ខេត្តកំពង់ឆ្នាំង៖ រថយន្តមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន រេចង្កូតទៅបុកម៉ូតូពេញទំហឹង ខ្ទាតអ្នកបើកបោក​ នឹងថ្នល់ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័មមួយរំពេច ហើយរថយន្តបានរេចង្កូតខុសផ្លូវធ្លាក់ចូលទឹក កាលពីវេលាម៉ោង១២ និង៤៥នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅលើដងផ្លូវជាតិលេខ៥ ត្រង់ចន្លោះឡូម៉ែត៤០-៤១ ស្ថិតក្នុងភូមិជន្លាត់​ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកសៀនណា (Sienna) ពណ៌ទឹកប្រាក់ពាក់លេខ 2S-4840 តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលរថយន្តបើកមកដល់ ចំណុចកើត​ហេតុ ក៏ជ្រុលចង្កូតទៅបុក ម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបេីកបរម៉ូតូ ស្លាប់យ៉ាងអណោចអធ័មមួយរំពេច ហើយរថយន្តបង្កបាន រេចង្កូតខុសផ្លូវ ធ្លាក់ចូលទឹក។ ឃើញហេតុការណ៍បែបនេះ អ្នកបើករថយន្តបង្ក បានរត់គេចខ្លួន បាត់ស្រមោល។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយ បានឲ្យដឹងថា អ្នកបើកបរម៉ូតូ មិនទាន់មានអ្នកណាម្នាក់ស្គាល់ពីអត្តសញ្ញាណ​នៅ​ឡើយ។ ដូច្នេះបើបងប្អូនណា បានស្គាល់ភិនភាគដូចខាងលើនេះ សូមទាក់ទងព័ត៌មានបន្ថែម តាមរយៈទូរស័ព្ទលេខ 012783991 / 0883119167។ ចំណែករថយន្តត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាល ដើម្បីរង់ចាំ​ដោះស្រាយ នាពេលក្រោយ៕