំ មុខរបរលក់ទូរស័ព្ទ តាមអនឡាញ ស្នាក់នៅផ្លូវបេតុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ​ដេកស្លាប់ក្នុងរថយន្ត ​របស់មិត្តភក្តិម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AM ២១៨៦​ ។

ស្រ្តីជាម្ដាយបង្កើតសព មានឈ្មោះ អួន មុំ អាយុ៦៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ០៤ ផ្លូវជាតិលេខ១ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ បានប្រាប់អ្នកយកព័ត៌មាន​ថា មុនកើតហេតុ នៅវេលាទៀបភ្លឺ មានមិត្តភក្តិប្រុស របស់កូនប្រុសគាត់ បានមកគោះទ្វារផ្ទះ គាត់បានបើកទ្វារសួរថា មានរឿងអី ក៏ត្រូវមិត្តភក្តិនោះប្រាប់ថា កូនប្រុស​របស់គាត់ ដេកស្លាប់ក្នុងរថយន្ត បន្ទាប់ពី​ផឹកស្រវឹង ហើយរត់ចូលទៅដេក ក្នុងរថយន្តព្រូស ចតនៅក្នុងបរិវេណមជ្ឃមណ្ឌលរ៉ក ពេលលឺសំដីរបស់ មិត្តភ័ក្រ្តកូនគាត់ហើយ គាត់សឹងតែមិនជឿ ព្រោះកូន​របស់គាត់​ មិនដែលមានជំងឺអ្វីទាល់តែសោះ ។ ​ក្រោយមក គាត់បាន​ចុះទៅដល់កន្លែងកើតហេតុ បានស្នើអោយសមត្ថកិច្ច ធ្វើកោសល្យវិច្ច័យ អោយបានច្បាស់លាស់ពីមូលហេតុ។

ស្រ្តីជាម្ដាយសព បានបន្តទៀតថា សព្វថ្ងៃគាត់មានកូនចំនួន៤នាក់ ប្រុស៣ស្រី១ កូនដែលស្លាប់ជាកូនទី៤ ​បានរៀបការនិងមានចំណងដៃ កូនប្រុសអាយុ៤ឆ្នាំហើយ ប៉ុន្តែប្រពន្ធរបស់គេ បានស្លាប់ពេលកូនប្រុស អាយុ១ឆ្នាំ ​ដោយសារមាន​ជំងឺ ឈាមសស៊ីឈាមក្រហម សព្វថ្ងៃចៅប្រុសគាត់ បានរស់នៅនិងការគ្រប់គ្រង នៅខាងម្តាយក្មេករបស់គេ។

​សមត្ថកិច្ចបានសួរនាំមិត្តភក្កិ របស់ជនរងគ្រោះ មាន​ឈ្មោះ សិរី នរិន្ទ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមន្រ្តីព្រឹទ្ឋសភា ស្នាក់នៅផ្ទះលេខ១៦១ ផ្លូវបេតុង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បានបំភ្លឺជាមួយ និងសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះបានបបួលមិត្តភ័ក្រ្ត ប្រុស៣នាក់ រួមនិងគាត់មកផឹកស៊ី តាំងពីថ្ងៃត្រង់ គឺផឹក​នៅកែបថ្មី ​យីហោ៥៥៥ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ លុះពេលផឹកដល់យប់បន្តិច ក៏នាំគ្នាជិះរថយន្តព្រូស ទៅផឹកបន្តនៅហាងខាងក្រោយ ក្រសួងរៀបចំដែនដីនគរូបនីយ៍កម្ម សុរិយោដី និងសំណង់ រហូតដល់យប់ជ្រៅ​ ក៏បន្តមកផឹកនៅមជ្ឃមណ្ឌលរ៉ក បន្ទប់ខោរ៉ាអូខេ ខណៈពេលចូលបានមួយសន្ទុះ​ បុរសរងគ្រោះជាមិត្តភក្តិប្រាប់ថា សុំខ្ចីសោរថយន្ត ព្រោះរូបគេស្រវឹង ផឹកលែងបានទៀតហើយ ទៅដេកចាំក្នុងរថយន្តមុន ចំណែករូបគាត់នៅផឹកបន្ត​​ រហូតដល់ម៉ោង៣និង៣០នាទីទៀបភ្លឺ បានគិតលុយបន្ទប់ អោយគេរួច រៀបចំចេញ​​ទៅផ្ទះវិញ ស្រាប់តែឃើញបុរសជាមិត្តភក្តិ ដេកក្នុងរថយន្ត មិនមានពាក់អាវ ហើយគោះទ្វារយ៉ាងម៉េច ក៏មិនព្រមឆ្លើយតបវិញសោះ ក្រោយមកក៏ហៅសន្តិសុខ នៅរ៉ក់ អោយមកជួ​យរហូតដល់ ក្រោយមកសមត្ថកិច្ច ចុះមកពិនិត្យបុរសជាមិត្តភ័ក្រ្តខ្លួន សង្ស័យខ្យល់គរស្លាប់ក្នុងរថយន្ត​។

សមត្ថកិច្ចនគរបាល បច្ចេកទេសកោសល្យវិច្ឆ័យ ស្នងការរាជធានីភ្នំពេញ និងមានពេទ្យអមសាលាដំបូង រាជធានីភ្នំពេញបានប្រា​ប់ថា ក្រោយពីត្រួតពិនិត្យ ជុំវិញបរិវេណ រថយន្តព្រូសរួចហើយ រថយន្តជាប់សោ ក៏បានអោយជាងសោ មកធ្វើសោបើកមើលខាងក្នុង ខាងក្រៅ មិនមានអ្វីស្លាកស្នាម ទើបសន្និដ្ឋានថា ខ្យល់គស្លាប់ ឬដេកថប់ដង្ហើម ដោយសាររថយន្ត​បានពន្លត់ម៉ាស៊ីនផងដែរ ។

ការសន្និដ្ឋានជំហានដំបូង ដោយបូមឈាម និងទឹកនោមយកទៅធ្វើតេស្ត ដើម្បីចង់ដឹងថា សព​មានប្រើប្រាស់ សារធាតុញៀនដែរឬទេ ។ សពបានប្រគល់អោយក្រុមគ្រួសារ ដឹកសពតាមរថយន្តរបស់ នគរបាលបច្ចេកទេស យកទៅវត្តនិរោធ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តដែល បុរសរងគ្រោះដេកស្លាប់នោះ ត្រូវយករក្សាទុក នៅនគរបាលប៉ុស្តិ៍ ជាបណ្ដោះអាសន្នសិនរងចាំត្រួតពិនិត្យ រួចរាល់និងអោយយក ត្រលប់ទៅវិញ ៕