ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូឌុបមិត្តភក្ដិម្នាក់ សង្ស័យមកពីលេងផ្ទះគូដណ្តឹងនៅខេត្តកំពង់​ចាម ធ្វើដំណើរមកដល់លើស្ពានលីយ៉ុងផាត់ ត្រូវរថយន្តឡិចស៊ីស មួយគ្រឿងបើកលឿន ជែងរថយន្តមួយគ្រឿងទៀត ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ដែលករណីនេះបានកើតឡើង​កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចខាងលើស្ពានលីយ៉ុងផាត់ ស្ថិតក្នុងភូមិកណ្កាល់ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

ជនរងគ្រោះ​ដែលបានស្លាប់ នៅកន្លែងកើតហេតុមានឈ្មោះ ខួច ចាន់ ភេទប្រុស អាយុ ២១ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រែកស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិវត្តក្តី ឃុំវាលប៉ូង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ​ជាអ្នកបើក​ម៉ូតូ​ ។ ចំណែកឯបុរសរងគ្រោះ ​រងរបួសធ្ងន់ មិនបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា មានស្រុកកំណើតទៅខេត្តកំពង់ចាម ​ជាអ្នកអង្គុយពីក្រោយ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើក​រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ឡិចស៊ីស LX570 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2AS-0002 ​ធ្វើដំណើរមកដល់លើស្ពានលីយ៉ុងផាត់ ក្នុងទិសដៅចេញពី​ខេត្ត ឆ្ពោះចូលទៅក្នុងទីក្រុងភ្នំពេញ ​បើកបរក្នុងល្បឿនយ៉ាងលឿន ។

លុះមកដល់ចំណុចកើតហេតុ ក៏បានបើកព្យាយាមវ៉ាជែងខាងឆ្វេង រថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ហើយក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FY-0047 ដែលបើកបរដោយបុរសរងគ្រោះទាំងពីរនាក់ខាងលើ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ចំពីមុខពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ ដែលជាអ្នកបើក​ម៉ូតូ ខ្ទាតបោកទៅនឹងបង្កាន់ដៃស្ពាន បាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបុរសដែលជាអ្នកអង្គុយពីក្រោយ រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

រីឯម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯរថយន្តបង្ករ ងការខូចខាតបែកចង្កៀង និងកាងផ្នែកខាងមុខចំហៀងខាងស្តាំ ភ្លាមៗនោះអ្នកបើកបររថយន្ត បានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ គេសង្កេតឃើញថា នៅក្នុងរថយន្តបង្កខាងលើ មានឯកសណ្ឋានមន្ត្រីនគរបាលមួយកំផ្លេរ នៅក្នុងរថយន្តផងដែរ ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងបានស្រាវជ្រាវទាក់ទងរកសាច់ញាតិរបស់ជនរងគ្រោះ ​ពេលដែលបងស្រីរបស់​ជនរងគ្រោះខាងលើ បានមកដល់កន្លែងកើតហេតុ នាងបានស្រែកទ្រហោយំឱបសពប្អូនប្រុស របស់ខ្លួន​ គួរឱ្យអណោចអាធ័ម ។

បើតាមការបញ្ជាក់ពីបងស្រីរបស់ជនរងគ្រោះ ដែលបានស្លាប់នៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើហេតុ ជនរងគ្រោះដែលជាប្អូនប្រុស រួមទាំងមិត្តភក្តិម្នាក់ទៀត បានទៅសុំលុយពីរូបនាងចំនួន ២០ដុល្លារ ដើម្បីទៅលេងផ្ទះនៅឯខេត្តកំពង់ស្ពឺ ហើយរូបនាងក៏បានឱ្យទៅប្អូនប្រុស ហើយជនរងគ្រោះ ក៏បានជិះចេញទៅ តែ​ជនរងគ្រោះមិនមែនទៅផ្ទះនៅឯស្រុកកំណើតនោះទេ សង្ស័យជិះទៅលេងផ្ទះគូបណ្តឹង នៅឯខេត្តកំពង់ចាម ហើយទើបបានជាជនរងគ្រោះ ជិះម៉ូតូឆ្លងស្ពានលីយ៉ុងផាត់ដូចនេះ ​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងហៅនគរបាលចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង យកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ ។ ដោយឡែកសពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅសាច់ញាតិ ក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ ទៅតាមប្រពៃណី នៅឯខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើត ៕