ភ្នំពេញ៖ បន្ទាប់ពីតុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងដាក់បម្រាមដល់មន្ត្រីជាន់​ខ្ពស់របស់បក្សនេះ មិនឲ្យធ្វើនយោបាយ រយៈពេល៥នោះមក មន្រ្ដីជាន់ខ្ពស់របស់គណៈ​កម្មាធិការ​​ជាតិរៀបចំការបោះ​ឆ្នោត ហៅកាត់ គជប​ ចំនួន៣រូប​ បានលាឈប់ពីតំណែងរបស់ខ្លួន កាលពីថ្ងៃទី២០ ខែវិច្ឆិកាម្សិលមិញនេះ។ ការលែងតំណែងរបស់មន្ត្រីជាន់ខ្ពស់ទាំងបីនេះ ធ្វើឲ្យគេសង័្សយថា ពួកគាត់អាចនឹងទៅបង្កើតគណ​បក្ស​នយោបាយណាមួយក៏ថាបាន ពីព្រោះពួកគាត់មានសិទ្ធិធ្វើនយោបាយ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ​បានកំណត់។

ប្រភពព័ត៌មានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា មន្រ្ដីជាន់ខ្ពស់របស់គជប ដែលលាលែងពីតំណែងនោះ រួមមាន លោក គួ​យ ប៊ុ​ន​រឿ​ន អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​លោក រ៉ុ​ង ឈុ​ន និង​លោកស្រី តែ ម៉ា​នី​រ៉ុ​ង សមាជិកគ​ជ​ប។ ដោយឡែកសមាជិកម្នាក់ទៀត គឺ​លោក ហ៊ីង ធី​រិ​ទ្ធ បាន​ចុះចូល​ជា​មួយនឹងគណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន​។

យោងតាមពាក្យស្នើសុំលាលែងពីតំណែងរបស់មន្ត្រីជាន់ខ្ពស់គជបទាំង៣រូបខាងលើនេះ បានបញ្ជាក់ពី
មូលហេតុ ​នៅ​ក្នុង​ការ​ដាក់​ពាក្យស្នើសុំលាលែងពីតំណែងនោះថា ដោយសារលោក​ទាំង​៣​នាក់​បើកផ្លូវ​ឲ្យគ​ជ​​ប អនុវត្ត​នូវការ​បែងចែក​អាសនៈ​ នៃ​រដ្ឋសភា​អាណត្តិ​ទី​៥ និង​អាសនៈ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ ឡើង​វិញ។ អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិទាំងនោះ ត្រូវ​បែងចែក​ទៅឲ្យ​គណ​បក្ស​នយោបាយ​ផ្សេងៗ ​ដែល​ពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ជូន។

ដោយឡែក​មតិ​សាធារណជាតិ និង​អន្តរជាតិ​ បានចាត់ទុកថា ការរំលាយបក្សប្រឆាំងដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា មួយនេះ គឺជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត ​បទបញ្ជា និង​នីតិវិធី​ នៃ​ការ​បោះ​ឆ្នោត ​នៅ​ក្នុង​អាណត្តិ​នីមួយ​ៗ ជា​ពិសេស ​ការ​រំលោភ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ ដែល​ពលរដ្ឋ​ពេញចិត្ត​។

ជាមួយគ្នានេះ សមាជិក​គ​ជ​បទាំង​៣រូបខាងលើ បានហៅ​ការ​ដាក់កំហិត​ឲ្យគ​​ជ​​ប បែងចែក​អាសនៈ​ឡើង​វិញនេះថា​ ជា​ការ​ជះ​ឥទ្ធិពល ​ដោយ​ផ្ទាល់​ដល់​ដំណើរការ ​នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ ឆ្នាំ​២០១៨ ដោយមិន​អាច​ធានា​បាន​នូវ​ការ​បោះ​ឆ្នោត​មួយ ប្រកបដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌បានឡើយ។ រីឯ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ​ក៏​មិន​អាច​ទទួលស្គាល់​ពី​ពលរដ្ឋជា​ម្ចាស់​ឆ្នោត ក៏៏ដូចជាភាគី​ពាក់ព័ន្ធ និង​សហគមន៍​អន្តរជាតិបានដែរ​។

ផ្ទុយពីការលើកឡើងខាងលើនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ធានា​ថា ក្រោយ​ពេល​រំលាយ​បក្ស​ប្រឆាំង​រួច​ហើយ សមាជិក​គ​​ជ​ប​ទាំងអស់​ដែល​មក​ពី​កូតា​គណបក្សប្រឆាំង​ នឹង​មិន​ត្រូវ​បាត់បង់​តំណែង​ឡើយ។ មន្រ្ដី​ទាំងនោះ​ គឺជា​អាជ្ញាកណ្ដាល គ្មាន​ជាប់ពាក់ព័ន្ធនឹងគណបក្ស​នយោបាយណាមួយទេ ពីព្រោះពួកគាត់​បាន​ប្រកាស​លាលែង​ពី​គណបក្ស​រួចរាល់អស់​ហើយដែរ​។

នៅ​ក្នុងពាក្យស្នើសុំលាលែងពីតំណែងធ្វើរួមគ្នានោះ គឺមានទាំងស្នាម​មេដៃ​របស់លោក​អនុប្រធានម្នាក់ និង​សមាជិក​គ​​ជ​ប​២រូបផ្សេងទៀត បានអះអាង​ថា ក្នុង​នាម​ជា​អាជ្ញាកណ្ដាល​ សម្រាប់ការរៀបចំ​ការ​បោះ​ឆ្នោត មិន​អាច​នៅ​បន្ត​ធ្វើ​ការងារ ​ក្នុង​ស្ថាប័នគ​​ជ​​ប បានតទៅ​ទៀត​​ឡើយ ពីព្រោះវា​​ក្បត់ទៅនឹងឧត្តម​គតិ និងមនសិការរបស់​ខ្លួន និង​​ក្បត់​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋជា​ម្ចាស់​ឆ្នោត​ ហើយបញ្ហានេះនឹង​នាំ​ឲ្យ​ជាប់​ឈ្មោះ​អាក្រក់ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទៀតផង។

នៅពេលឃើញមន្រ្ដីជាន់ខ្ពស់គជប បានលាលែងពីតំណែងរបស់ខ្លួន បន្ទាប់ពេលតុុលាការកំពូលសម្រេច​សាលដីកាប្រកាសរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងដាក់បម្រាម​ដល់មន្ត្រីជាប់ខ្ពស់របស់គណបក្សប្រឆាំងចំនួន១១៨រូប មិនឲ្យធ្វើសកម្មភាពនយោបាយនោះមក ធ្វើឲ្យគេគិតថា មន្ត្រីគជបដែលលាលែងពីតំណែងរបស់ខ្លួននោះ អាចនឹងទៅបង្កើតគណបក្សប្រឆាំងឡើងវិញ។

មតិខ្លះបានលើកឡើងថា ថ្វីបើតុលាការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ​ ទាំងមានភាពចម្រូង​ចម្រាស ដោយមានទាំងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក​ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៀតផង ហើយករណីនេះ ធ្វើឲ្យមតិមួយចំនួនលើកឡើងថា នេះមិនខុសគ្នាពីចកនៅក្នុង​ស្រះនោះទេ បើទោះជាបំបែកឲ្យបែកខ្ញាក់យ៉ាងណាក្ដី ក៏សារធាតុរបស់វានឹងរត់ចូលគ្នាវិញដដែល។ យ៉ាង​ណា​មិញ សម្រាប់គណបក្សប្រឆាំងមួយនេះ ក្រោយពេលតុលាការរំលាយគណបក្សសង្គ្រោះជាតិរួចហើយក្ដី ក៏សមាជិករបស់បក្សនេះ អាចនឹងបង្កើតថ្មីឡើងវិញ ហើយនៅតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋដដែល។ ប៉ុុន្តែវាគ្រាន់តែបង្កឲ្យផលវិបាកយ៉ាងខ្លាំង សម្រាប់គណបក្សប្រឆាំងមួយនេះតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា មន្ត្រីជាន់ខ្ពស់របស់គជបទាំង៣រូបនេះ បន្ទាប់ពីចាកចេញពីតំណែងគជប នោះ ពួកគាត់អាចនឹងទៅបង្កើតបក្សនយោបាយថ្មី ឬយ៉ាងណានោះទេ ពីព្រោះ KBN មិនអាចទាក់ទងសុំ​ការ​បំភ្លឺបាន នៅរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ៕