ភ្នំពេញ៖ បវរកញ្ញាមកពីបណ្ដាប្រទេសនានា ចំនួន​៦៥​ប្រទេស មកពីជុំវិញពិភពលោក កំពុងស្នាក់​នៅ​ក្នុងរាជធានីភ្នំពេញ ដើម្បី​ត្រៀម​ចូល​រួម​ប្រឡង​បវរ​កញ្ញា​ពិភព​លោក Miss Global International ឆ្នាំ​២០១៧ នៅក្នុុង​កម្ពុជា។

នៅក្នុងពេលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ កញ្ញា យន់ ផូលីណា កូន​ខ្មែរ​កើត​នៅលើទឹក​ដីសហរដ្ឋ​អាមេរិក នឹងធ្វើ​ជា​អ្នក​តំណាង​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​ប្រកួត​បវរ​កញ្ញា​ពិភព​លោក ដែល​សហការ​រៀប​ចំឡើង ​ដោយ​ក្រសួង​ទេសចរណ៍ និង​ក្រសួង​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា​។

ការ​រៀប​ចំ​ការ​ប្រកួត​បវរ​កញ្ញា​ពិភព​លោក​ឬ Miss Global International នា​រដូវ​កាល​ទី​៥ ​ឆ្នាំ​២០១៧​នេះ Miss Global បង្កើត​ឡើង ​ដោយ​សហរដ្ឋ​អាមេរិក ​នៅ​ឆ្នាំ​២០១៣ ហើយ​កម្ពុជា ​គឺ​ជា​ប្រទេស​ទី​៣ ដែល​ទទួល​រៀប​ចំ​ការ​ប្រកួត​នេះ បន្ទាប់​ពី​លើក​ទី​១​ និង​លើក​ទី​២​រៀប​ចំ នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក និង​​​លើក​ទី​៣ ​និង​ទី​៤ រៀប​ចំ​ធ្វើ​ឡើង នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

មុន​ការ​ប្រកួត​ចាប់​ផ្ដើមនោះ ក្រសួង​បរិស្ថាន​ដែល​អ្នក​ចូល​រួម​រៀប​ចំ​ការ​ប្រកួត​ប្រឡង​បវរ​កញ្ញា​នេះ បាន​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​​របស់​បវរ​កញ្ញា​ពិភព​លោក​ទាំង​៦៥​ប្រទេស ទៅ​កាន់​ខេត្ត​ត្បូង​ឃ្មុំ។ នៅ​ទី​នោះ បវរ​កញ្ញា​ទាំង​៦៥​ប្រទេស បាន​ចូល​រួម​ពិធី​ដាំ​ដើម​ឈើ​ ប្រមាណ​ជា​១​ម៉ឺន​ដើម ដើម្បី​ទុក​ជា​ការ​ចង់​ចាំ និង ដើម្បី​​បង្ហាញ​ថា កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​ឈ្មោះ​ល្អ ក្នុង​វិស័យ​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ ដោយ​មាន​ជីវ​ចម្រុះ​សម្បូរ​បែប។

កញ្ញា យន់ ផូលីណា មាន​អាយុ​២៥​ឆ្នាំ គឺ​ជា​បេក្ខនារី​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ក្នុងការចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​បវរ​កញ្ញា​មក​ពី​​ប្រទេស​ផ្សេង​ទៀតចំនួន៦៤ ហើយនាង​​ជា​កូន​ខ្មែរ ​កើត​ និង​រស់​នៅ​ក្នុង​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ​សហរដ្ឋ​អាមេរិក។ នាង​ត្រូវ​បាន គេ​កត់​សម្គាល់​ថា មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ទាំង​ចំណេះ​ដឹង​ភាសា​បរទេស បូក​រួម​ទាំង​រូប​សម្បត្តិ​គ្រប់​គ្រាន់ សម្រាប់​ការ​ប្រកួត​ប្រជែង​បវរ​កញ្ញា Miss Global International នាឆ្នាំ​២០១៧​នេះ។

លោក ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ នៃប្រទេសកម្ពុជា បាន​លើក​ឡើង​ថា តាម​រយៈ​កម្មវិធី​នេះ កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​នូវការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ទាំង​វប្បធម៌ ​និង​អរិយធម៌​របស់​ប្រទេសកម្ពុជា។

គួរ​ជម្រាប​​ថា ថ្មីៗ​នេះ​ កម្ពុជា​បាន​បញ្ជូន​បេក្ខភាព​ទៅ​ចូល​រួម​កម្មវិធី​ធំៗ​ចំនួន​៤ ​រួម​មាន បវរ​កញ្ញា​ចក្រ វាឡ បវរ​កញ្ញា​អន្តរជាតិ បវរ​កញ្ញា​ផែន​ដី និង​បវរ​កញ្ញា​ពិភព​លោក​​តែ​ម្ដង ហើយការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ​នឹង​​ធ្វើ​ឡើង​នៅ​រាត្រី ថ្ងៃ​ទី​១៧​វិច្ឆិកា នៅ​ឯ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ តាម​កញ្ចក់​ទូរទស្សន៍ ​ក្នុង​ស្រុក​ទៀតផង៕