ភ្នំពេញ៖​ បុរសម្នាក់ឌុបសង្សារចេញពីក្លឹប ឈប់ម៉ូតូរង់ចាំ មិត្តភក្ដិត្រូវបានជនសង្ស័យមួយក្រុម ធ្វើ​សកម្មភាពភ្ជង់ប្លន់យកម៉ូតូ និងកាបូបលុយរបស់នារីជាសង្សារ ទៅបាត់ដោយសុវត្ថិ​ភាព បង្កអោយមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខវត្តឥដ្ឋបុរី តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនរងគ្រោះ​មានឈ្មោះ យ៉ង់ សូវៀត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរចុងភៅនៅហាងផឹកស៊ីមួយកន្លែង ស្នាក់នៅកន្លែងធ្វើការម្តុំអង់តែនទួលគោក សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិព្រែកជីហាយ ស្រុកកោះធំ ខេត្តកណ្តាល និងជនរងគ្រោះ​ជា​សង្សារមានឈ្មោះ នៅ សុវណ្ណារត័ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរមេការនៅខារ៉ាអូខេបេស្តារ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បាអំពៅ ខណ្ឌច្បាប់អំពៅ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានរៀបរាប់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំងពីរនាក់ រួមទាំងមិត្តភក្តី ប្រុសស្រី ៧នាក់ទៀត ជិះម៉ូតូ ៣គ្រឿង បានទៅរាំលេងនៅក្លឹបកំសាន្តយីហោ រីលុច្ស ​នៅម្តុំផ្សារស៊ិនជូរី ។

លុះដល់វេលាកើតហេតុ រូបគេបានចេញពីក្លឹប ​ក្នុងបំណងជូន​សង្សារទៅផ្ទះវិញ ដោយជិះម៉ូតូម៉ាក ​និក ពណ៌ស មិនសូវចាំផ្លាកលេខ គ្រាន់តែដឹងថា ៥៩២៦ តាមបណ្តោយផ្លូវសហពន្ធរុស្ស៉ី ក្នុងទិសដៅពីលិចទៅកើត ។

លុះមកដល់ចំណុចកើតហេតុ ក៏ឈប់រងចាំមិត្តភក្ដី ដែលជិះមកតាមក្រោយ ខណៈពេលនោះ ស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នា ៧នាក់ ជិះម៉ូតូ ៣គ្រឿង មួយគ្រឿងម៉ាកហុងដាឌ្រីម ​ម៉ាកលែត និងមួយគ្រឿងទៀតម៉ាកស្កុបពី បានជិះមកពីក្រោយ ហើយជនសង្ស័យដែលជិះម៉ូតូម៉ាកហុងដាឌ្រីម បានធ្វើសកម្មភាពដកកាំភ្លើងខ្លីមួយដើម ភ្ជង់ប្លន់យកម៉ូតូ និងកាបូបស្ពាយរបស់ជនរងគ្រោះ បានសម្រេចរួច ក្រុមជនសង្ស័យក៏ជិះរត់គេចខ្លួន បាត់​ដោយសុវត្ថិភាព ។

ជនរងគ្រោះបានឱ្យដឹងថា នៅក្នុងកាបូបរបស់នារីរងគ្រោះ ដែលត្រូវក្រុមជនសង្ស័យប្លន់យកទៅ មានលុយចំនួន ៣ម៉ឺនរៀល និងគ្រឿងផាត់មុខមួយចំនួន ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍គនរបាលរដ្ឋបាលទឹកថ្លា ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវ រកជនសង្ស័យយកទៅដាក់ទោសទៅតាមផ្លូវច្បាប់ ៕​