ភ្នំពេញ៖ ថៅកែជនជាតិចិនម្នាក់ ធ្វេសប្រហែសក្នុងការងារ ខណៈដែលកំពុងធ្វើការ ស្រាប់តែម៉ាសុីនទាញចូល កិនគៀបជាប់ក្នុងម៉ាសុីនកិនក្រដាស ហើយត្រូវបានជនជាតិចិនដូចគ្នា ដឹកបញ្ជូនទៅមន្ទីរពេទ្យ ហុងអុិន ស្ទឹងមានជ័យ ដើម្បីឱ្យអស់ចិត្ត ត្រូវបានគ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះស្លាប់បាត់ ទើបដឹកយកទៅតំកល់ទុក នៅវត្តស្ទឹងមានជ័យ តាំងពីវេលាម៉ោង៣និង២០ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងសិប្បកម្ម កិនក្រដាស់មួយកន្លែង ក្នុងដីឡូត៍ តាមផ្លូវលំ ក្នុងភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងមានឈ្មោះ ANG XI ភេទប្រុស អាយុ ៣៩ឆ្នាំ ជាជនជាតិចិនដីគោក ហើយជាថៅកែសិប្បកម្មខាងលើផ្ទាល់តែម្តង កាន់លិខិតឆ្លងដែនលេខ 79024589 ស្នាក់នៅផ្ទះជួល នៅក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។

តាមជនជាតិចិនដូចគ្នាដែលស្គាល់ថៅកែចិនខាងលើបានឱ្យដឹងថា ជនរងគ្រោះទើបតែតម្លើង ម៉ាសុីន បើកសិប្បកម្មកិនក្រដាស់ កែច្នៃក្រដាស់ មានកម្មករចំនួន ៦នាក់ ខ្មែរ រួមជាមួយថៅកែ សរុបគ្នា ៧នាក់ ហើយនៅថ្ងៃកើតហេតុ ជនរងគ្រោះ រួមជាមួយកម្មករ ធ្វើការងារកិនក្រដាស់ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនរងគ្រោះ រុញក្រដាស់ចូលម៉ាសុីនដើម្បីកិន ស្រាប់តែ ទាញដៃចូលក្នុងរលូ អូសទាញដៃ ដោយទាំងក្បាលគៀបជាប់នឹងម៉ាសុីន ។

ភ្លាមៗនោះ ត្រូវបានកម្មករ បិទប៉ារ៉ែតភ្លើង ទាញយកជនរងគ្រោះចេញ ហើយហៅជនជាតិចិនម្នាក់ទៀតត្រូវជាសាច់ញាតិ មកជួយដឹកជនរងគ្រោះ ទៅគ្លីនិកហុងអុិន សង្ទឹងមានជ័យ តែគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបដឹកយកទៅតំកល់ទុកនៅ វត្តស្ទឹងមានជ័យ ។

ប្រភពដដែលបន្តទៀតថា ដោយសារ ទើបតែមកស្នាក់នៅ មិនដឹងប្រាប់រាយការណ៍ទៅខាងណា មានតែប្រាប់ទៅខាងស្ថានទូតចិន ក្រសួងមហាផ្ទៃ ទើបនៅព្រឹកថ្ងៃទី០៨ ខែធ្នូ នេះទាល់តែជំនាញស្នងការក្រុងប្រាប់ពីលើមកវិញ ទើបនគរបាលមូលដ្ឋាន ភ្ញាក់ផ្អើល ឆោឡោ នាំគ្នាដើរស្វែងរក ស្រាវជ្រាវទៅដល់ ទីតាំងសិប្បកម្ម សមត្ថកិច្ចជំនាញពិនិត្យ ម៉ាសុីនស្រូបទាញមនុស្ស ឃើញប្រឡាក់សុទ្ធតែឈាមនៅដិតដាមនៅឡើយ ។

ក្រណីខាងលើ ត្រូវបាននគរបាលជំនាញខណ្ឌ នគរបាលមូលដ្ឋាន ចុះទៅពិនិត្យមើលផ្ទាល់ដល់សិប្បិកម្មកិនក្រដាស់ ហើយសាកសួរ ដើម្បីធ្វើឯកសារទៅតាមជំនាញ ៕