ភ្នំពេញ៖​ រថយន្តមួយគ្រឿង ម៉ាកតូយ៉ាតាព្រូស បើកបរក្នុងស្ថានភាពស្រវឹង រេចង្កូតទៅបុក ម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ខណៈពេលសមត្ថកិច្ចកំពុងតែវាស់​វែង ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើមិនទាន់ចប់ផង ​ស្រាប់តែមានបុរស ២​នាក់ទៀត ជិះម៉ូតូ​បុកម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក បណ្តាលឱ្យដួលរងរបួសស្រាល និងជ្រុះដាវសាំម៉ូរ៉ៃកែច្នៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ទាំង ២នាក់តែម្ដង ដែល​ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១​យប់ ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចដើមពោធិ៍ទន្លេសាប ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

​សាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៦ ស្លាកលេខ ភ្នំពេញ 1FY-9294​ធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីជើងទៅត្បូង ចំណែករថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាព្រូស ពណ៌សលាយខ្មៅ ​ពាក់ស្លាកលេខ ភ្នំពេញ 2Y-0615 បើកបរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចគ្នា ។

លុះមកដល់ចំណុចកើតហេតុ រថយន្តបានបុកម៉ូតូ​ពេញ​ទំហឹង ​ធ្វើឱ្យម្ចាស់ម៉ូតូ រងរបួសធ្ងន់បែកក្បាល ហូរឈាមត្រូវបានរថយន្តសង្គ្រោះគ្លីនិកពន្លឺ ​ដឹកយក​ទៅ​ព្យាបាល ​ចំនែកឯម៉ូតូវិញ ខូចខាតខ្ទេចមួយកំណាត់ខាងមុខ បាក់ក្បាំងខាងឆ្វេង រីឯរថយន្តរងការខូចខាតខ្ទេចអស់មួយកំណាត់មុខដូចគ្នា ។ ភ្លាមៗនោះដែរ ម្ចាស់រថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគរបាល វត្តភ្នំរង់ចាំប្រគល់ឱ្យនគរបាល​ការិយា​ល័យផ្លូវ​គោកយកទៅដោះស្រាយ ។

ក្រោយពេលកើតហេតុប្រមាណ​កន្លះម៉ោង ចរាចរណ៍ខាងលើ មិនទាន់ចប់រួចរាល់ផង ស្រាប់​តែមានបុរស ២នាក់ ស្រវឹងស្រាជិះម៉ូតូម៉ាក Zoomer-X ពណ៌ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ​1GI-8287 ធ្វើដំណើរមកតាម បណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅជើងទៅត្បូង បើកល្បឿនលឿន រេពេញផ្លូវ ទៅបុកនិងម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាកជិះគ្នា ២នាក់ បណ្តាល​
ឱ្យរងរបួសស្រាល ស្រាប់តែធ្លាក់ដាវសាំម៉ូរៃកែច្នៃ ចេញពីក្នុងកែបម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបុរសទាំង ២នាក់ ដែល​មានឈ្មោះ លា រីមសាត ភេទប្រុស អាយុ ២៧ឆ្នាំ ​មុខរបរអ្នកបើកទូកទេសចរណ៍ ស្នាក់នៅផ្ទះជួល ផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ និងទី២ មានឈ្មោះ សេស វិចិត្រ អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ17A សង្កាត់ចតុមុខ ខណ្ឌដូនពេញយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ២នាក់បាន​​ប្រាប់សមត្ថកិច្ចថា ដាវសាំម៉ូរៃនេះ គឺខ្លួនជាអ្នករើសបានតាមផ្លូវនោះទេ ហើយយកមកទុកការពារខ្លួនតែប៉ុណ្ណោះ មិនមានបំណងយកទៅធ្វើសកម្មភាពអីនោះឡើយ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះរងរបួសស្រាល ពេលកើតហេតុភ្លាមៗ បានលើកម៉ូតូជិះចេញទៅបាត់ នៅសល់តែបុរសដែលមានដាវ​កែច្នៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាង​សំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញចាត់ការតាមច្បាប់ ៕