ស្រុកព្រៃនប់៖ រថយន្តហាយឡែនដឺរមួយគ្រឿង បានបើកវ៉ាគ្នា ក៏ជ្រុលចង្កូតទៅចូលក្រោមរថយន្តធុនធំ បុកសំប៉ែតដូចចេកចៀន បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១ និង២៥នាទីរសៀល នៅថ្ងៃទី​៣០ តុលា​​​ ឆ្នាំ​២០១៧ នៅលើផ្លូវ​ជាតិ​លេខ​៤ ត្រង់ចន្លោះ​គីឡូម៉ែត្រ​១៦១-១៦២ ស្ថិត​ក្នុង​ភូមិ​តានៃ ឃុំតានៃ​ ស្រុក​ព្រៃនប់​​។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡែនដឺរ (HIGHLANDER) ពណ៌ទឹកប្រាក់១គ្រឿង បោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពី​ខេត្ត​ព្រះសីហនុ​ឆ្ពោះ​ទៅ​កាន់រាជធានីភ្នំពេញ​ បញ្រ្ចាសទិសគ្នាជាមួយនឹង​រថយន្ត​ធុនធំដឹកខ្សាច់មួយគ្រឿង ម៉ាកនីស្សាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-0155។ លុះពេលរថយន្តហាយឡែនដឺរបើកមកដល់ចំណុចកើតហេតុ អ្នកបើកបរក៏បានបន្ថែមល្បឿនឡើងជែងនឹងរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក និងស្លាកលេខ ក៏ជ្រុលចូលទៅចំណែកផ្លូវរបស់រថយន្តដឹកខ្សាច់ បុកសំប៉ែតដូចចេកចៀន បណ្ដាលឲ្យអ្នកនៅក្នុងរថយន្តនោះ រងរបួសធ្ងន់២នាក់។ ឃើញហេតុការណ៍ដ៏រន្ធត់បែបនេះ អ្នកបើករថយន្តដឹកខ្សាច់ បាន​បើក​ទ្វារលោតចុះរត់គេចខ្លួនបាត់ស្រមោល។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនអ្នករងរបួសទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ នៅឯរាជធានីភ្នំពេញ។ ដោយឡែករថយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ចវាស់វែង និងស្ទូចយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕