ភ្នំពេញ៖ ក្រោយពេលគណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​ បដិសេធនូវការទទួល​យកអាសនៈរបស់ខ្លួនទាំង១១កៅអី ដែលបានមកពីការំលាយគណបក្សសង្គ្រោះជាតិនោះមក អតីតតំណាងរាស្រ្ដ២នាក់ ដែល​បាន​ជាប់ឆ្នោត ​ក្នុង​កូតា​គណបក្ស​សង្គ្រោះ​ជាតិ មានឱកាស​អង្គុយ​កៅអី​តំណាង​រាស្ត្រ​របស់ខ្លួន​ឡើងវិញ​ ក្នុង​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក ហួន រាជចំរើន ប្រធានគណបក្ស​ខ្មែរ​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច, លោក សេង សុខេង ប្រធានគណបក្ស​សញ្ជាតិ​កម្ពុជា និង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច

​លោក វ៉ាន សំអឿន និង​លោក ឡុង ប៊ុ​ន្នី ជាអតីតមន្ត្រី​បក្សប្រឆាំង​ ​បាន​ចូលរួម​ជា​បន្តបន្ទាប់​ ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្សកាន់អំណាច ស្ថិត​ក្នុងចំណោម​តំណាងរាស្ត្រ​ថ្មី​ចំនួន​១១​នាក់ ​តាមរយៈ​ការបែងចែក​អាសនៈ ដោយគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត(គជប) ក្រោយ​ការរំលាយគណបក្សសង្គ្រោះជាតិ និង​ការបដិសេធ​នូវការទទួលយក​អាសនៈរបស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដឹកនាំដោយលោក ខឹម វាសនា និង​គណបក្ស​ខ្មែរ​ឈប់​ក្រ ដឹកនាំដោយលោក ក្រវាញ ដារ៉ន​។

លោក វ៉ាន សំអឿន បានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលកំពត ក្នុងកូតាគណបក្សសង្គ្រោះជាតិ (CNRP) តែក្រោយមកលោក​បានសម្រេចចិត្តទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា( CPP)វិញ កាលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥។ ចំណែក​លោក ឡុង ប៊ុន្នី អតីតតំណាងរាស្ត្រព្រៃវែង បាន​ប្តូរជីវភាពនយោបាយរបស់ខ្លួន ​កាលពីអំឡុង ខែតុលា ឆ្នាំ២០១៧នេះ។ ចំពោះការជ្រើសតាំងថ្មីនេះ លោក ឡុង ប៊ុន្នី បានក្លាយជាតំណាងរាស្ត្រ​ព្រៃវែង​វិញ ខណៈលោក វ៉ាន សំអឿន ប្តូរទៅខេត្តកណ្តាល។

​លោក យ៉ែម បុញ្ញឫទ្ធិ អតីត​តំណាងរាស្ត្រ និង​ជា​អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ

ដោយឡែកតំណាងរាស្ត្រថ្មី៩រូបផ្សេងទៀត​របស់គណបក្សដែលកំពុងតែគ្រប់គ្រងអំណាច( CPP)​នោះ រួមមាន លោក សៀង ស៊ុតថង (តំណាងរាស្រមណ្ឌលខេត្តបាត់ដំបង) លោក អ៊ី សំអុល លោក ម៉ា ឈឿន និងលោកស្រី ខុន ស៊ុនអេង (តំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ចាម) លោក គោស៊ុំ សារឿត (តំណាងរាស្រ្ដមណ្ឌលខេត្តកណ្តាល) លោក ជៀប ស៊ីវន លោក ពេជ្រ គឹមស្រ៊ាង និងលោក លី ឆេង (តំណាងរាស្រ្ដមណ្ឌលភ្នំពេញ) លោក ម៉ុម ស៊ីបុន (តំណាងរាស្រ្ដមណ្ឌលខេត្តព្រៃវែង)។

ជាមួយនឹងការបែងចែកអាសនៈរបស់អតីតគណបក្សសង្រ្គោះជាតិនោះ មន្ត្រីជាន់ខ្ពស់ នៃគណបក្សនេះ ក៏បានសើចចំអកឲ្យគណបក្ស ដែលទទួលយកអាសនៈពីការបែងចែកអាសនៈរបស់ខ្លួន ដោយបានវាយប្រហារ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុងន័យ​រិះគន់ និង​សើចចំអក​ឲ្យ​គណបក្ស​ ដែល​ស្ម័គ្រចិត្ត​ទទួល​យក​​អាសនៈ​ទាំងនោះ​។ ការវាយប្រហារ​យ៉ាងធ្ងន់​បំផុត តាមរយៈ​វោហារសាស្ត្រ បាន​ធ្វើឡើង​ព្រមៗ​គ្នា ដោយ​សំដៅទៅលើ​គណបក្ស​ទាំង​៣ នៅពេល​ពួកគេបានចូល​អង្គុយ​ក្នុង​រដ្ឋសភា​ ជា​លើកដំបូង នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ក្នុងចំណោម​គណបក្ស​ទាំងនោះ រួមមាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គណបក្ស​សញ្ជាតិ​កម្ពុជា ដឹកនាំដោយ លោក សេង សុខេង និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ដឹកនាំ ដោយលោក ហួន រាជចំរើន។

ជាមួយគ្នានេះ ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏បានស្នើឲ្យសហគមន៍​អន្តរជាតិ មិន​ទទួលស្គាល់​តំណាងរាស្ត្រ​ក្លែងក្លាយ ដែល​ទើបតែ​ទទួលបាន​តំណែង ដែលតាមអ្វីដែលលោក សម រង្ស៊ី ចោទថា ​សម្ដេច ហ៊ុន សែន បាន​ប្លន់​​ពី​គណបក្ស​សង្គ្រោះ​ជាតិ យកទៅ​ចែក​ឲ្យ​អ្នក​ទាំងនោះ​»​។ រីឯ​លោក អេង ឆៃអ៊ាង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏បានថ្លែងថា ​ពួកនេះហៅថា​តំណាង​អត់​រាស្ត្រ​»​។​

​លោក អ៊ូ ច័ន្ទ​ឫទ្ធិ អតីត​ប្រធាន​គណៈកម្មាធិការ​នាយក ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏បានបន្ទរថា «​ក្រុម​នេះ ជា​តំណាង​ខ្យល់ គ្មាន​កិត្តិយស​ជា​តំណាងរាស្ត្រ​ទេ ព្រោះ​រាស្ត្រមិនបាន​បោះឆ្នោត​ឲ្យ​»​។​

ស្របគ្នានេះ ​លោក យ៉ែម បុញ្ញឫទ្ធិ អតីត​តំណាងរាស្ត្រ និង​ជា​អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បានចាត់ទុកមន្ត្រីមកពីគណបក្សទាំង៣ ដែលទទួលយកអាសនៈរបស់បក្សខ្លួនថា «​តំណាង​បន្តុប ដែល​ពុំមាន​ការគាំទ្រ ​ជា​សន្លឹកឆ្នោត​របស់​ប្រជាពលរដ្ឋ​គ្រប់គ្រាន់ ​សូម្បី​តែមួយ​អាសនៈ ក៏គ្មានដែរ ស្រាប់តែ​ពេលនេះ ពួក​គេ​មិន​ញញើត ​និង​ឃុបឃិត​គ្នាជាន់ឈ្លី​ឆន្ទៈ​រាស្ត្រ ព្រោះ​តែម​ហិ​ច្ឆតា​ផ្ទាល់ខ្លួន​»​។​

​លោកស្រី ម៉េង សុភា​រី អតីត​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​មាន​អាជីព​ជា​មេធាវី​ បាននិយាយាថា «​តំណាងរាស្ត្រ​ជាប់ឆ្នោត ដោយសារ​រាស្ត្រ​។ តំណាង​អត់​រាស្ត្រ ជាប់ឆ្នោត ដោយសារ​កែ​ច្បាប់​»​។

​ក្រៅពី​អតីត​ក្រុម​អ្នកនយោបាយ​ខាងលើ​នោះទេ អ្នក​ដែលមាន​និន្នាការ និង​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក ក៏​នាំគ្នា​សម្រុក​បោះពាក្យ​សម្តី​បែប​ឌឺដង​ស្ទើរ​រាល់ថ្ងៃ ទៅ​ឲ្យ​គណបក្ស​ទាំង​៣​​ថែមទៀតផង។​

ទោះជាយ៉ាង គណបក្សទាំង៣ ដែល​ទទួលយក​អាសនៈ​ទាំង៤៤ ដែលបានមកពីការរំលាយគណបក្សសង្រ្គោះ​ជាតិ នៅតែ​អះអាងថា ទង្វើ​របស់​ពួកគេ គឺ​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ ហើយ​ពួកគេ ក៏​បង្ហាញ​ពីការពេញចិត្ត​ ក្នុងការ​ទទួលយក​អាសនៈ​ទាំង​នោះដែរ​។

លោក ឡុង ប៊ុន្នី (ឆ្វេង) និងលោក វ៉ាន សំអឿ ជាអតីតតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ

​នៅ​ថ្ងៃ​ចូល​អង្គុយ​ក្នុង​រដ្ឋសភា ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​ជា​លើកដំបូង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​នាយករដ្ឋមន្ត្រី​ទី​១ បាន​មានបន្ទូល​ទៅកាន់​ក្រុមអ្នកកាសែត​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ទទួលយក ដោយ​រីករាយ​ជាទីបំផុត​»​។

​អាសនៈ​ទាំង​៥៥​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​រដ្ឋសភា ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បែងចែក​ទៅ​ឲ្យ​គណបក្សនានា ក្រោយពេលតុលាការកំពូលបានសម្រេចរំលាយ​ តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃនោះ រួមមាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន៤១​អាសនៈ គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន២​អាសនៈ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ទទួលបាន១​អាសនៈ​។ ដោយ​ឡែក​អាសនៈ​១១​ទៀតរបស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា ទាំងអស់ ដោយសារគណបក្សតូចៗទាំង៣ខាងលើ មិនសំឡេងគ្រប់គ្រាន់។ ដូច្នេះនៅពេលនេះ គណបក្សដែលកំពុងតែកាន់អំណាច នាពេលបច្ចុប្បន្ន មានអាសនៈចំនួន៧៩។

ក្រោយពេលបែងចែកអាសនៈតំណាងរាស្រ្ដរបស់គណបក្សសង្រ្គោះជាតិរួចហើយនោះ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត នឹងយកអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្រ្គោះជាតិ ទៅបែងចែកឲ្យ​គណបក្សនានាដែលបានចូលរូមការបោះឆ្នោត នាពេលកន្លងមក បន្តទៀត៕